ភ្នាក់ងារអចលនទ្រព្យជនជាតិសិង្ហបុរីមួយរូបដែលប្រកបអាជីពក្នុងវិស័យនេះទំាងដែលមានការរារាំងពីឪពុក-ម្តាយ បានក្លាយជាសេដ្ឋីប្រាក់លានត្រឹមមួយប៉ប្រិចភ្នែក បន្ទាប់ពីបានលក់ខុនដូ Penthouse មួយកន្លែងនៅតំបន់ Le Nouvel Ardmore ក្នុងតម្លៃ ៥១ លានដុល្លារ។
ការសម្រេចការទិញលក់នេះបានធ្វើឲ្យកញ្ញា Shirley Seng ដែលជាភ្នាក់ងារអចលនទ្រព្យវ័យ ២៦ឆ្នាំ (នាពេលនោះឆ្នាំ ២០១៥) របស់ក្រុមហ៊ុនអចលនទ្រព្យ PropNex មានមូលដ្ឋាននៅសិង្ហបុរី ទទួលបានកម្រៃជើងសារពីការ Close Deal រហូតដល់ទៅ ១,៥ លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានសឹង្ហបុរី The Straits Time.
ការលក់ផ្ទះក្នុងតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់នេះត្រូវចាត់ទុកថាជាកំណត់ត្រាខ្ពស់បំផុតមួយសម្រាប់ប្រភេទផ្ទះ Penthouse នៅសិង្ហបុរី ហើយអ្នកដែលទិញផ្ទះនេះគឺលោក Sun Tongyu សហស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្មតាមអនឡាញដ៏ធំរបស់ចិនគឺក្រុមហ៊ុន Alibaba។ លោក Sun គឺជាអ្នករស់នៅជាអចិន្ត្រៃយ៍នៅក្នុងប្រទេសសិង្ហបុរី។

អគារខុនដូដែលមាន ៤៣ យូនីត ដែលក្នុងនោះមានខុនដូមួយយូនីត គឺ Shirley Seng សម្រេចការលក់ទៅឲ្យលោក លោក Sun Tongyu សហស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្មតាមអនឡាញដ៏ធំរបស់ចិនគឺក្រុមហ៊ុន Alibaba។
ទោះបីជាការ Close Deal អចលនទ្រព្យនេះមួយ បានធ្វើឲ្យជីវិតកញ្ញា Shirley ហាក់មានការផ្លាស់ប្តូរទាំងស្រុងក៏ដោយ តែ Shirly បញ្ជាក់ថានាងនៅបន្តធ្វើការងារនេះតទៅទៀត។ កញ្ញា Shirely មិនបានបន្ថយការខំប្រឹងប្រែងចំពោះការលក់អចលនទ្រព្យឡើយដោយរូបនាងបានសម្រេចប្រតិបត្តិការទិញ លក់ ជាបន្តបន្ទាប់ ហើយមានការបញ្ជាក់ថា កញ្ញា Seng Shirley រកចំណូលពីកម្រៃជើងសារដល់ទៅជាង ១,៧ លានដុល្លារត្រឹមតែរយៈពេល ៤ ខែធ្វើការជាមួយក្រុមហ៊ុន PropNex ដោយ Close Deal បាន ៥៣។
កញ្ញា Shirley បាននិយាយថា៖«ការសម្រេចការទិញលក់នេះមួយបានផ្តល់លុយយ៉ាងច្រើនសន្ធឹកសន្ទាប់ដល់រូបខ្ញុំ ប្រៀបដូចឈ្នះឆ្នោតរង្វាន់ធំអ៊ីចឹង។ ប៉ុន្តែនេះជាអាជីពដ៏យូរអង្វែងមួយសម្រាប់ជីវិតរបស់ខ្ញុំ ប្រសិនបើខ្ញុំឈប់សម្រាកយូរ ខ្ញុំនឹងអាចបាត់បង់អតិថិជននៅពេលខ្ញុំត្រឡប់មកវិញ»។
Shirely នៅតែស្នាក់នៅក្នុងបន្ទប់មួយនៅផ្ទះមួយនៅ Serangoon ដែលជាកន្លែងដែលនាងរស់នៅជាមួយឪពុកម្តាយ ជីដូនជីតា បងប្អូនស្រីពីរនាក់ និងសាច់ញាតិបួននាក់ទៀត រួមទាំងអ្នកបម្រើម្នាក់។ នាងបានទិញឡាន Volkswagen MPV 7 កៅអីមួយគ្រឿងដើម្បីឱ្យតាយាយរបស់នាងអាចធ្វើដំណើរបានស្រួលជាងមុនដោយ Shirley បញ្ជាក់ថា៖«ពួកគាត់បានផ្គត់ផ្គង់គ្រួសារខ្ញុំអស់រយៈពេលជាច្រើនឆ្នាំមកហើយ ព្រោះថាឪពុករបស់ខ្ញុំមានជំងឺហើយមិនអាចធ្វើការបាន។ ម្តាយរបស់ខ្ញុំគឺជាស្ត្រីមេផ្ទះ»។

