ធនាគារកណ្តាល៖ សំណង់-អចលនទ្រព្យកម្ពុជានឹងស្ទុះងើបឡើងវិញក្នុងឆ្នាំនេះ

Bunthoeun Chhut 25/January/2021 16:28
ចែករំលែក

ភ្នំពេញ៖ វិស័យសំណង់ និងអចលនទ្រព្យនឹងស្ទុះងើបឡើងវិញគួរឲ្យកត់សម្គាល់នៅ​ឆ្នាំ ២០២១នេះ បន្ទាប់ពីបានធ្លាក់ចុះកាលពីឆ្នាំមុនដោយសារឥទ្ធិពលវិបត្តិសកលបង្ករឡើងដោយការរាលដាលជំងឺ​កូវីដ-១៩។ នេះបើតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា (NBC)។

របាយការណ៍ប្រចាំឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១របស់NBC ចេញផ្សាយនៅថ្ងៃទី ២៥ មករា ឆ្នាំ២០២១ បានបង្ហាញថា វិស័យសំណង់កម្ពុជាដែលធ្លាប់តែកើនឡើងក្នុងអត្រាខ្ពស់ប្រចាំឆ្នាំ បានធ្លាក់ចុះ (-៣) ភាគរយកាលពីឆ្នាំ ២០២០ ដោយសារការថយចុះសកម្មភាពវិនិយោគក្នុងស្រុក និងលំហូរវិនិយោគផ្ទាល់ពី​បរទេស។ ក៍ប៉ុន្តែ ដោយសារសញ្ញាវិជ្ជមាននៃសេដ្ឋកិច្ច អ្នកជំនាញពីធនាគារជាតិនៃកម្ពុជា បានលើកឡើងក្នុងរបាយការណ៍ថា វិស័យសំណង់ និងអចលនទ្រព្យនឹងត្រលប់ទៅរកកំណើនវិជ្ជមានវិញនៅឆ្នាំ២០២១នេះ។

របាយការណ៍ NBC បញ្ជាក់ថា៖​ «ដោយផ្អែកតាមគម្រោងសំណង់ដែលបានសុំការអនុញ្ញាតកន្លងមក និងការរំពឹងនៃការងើបមកវិញនៃលំហូរវិនិយោគក្នុងវិស័យនេះ វិស័យសំណង់និងអចលនទ្រព្យ នឹងកើនឡើងវិញក្នុងអត្រា ៣ ភាគរយនៅឆ្នាំនេះ»។

គម្រោងវិនិយោគក្នុងវិស័យសំណង់ដែលទទួលបានការអនុម័តនៅឆ្នាំ២០២០មានចំនួន ៤ ៨៤១គម្រោង កើន១ភាគរយធៀបនឹងឆ្នាំ២០១៩។ ក៏ប៉ុន្តែតម្លៃទឹកប្រាក់នៃគម្រោងវិនិយោគទាំងនេះមានចំនួន ៧,៨ពាន់លានដុល្លារ ធ្លាក់ចុះ៣២ ភាគរយបើធៀបនឹងឆ្នាំ២០១៩។ នេះបើតាមរបាយការណ៍ត្រីមាសទី៤របស់ក្រុមហ៊ុន CBRE Cambodia។

យ៉ាងណាមិញ អ្នកជំនាញ និងស្ថាប័នស្រាវជ្រាវពីទីផ្សារអចលនទ្រព្យនៅកម្ពុជា​រួមទាំងក្រុមហ៊ុន CBRE Cambodia សុទ្ធតែបង្ហាពីសុទិដ្ឋិនិយមចំពោះកំណើនវិជ្ជមានក្នុងវិស័យអចលនទ្រព្យ រួមជាមួយការវិលត្រលប់វិនិយោគិនបរទេស។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងថា កំណើននៃវិស័យអចលនទ្រព្យជាកត្តាលីករដ៏សំខាន់មួយដែលជួយជ្រោមជ្រែងកំណើនសេដ្ឋកិច្ចជាតិ។ លោកបញ្ជាក់ថា សកម្មភាពទិញ-លក់អចលនទ្រព្យក្នុងស្រុកនៅតែបន្តមានចរន្តជាធម្មតា បើទោះបីមានការថមថយពីសំណាក់វិនិយោគិនបរទេស ដោយសារការរឹតបន្តឹងការធ្វើដំណើរ។

លោកថ្លែងថា៖ «ខ្ញុំគិតថា​ពេលណាដែលវ៉ាក់សាំងអាចត្រូវបានដាក់ឱ្យប្រើប្រាស់នៅទូទាំងពិភពលោក យ៉ាងយូរនៅត្រឹមពាក់កណ្តាលឆ្នាំ២០២១នេះ វិនិយោគិនអចលនទ្រព្យនឹងវិលត្រលប់មកកម្ពុជាដើម្បីបន្តសកម្មភាពវិនិយោគអចលនទ្រព្យនៅកម្ពុជា»។

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង