ភ្នំពេញ៖ ទីតាំងអាជីវកម្មដែលបម្រើដល់វិស័យ អាហារ ភេសជ្ជៈ និងហាងសម្ភារៈផ្សេងៗនៅតាមផ្សារទំនើបក្នុងខណ្ឌទួលគោកនឹងមានការកើនឡើង ៥ ដង ក្នុងរយៈពេល ១២ ខែខាងមុខនេះ ដោយសារវត្តមានផ្សារទំនើបថ្មីៗបន្ថែមទៀតកំពុងសាងសង់។ នេះបើតាមរបាយការណ៍ The Mall Company។
របាយការណ៍ចុងក្រោយរបស់ The Mall Company ដែលជាក្រុមហ៊ុនផ្តោតលើវិស័យលក់រាយ បានបង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ២០២០ ទីតាំងអាជីវកម្មលក់រាយក្នុងខណ្ឌទួលគោកមានផ្ទៃក្រឡាសរុប ១៥ ២៩២ ម៉ែត្រការ៉េ ឬស្មើនឹង៤% នៃទីតាំងអាជីវកម្មលក់រាយសរុបក្នុងរាជធានីភ្នំពេញ។ ទំហំនេះនឹងកើនដល់ ៧៨ ៧៥៣ ម៉ែត្រការ៉េ ឬស្មើនឹង២១%នៃការផ្គត់ផ្គង់សរុបក្នុងឆ្នាំ២០២១។
ទីតាំងលក់រាយទាំងនេះ ផ្គត់ផ្គង់ដោយប្រភេទផ្សារខុសៗគ្នា មានដូចជាផ្សារទំនើបខ្នាតធំ (shopping malls) ផ្សារហគមន៍ (community malls) និងប្រភេទផ្សារបង្កើតក្នុងទីតាំងអគារខុនដូ ឬអគារពាណិជ្ជកម្ម (retail podium)។
តាមរបាយការណ៍ដដែល គិតមកទល់បច្ចុប្បន្នខណ្ឌទួលគោកមានផ្សារទំនើបចំនួន ៨ ក្នុងនោះផ្សារចំនួន៤បើកដំណើរការ និង៤ផ្សេងទៀតកំពុងសាងសង់ ហើយរំពឹងបើកដំណើរការក្នុងឆ្នាំនេះ។
របាយការណ៍ព្យាករណ៍របស់ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ Vtrust Appraisal បានព្យាករណ៍ថា ទីតាំងអាជីវកម្មក្នុងខណ្ឌគោកនឹងកើនដល់ ១៩៣ ០០០ ម៉ែត្រការ៉េនៅឆ្នាំ២០៣០។