មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចថា ការវិនិយោគកំពុងផ្តោតលើលំនៅឋានតម្លៃសមរម្យ

Bunthoeun Chhut 01/February/2021 12:16
ចែករំលែក

ភ្នំពេញ៖   ការវិនិយោគក្នុងវិស័យអចលនទ្រព្យនាពេលបច្ចុប្បន្នកំពុងតម្រង់ទៅលើសំណង់លំនៅឋាន តម្លៃសមរម្យ ដើម្បីផ្គត់ផ្គង់ដល់ប្រជាជនដែលមានចំណូលមធ្យម។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ថ្លែងក្នុងវេទិការមួយកាលពីសប្តាហ៍មុន ឯកឧត្តមមានប្រសាសន៍ថា៖  «ចំនុចល្អមួយនៅពេលនេះ ការវិនិយោគតម្រង់ទៅលើវិស័យផ្ទះទាប ដែលជួយដោះស្រាយបញ្ហាជីវភាពអ្នកនៅកណ្តាល ព្រោះផ្ទះជាសន្តិសុខ​មួយសំខាន់ណាស់ក្នុងជីវិតរបស់មនុស្ស។ ដូច្នេះអ្នកមានផ្ទះគឺមានភាពកក់ក្តៅ ក្នុងជីវិត និងការងារ ដែលវាមានឥទ្ធិពលទៅលើការបង្កើនផលិតភាពសេដ្ឋកិច្ចក្នុងសង្គម»។ ​

ឯកឧត្តមបញ្ជាក់បន្ថែមថា ប្រតិបត្តិការទិញ-លក់លំនៅឋានដែលមានតម្លៃក្រោម ៧ ម៉ឺន​ដុល្លារនៅតែរក្សាមានកំណើនល្អ ដោយសារថាការទិញ លក់ អចនទ្រព្យតម្លៃស្មើរ និង ក្រោម ៧ ម៉ឺនដុល្លារនេះទទួលបានការលើកលែងពន្ធប្រថាប់ត្រាពីរដ្ឋាភិបាល។ ដោយឡែក លំនៅដ្ឋាន និងខុនដូដែលមានតម្លៃខ្ពស់មានការថមថយ។ (ចុចទីនេះអានបន្ថែម)

តាមទិន្នន័យពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ការវិនិយោគ និងតម្រូវការលំនៅឋានផ្ទះល្វែង នៅតែបន្តមានតម្រូវការគួរកត់សម្គាល់ ដែលចំនួននៃការលក់ផ្ទះមានប្រមាណ ៤ ៨៤០ ខ្នង កាលពីឆ្នាំ២០២០ កើនពីត្រឹម ២ ៧៧០ខ្នង កាលពីឆ្នាំ២០១៩។ ចំនួននៃការលក់ផ្ទះនេះ មានអត្រាកំណើនប្រមាណ ៧៥ ភាគរយ។

អ្នកស្រីហ្គ្រេស រចនី អគ្គនាយិការក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia ធ្លាប់បានគូសបញ្ជាក់ថា តម្រូវការលំនៅឋាន​បុរីដែលមានតម្លៃ​មធ្យមនៅតែរក្សាបានដំណើរការល្អ ដោយសារតែម្ចាស់គម្រោងផ្តោតលើអតិថិជន​ក្នុងស្រុក។

លោកស្រី​បានឱ្យដឹងថា ៖ «ម្ចាស់គម្រោងនៅតែបន្តអភិវឌ្ឍ និងបើកដំណើរការគម្រោង​ថ្មីៗរបស់ពួកគេពីមួយដំណាក់កាលទៅមួយដំណា​ក់កាល ដែលមិនឃើញជាសញ្ញាណាមួយដែលថាការផ្គត់ផ្គង់នេះលើសពីតម្រូវក្នុងទីផ្សារនោះទេ។ ម្យ៉ាងវិញទៀតម្ចាស់គម្រោងប្រើប្រា​ស់យុទ្ធសាស្រ្ត ដែលផ្តល់លក្ខណ្ឌក្នុងការលក់ទៅឱ្យអតិថិជនមានភាពងាយស្រួលជាងឆ្នាំមុនៗ។»

លោកស្រីបានបន្ថែមថា សម្រាប់លំនៅឋានដែលមានតម្លៃមធ្យម​នៅតែដំណើរការល្អព្រោះអតិថិជនទិញគម្រោងលំនៅឋានកម្រិតនេះ គឺទិញដើម្បីរស់នៅ មិនមែន​សម្រាប់វិនិយោគបន្ត​នោះទេ។

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង