ភូមិភាគឦសាន៖ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី មានអំណោយផលវិនិយោគស្រដៀងគ្នា ដែលធ្វើឲ្យខេត្តទាំងពីរមានគម្រោងវិនិយោគប្រហាក់ប្រហែលគ្នាជាពិសេសគម្រោងចម្ការខ្នាតធំៗដើម្បីនាំចេញ។ នេះបើតាមរដ្ឋបាលខេត្ត។
តាមទិន្នន័យវឌ្ឍនភាពទិសដៅការងារឆ្នាំ២០២០ របស់ខេត្តទាំងពីរបានបង្ហាញថា ខេត្តខេត្តមណ្ឌលគិរី មានក្រុមហ៊ុនចំនួន ២៥ ដែលទទួលបានសិទ្ធិដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល ដើម្បីដាំដុះដំណាំកសិកម្មសំខាន់ៗមួយចំនួនលើផ្ទៃដីសរុបជាង ១៤ម៉ឺន៧ពាន់ ហិកតា។
ស្របពេលដែលខេត្តរតនគិរីមានក្រុមហ៊ុនចំនួន ២៧ ដែលទទួលបានសិទ្ធពីរដ្ឋាភិបាលក្នុងការវិនិយោគដីសម្បទានសេដ្ឋកិច្ចដូចគ្នាលើផ្ទៃដីសរុបប្រមាណ ១២ម៉ឺន៤ពាន់ហិកតា។
បើតាមទិន្នន័យ ការវិនិយោគលើកសិកម្មទ្រង់ទ្រាយធំក្នុងខេត្តទាំងពីរនេះ ភាគច្រើនផ្តោតលើដំណាំកៅស៊ូ ស្វាយចន្ទី ចេកអំបូងលឿង និងប្រភេទឈើហូបផ្លែផ្សេងៗជាច្រើនទៀត ហើយកសិផលដែលផលិតដោយក្រុមហ៊ុនទាំងនេះសុទ្ធសឹងតែនាំចេញទៅទីផ្សារក្រៅប្រទេស។
វត្តមាននៃការវិនិយោគចម្ការខ្នាតធំរបស់ក្រុមហ៊ុនទាំងនេះ ក៏បានបង្កើនសក្តានុពលទីផ្សារដីធ្លីកសិកម្មដល់ខេត្តទាំងពីរផងដែរ។ បើតាមទិន្នន័យដីធ្លីរបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំសាខាខេត្តទាំងពីរនេះបានឱ្យដឹងថា ដីចម្ការមានដំណាំកៅស៊ូស្រាប់ក្នុងខេត្តរតនគិរីមានតម្លៃចន្លោះពី ១ម៉ឺនដុល្លារក្នុងមួយហិកតា ដល់ ១ម៉ឺន៥ពាន់ដុល្លារក្នុងមួយហិកតា ស្របពេលដែលដីចម្ការមានដំណាំចន្ទីស្រាប់មានតម្លៃជាមធ្យមចាប់ពី ៤០០០ ទៅ ១ម៉ឺនដុល្លារក្នុងមួយហិចតា។
ចំណែកឯ ដីចម្ការមានដំណាំកៅស៊ូស្រាប់ក្នុងខេត្តមណ្ឌលគិរី មានតម្លៃចន្លោះពី ១ម៉ឺន២ពាន់ ទៅ ១ម៉ឺន៥ពាន់ ដុល្លារក្នុងមួយហិកតា ស្របពេលដែលដីចម្ការមានដំណាំចន្ទីស្រាប់មានតម្លៃជាមធ្យមចាប់ពី ១ម៉ឺនដុល្លារ ទៅ ១ម៉ឺន២ពាន់ដុល្លារក្នុងមួយហិកតា។