Shirley Seng ភ្នាក់ងារអចលនទ្រព្យដែលរកកម្រៃជើងសារបាន ១,៧ លានដុល្លារត្រឹម៤ខែ
កាលដំបូងឡើយ គ្រួសាររបស់ Shirley មិនបានលើកទឹកចិត្តឲ្យប្រកបអាជីពជាភ្នាក់ងារអចលនទ្រព្យទេ ព្រោះពួកគេគិតថា Shirley នៅក្មេងហើយប្រឈមបញ្ហាដោយសារមិនមានបណ្តាញទំនាក់ទំនងជាមួយអតិថិជននៅក្នុងអាជីពអចលទ្រព្យនេះឡើយ។
Shirley បញ្ជាក់ថា៖«ពួកគាត់បានប្រាប់ខ្ញុំថា មិត្តភក្តិរបស់ពួកគាត់ធ្លាប់ធ្វើជាភ្នាក់ងារដែរ ហើយមិនបានជោគជ័យទេ អ៊ីចឹងពួកគាត់បានណែនាំឲ្យខ្ញុំរកការងារណាដែលមានប្រាក់ចំណូលទៀងទាត់វិញ។ ពេលនោះ ជីតារបស់ខ្ញុំថែមទាំងជំរុញឲ្យចូលរៀនថ្នាក់បរិញ្ញាប័ត្រនៅសាកលវិទ្យាល័យគ្រប់គ្រងនៃសឹង្ហបុរី ទៀតផង»។ នាងបន្តថា៖«ប៉ុន្តែខ្ញុំប្រាប់ខ្លួនឯងថា ខ្ញុំនឹងសាកល្បងសិនហើយបើក្នុងរយៈពេលមួយឆ្នាំ ខ្ញុំមិនអាចធ្វើវាបាន ខ្ញុំនឹងទៅរៀនបន្តវិញ»។
Shirley ចាប់ផ្តើមអាជីពនេះដំបូងជាមួយក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ HSR បាន៤ខែ មុនពេលនាងប្តូរទៅក្រុមហ៊ុន ERA ដែលនាងបានធ្វើការនៅទីនោះអស់រយៈពេល ៤ ឆ្នាំ។
Shirley និយាយថា នាងបានចាប់ផ្តើមបង្កើតបណ្តាញទំនាក់ទំនងជាមួយអ្នកមានៗ តាមរយៈការជួយពួកគេដាក់ជួលអាផាតមិន ជាពិសេសអ្នកដែលរស់នៅក្នុងតំបន់ Marina Bay និង Orchard ។ លោក Sun Tongyu ដែលជាអ្នកទិញផ្ទះតម្លៃ ៥១ លានដុល្លារខាងលើ ក៏ជាមនុស្សដែល Shirley បានស្គាល់តាមរយៈការណែនាំពីអតិថិជនរបស់នាងដែលរស់នៅតំបន់ Marina Bay Residence ដែលនាងធ្លាប់ធ្វើការឲ្យផងដែរ។
គន្លឹះសំខាន់មួយដែលនាងអនុវត្តក្នុងការទំនាក់ទំនងជាមួយអតិថិជនជាអ្នកមានគឺភាពរហ័សរហួន។ នាងបាននិយាយថា៖«ឆ្លើយតបវិញឲ្យលឿនរហ័សមានសារៈសំខាន់ណាស់។ ខ្ញុំតែងតែព្យាយាមទាក់ទងទៅអតិថិជនត្រឹមតែរយៈពេលមួយម៉ោងទៅពីរម៉ោងប៉ុណ្ណោះ។ ខ្ញុំចង់អោយអតិថិជនមានអារម្មណ៍ថាពួកគេគឺជាអាទិភាពរបស់ខ្ញុំ»។
កញ្ញា Shirley ដែលជិះរថយន្តម៉ាក Audi A4 និយាយថានាងតែងធ្វើដំណើរផ្លូវឆ្ងាយដើម្បីទៅជួបអតិថិជន ពេលខ្លះក៏ដើម្បីទៅយកពួកគេ ឬ ក៏ជូនពួកគេទៅកន្លែងដែលពួកគេចង់ទៅ។ ពេលខ្លះទៀត នាងកំដរពួកគេដើរផ្សារទៀតក៏មាន។
Shirely បន្តថា៖«ពេលវេលាកាន់តែចង្អៀត។ មិនដូចកាលពី ១០ ឬ ២០ ឆ្នាំមុនទេ។ ភ្នាក់ងារអចលនទ្រព្យនាពេលបច្ចុប្បន្ន ត្រូវធ្វើរឿងជាច្រើនសម្រាប់អតិថិជន តែអ្នកត្រូវធ្វើដោយចេញពីចិត្ត ទើបអតិថិជនមានអារម្មណ៍ថាភា្នក់ងារនោះមានភាពស្មោះត្រង់ពិតប្រាកដ»៕
សូមជម្រាបថា អត្ថបទនេះត្រូវបានចុះផ្សាយដោយសារព័ត៌មាន The Straits Time តាំងពីឆ្នាំ ២០១៥ តែបណ្តាញព័ត៌មានអចលនទ្រព្យ Z1 News សម្រេចផ្សព្វផ្សាយបន្តនាពេលនេះទៀតដោយយល់ឃើញថាព័ត៌មាននេះល្អ ជួយលើកទឹកចិត្ត និងផ្តល់ជាប្រយោជន៍ជាច្រើនដល់យុវជនកម្ពុជាឲ្យផ្តោតលើឯកទេសរៀងៗខ្លួនដែលខ្លួនស្រលាញ់។