ភ្នំពេញ៖ បន្ទាប់ពីផ្លូវ ៦០ ម៉ែត្រឬមហាវិថីសម្តេចហ៊ុន សែន បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គម្រោងវិនិយោគដូចជាផ្សារទំនើប អគារពាណិជ្ជកម្ម និងសំណង់លំនៅឋានជាច្រើន បានទៅអភិវឌ្ឍន៍នៅតំបន់នោះជាបន្តបន្ទាប់ ដែលធ្វើឱ្យទីតាំងដីសំខាន់ៗនៅតាមបណ្តោយផ្លូវ ៦០ ម៉ែត្រមានតម្លៃកើនដល់ជិត ៥ដង បើធៀបនឹងបីឆ្នាំមុន។
តាមទិន្ន័យរបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំសាខាខណ្ឌដង្កោ បានឱ្យដឹងថា ទីតាំងដីធ្លីសំខាន់ៗស្ថិតនៅតាមបណ្តោយផ្លូវ ៦០ ម៉ែត្រកាលពីចុងឆ្នាំ២០១៦ និងឆ្នាំ ២០១៧ មានតម្លៃចន្លោះពី ៥៥០ ដុល្លារទៅ ៦០០ ដុល្លារ។ តម្លៃដីនេះបានកើនដល់ចន្លោះពី ១ ៨០០ ដុល្លារទៅ ២ ៦០០ ដុល្លារក្នុងមួយម៉ែត្រការ៉េនាពេលបច្ចុប្បន្ន ដែលបានកើនដល់ជិត ៥ដងបើធៀបនឹងឆ្នំា២០១៧។
តម្លៃនេះគឺអាស្រ័យលើទំហំ និងសម្រាប់ទីតាំងដីដែលដែលចេញពីចំនុចផ្លូវ ២៧១ បត់ចូលតាមបណ្តោយផ្លូវ ៦០ ម៉ែត្ររហូតដល់ស្តុបបំបែកបត់ទៅតាមផ្លូវ ៥០ ម៉ែត្រ។

ផ្លូវ ៦០ ម៉ែត្រ៖ រូបភាព៖ Z1 News
ផ្លូវ ៦០ម៉ែត្រ ត្រូវបានបើកឱ្យចរាចរណ៍កាលពីខែ មេសា ឆ្នាំ ២០១៧ ដោយឆ្លងកាត់សង្កាត់ចំនួនបី គឺសង្កាត់ចាក់អង្រែលើ និងចាក់អង្រែក្រោមក្នុងខណ្ឌមានជ័យ និងសង្កាត់ជើងឯកក្នុងខណ្ឌដង្កោ។ កាលពីខែតុលា ឆ្នាំ២០២០ ផ្សារទំនើប AEON Mall ទី៣ បានបើកការដ្ឋានសាងសង់នៅតាមបណ្តោយមហាវិថីដ៏ធំមួយនេះ ហើយរំពឹងបើកដំណើរការនៅឆ្នាំ ២០២២ ខាងមុខ។ ជាមួយគ្នានេះ គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកជាច្រើនផ្សេងទៀតក៏កំពុងអភិវឌ្ឍន៍ក្នុងតំបន់នេះផងដែរដូចជា គម្រោងបុរី និងផ្សារទំនើបរបស់ក្រុមហ៊ុន បុរីប៉េង ហួត, ក្រុមហ៊ុនជីប ម៉ុង, គម្រោងអភិវឌ្ឍន៍ចម្រុះរបស់ក្រុមហ៊ុនចិន R&F, គម្រោងបុរីវីឡា Woodland Residence, គម្រោងខុនដូ Lingnan Garden និងគម្រោងខុនដូ Urban Village ជាដើម។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ សម្តេចហ៊ុន សែន បានមានប្រសាសន៍ អំពីការវិវឌ្ឍរបស់រាជធានីភ្នំពេញ ជាពិសេសតំបន់ផ្លូវ ៦០ ម៉ែត្រ ដែលកំពុងក្លាយជាទីក្រុងថ្មីដ៏គួរឱ្យទាក់ទាញ។
សម្តេចមានប្រសាសន៍ថា៖ «ឥឡូវភាគខាងត្បូងផ្លូវ៦០ម៉ែត្រហ្នឹងទៅ ជាទីក្រុងមួយថ្មីហើយ។ ភាគខាងជើង ក៏រីក ភាគខាងត្បូងក៏រីក ខាងលិចក៍រីក បន្តិចទៀតទៅខាងអរិយក្សត្រក៏រីកដែរ»។
អ្នកស្រី ម៉ាន់ កណិកា ប្រធានសាខារបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌដង្កោ រំពឹងថា តម្លៃដីនៅខណ្ឌនេះ ជាពិសេសនៅតាមបណ្តោយផ្លូវ ៦០ ម៉ែត្រ នឹងមានការកើនឡើងក្នុងកម្រិតខ្ពស់ចន្លោះពី ៥០ ទៅ ១០០ ភាគរយបន្ទាប់ពីផ្សារទំនើប AEON Mall ទី៣ បើកដំណើរការនាពេលខាងមុខ។
អ្នកស្រីបានឱ្យដឹងថា៖ «វត្តមានផ្សារទំនើបមួយនេះនឹងបង្កើតឱ្យមានបរិយាកាសរស់នៅ និងចរន្តសេដ្ឋកិច្ចអ៊ូអរជាង ស្របពេលដែលគម្រោងអភិវឌ្ឍន៍លំនៅឋានធំៗ និងផ្សារទំនើបផ្សេងៗទៀតកំពុងអភិវឌ្ឍនៅតំបន់នេះ»។
ទិន្ន័យពីក្រុមហ៊ុន Z1 Data Co., LTD (Cambodia) ដែលជាក្រុមហ៊ុនស្រាវជ្រាវ និងវិភាគទិន្នន័យក្នុងវិស័យអចលនទ្រព្យ បានបង្ហាញថា ខណ្ឌដង្កោ មានចំនួនផ្ទះជាប់ដី (ផ្ទះល្វែង ផ្ទះវីឡា…មិនរាប់ខុនដូ) ច្រើនជាងគេបន្ទាប់ពីខណ្ឌពោធិ៍សែនជ័យ។ គិតត្រឹមដំណាច់ឆ្នាំ២០២០ ខណ្ឌពោធិ៍សែនជ័យមានលំនៅឋានចំនួន ៤៨ ៥១៦ខ្នង ហើយបន្ទាប់មកគឺខណ្ឌដង្កោមានចំនួន ៣៥ ៣៨៧ ខ្នង។ (អានបន្ថែម)
តាមការសិក្សារបស់ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ Vtrust Appraisal បានព្យាករណ៍ថា ការផ្គត់ផ្គង់លំនៅឋាននៅខណ្ឌដង្កោនឹងកើនដល់ ៩៨ ០០០ ខ្នង ស្របពេលដែលទីតាំងសម្រាប់អាជីវកម្មលក់រាយ (retail space)ក្នុងខណ្ឌនេះ នឹងមានផ្ទៃក្រឡាកើនដល់ ៩០ ០០០ ម៉ែត្រការ៉េនៅឆ្នាំ២០៣០។

តំបន់ផ្លូវ ៦០ ម៉ែត្រ។ រូបភាព៖ Google Earth