ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានចាត់ទុកវិស័យ សំណង់ និងអចលនទ្រព្យកម្ពុជា ជាចន្ទល់សេដ្ឋកិច្ចដ៏សំខាន់ក្នុងពេលមានវិបត្តិ ដោយវិស័យនេះបានរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះក្នុងកម្រិតទាបមួយទោះបីស្ថិតក្នុងវិបត្តិសកលដែលប្រទេសជាច្រើនមានសេដ្ឋកិច្ចធ្លាក់ចុះខ្លាំង។
ថ្លែងក្នុងវេទិកាសាធារណៈ ស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នៅថ្ងៃពុធទី ២៧ មករានេះ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើងថាវិស័យសំណង់ និង អចលនទ្រព្យកម្ពុជាត្រូវបានរដ្ឋាភិបាលចាត់ទុកជាវិស័យអទិភាពមួយដែលត្រូវថែទាំ ហើយភាពរឹងមាំនៃវិស័យនេះបានរួមចំណែកយ៉ាងសំខាន់ដល់ស្ថិរភាពសេដ្ឋកិច្ច។

ឯកឧត្តម វង្សី វិស្សុត
លោកថ្លែងថា៖«ជាគោលនយោបាយ[របស់]រដ្ឋត្រូវថែទាំវិស័យនេះ ដោយសារវិស័យសំណង់ និងអចលនទ្រព្យនេះគឺជាចន្ទល់សេដ្ឋកិច្ចមួយនៅក្នុងវិបត្តិនេះ»។ លោកបញ្ជាក់ថា ដោយហេតុដូច្នេះហើយទើបរដ្ឋាភិបាលសម្រេច លើកលែងពន្ធប្រថាប់ត្រាចំពោះការទិញ លក់ អចនទ្រព្យតម្លៃស្មើរ និង ក្រោម ៧ ម៉ឺនដុល្លារ ដែលជាការរួមចំណែកសំខាន់ដើម្បីបញ្ចៀសការធ្លាក់ចុះវិស័យនេះ ហើយបានធ្វើឲ្យវិស័យនេះប៉ះពាល់តិចជាងការព្យាករណ៍។
លោកបន្ថែមថា៖«[វិស័យសំណង់ និងអចលនទ្រព្យ] នៅល្អជាងការរំពឹងទុក ហើយនៅតែជាចន្ទល់រឹងមាំ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចរបស់យើងពេលមានវិបត្តិនេះ អ៊ីចឹងបានយើងត្រូវការពារឱ្យមែនទែន»។
បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិស័យអចលនទ្រព្យបានកើនឡើងខ្ពស់នៅឆ្នាំ ២០១៩ក្នុងរង្វង់ ៧ ភាគរយ ប៉ុន្តែដោយសារឥទ្ធិពលវិបត្តិសកលបង្ករឡើងដោយជំងឺកូវីដ-១៩ បានធ្វើឱ្យវិស័យនេះធ្លាក់ចុះប្រមាណ (-៤,៩ភាគរយ) នៅឆ្នាំ២០២០។
តាមទិន្នន័យពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួននៃការលក់ខុនដូមានការថមថយកាលពីឆ្នាំ ២០២០ ដែលលក់បានតែ ៣ ០១៥ យូនីត ទាបជាងឆ្នាំ២០១៩ ដែលមានចំនួន ៥ ១៦២ យូនីត។ ស្របពេលដែលចំនួននៃការលក់ផ្ទះវីឡាសម្រេចបានចំនួន ៥២០ ខ្នង ក្នុងឆ្នាំ២០២០ ទាបជាងឆ្នាំ២០១៩ ដែលចំនួននៃការលក់ផ្ទះវីឡានាពេលនោះមាន ១ ០៧៧ ខ្នង។
យ៉ាងណាក៏ដោយ ការវិនិយោគ និងតម្រូវការលំនៅឋានផ្ទះល្វែង នៅតែបន្តមានតម្រូវការគួរកត់សម្គាល់ ដែលចំនួននៃការលក់ផ្ទះមានប្រមាណ ៤ ៨៤០ ខ្នង កាលពីឆ្នាំ២០២០ កើនពីត្រឹម ២ ៧៧០ខ្នង កាលពីឆ្នាំ២០១៩។ ចំនួននៃការលក់ផ្ទះនេះ មានអត្រាកំណើនប្រមាណ ៧៥ ភាគរយ។
ស្របពេលស្ថានភាពសេដ្ឋកិច្ចខាងក្នុង និងបរិយាកាសខាងក្រៅ ចាប់ផ្តើមមានភាពល្អប្រសើរឡើងជាបណ្តើរៗ ក្រសួងសេដ្ឋកិច្ចព្យាករណ៍ថា វិស័យអចលនទ្រព្យនឹងមានកំណើនវិជ្ជមានក្នុងអត្រា ២,៧ ភាគរយនៅឆ្នាំ២០២១ និងបន្តកើនឡើងជាបន្តបន្ទាប់រហូតដល់ ៦,៦ ភាគរយនៅឆ្នាំ ២០២៤។