ភ្នំពេញ៖ ខណ្ឌទួលគោកមានការវិវឌ្ឍទៅមុខយ៉ាងឆាប់រហ័សនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងកំណើនសំណង់អគារខ្ពស់ៗ និងផ្សារទំនើបជាច្រើនកន្លែងផងដែរ។ កំណើននេះ ត្រូវបានអ្នកជំនាញមើលឃើញថា ខណ្ឌទួលគោកនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មឈានមុខគេទីពីរបន្ទាប់ពីខណ្ឌបឹងកេងកងទីមួយនៅក្នុងរាជធានីភ្នំពេញ យ៉ាងយូរនៅត្រឹមឆ្នាំ២០២២ខាងមុខ។ ខាងក្រោមនេះ គឺចំណុចសំខាន់ៗ ៤ ដែលអ្នកគួរដឹងពីការវិវឌ្ឍទីផ្សារអចលនទ្រព្យក្នងខណ្ឌទួលគោក៖
1__ពីតំបន់លំនៅឋាន មកជាតំបន់ពាណិជ្ជកម្ម៖ អ្នកស្រី ហ្គ្រេស រចនីហ្វុង អគ្គនាយិការក្រុមហ៊ុន Century 21 Cambodia បានបញ្ជាក់ថា ខណ្ឌទួលគោកពីមុនមានសំណង់លំនៅឋាន (ជាផ្ទះវីឡាគ្រួសារ និងលំនៅឋានលក្ខណៈគ្រួសារ) ប្រមាណ ៩០ ភាគរយ ហើយមានតែប្រហែល ១០ ភាគរយប៉ុណ្ណោះជាអគារសម្រាប់ពាណិជ្ជកម្ម។ តែគិតមកទល់ពេលនេះខណ្ឌទួលគោកមានអគារលក្ខណៈពាណិជ្ជកម្ម ៥០ ភាគរយ និងលំនៅដ្ឋាន ៥០ ភាគរយ។
2__ចំនួនខុនដូ និងលំនៅឋានជាប់ដី៖ ទិន្នន័យពីក្រុមហ៊ុន Z1 Data បានបង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ២០២០ ខណ្ឌទួលគោកមានខុនដូចំនួន ៣៩គម្រោង ឬស្មើនឹង ៩ ១៤១ យូនីត ដែលចំនួននេះមានចំណែកដល់ទៅជិត ១២ភាគរយនៃការផ្គត់ផ្គង់ខុនដូសរុបក្នុងរាជធានីភ្នំពេញ។ ទិន្នន័យពី Z1 Data ដដែលបង្ហាញថា ការអភិវឌ្ឍគម្រោងផ្ទះជាប់ដី (បុរី ផ្ទះល្វែង និងវីឡា) មានតែ ២០០០ ខ្នងប៉ុណ្ណោះ។
3__តម្លៃដីធ្លីកើនឡើងពីរដងក្នុងពេល ២ឆ្នាំ៖ បើតាមអ្នកស្រី ហ្គ្រេសរចនី ដីធ្លីក្នុងខណ្ឌទួលគោគដែលមានទីតាំងតាមបណ្តោយផ្លូវធំៗត្រូវបានដាក់លក់ក្នុងតម្លៃជាមធ្យម ២ ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េកាលពីឆ្នាំ២០១៨ តែតម្លៃនេះបានឡើងដល់ចន្លោះពី ៣ ៨០០ ទៅ ៤ ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េនាពេលបច្ចុប្បន្ន។
សន្ទស្សន៍តម្លៃដីនៅខណ្ឌទួលគោក ដែលវាយតម្លៃដោយក្រុមហ៊ុន VTrust Appraisal បានបង្ហាញថា ទីតាំងដីដែលមានតម្លៃទាបជាងគេបំផុតក្នុងខណ្ឌនេះគឺស្ថិតនៅតាមបណ្តោយផ្លូវ ៣៣៥ មានតម្លៃចន្លោះពី ២២០០ ទៅ ៣០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ស្របពេលដែលតម្លៃខ្ពស់បំផុតមានចន្លោះពី ៤៥០០ ទៅ ៦៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលតម្លៃនេះស្ថិតនៅតាមបណ្តោយផ្លូវ ២៤៤ និងផ្លូវ២១៥។
4__ផ្សារទំនើប និងទីតាំងអាជីវកម្មលក់រាយកំពុងកើនឡើង៖ គិតមកទល់បច្ចុប្បន្នខណ្ឌទួលគោកមានផ្សារទំនើបចំនួន ៨ ក្នុងនោះផ្សារចំនួន៤បើកដំណើរការ និង៤ផ្សេងទៀតកំពុងសាងសង់ ដែលរំពឹងបើកដំណើរការក្នុងឆ្នាំនេះ។ នេះបើតាមរបាយការណ៍ The Mall Company។ បើតាមរបាយការណ៍ ខណ្ឌនេះមានប្រភេទផ្សារទំនើបផ្សេងៗគ្នា ដូចជាផ្សារទំនើបខ្នាតធំ (shopping malls) ផ្សារហគមន៍ (community malls) និងប្រភេទផ្សារបង្កើតក្នុងទីតាំងអគារខុនដូ ឬអគារពាណិជ្ជកម្ម (retail podium) ហើយទីតាំងអាជីវកម្មដែលឋិតនៅក្នុងប្រភេទផ្សារទាំងបីនេះបូកបញ្ចូលគ្នានឹងមានផ្ទៃក្រលាកើនដល់ ៧៨ ៧៥៣ ម៉ែត្រការ៉េនៅត្រឹមដំណាច់ឆ្នាំ២០២១នេះ។