ភ្នំពេញ៖ ខណ្ឌជ្រោយចង្វារ និងខណ្ឌសែនសុខ ជាតំបន់ដែលមានភាពបត់បែនខ្ពស់ធៀបនឹងខណ្ឌផ្សេងៗនៅភ្នំពេញ ដែលសក្តានុពលរបស់ខណ្ឌទាំងពីរនេះអំណោយផលខ្លាំងទាំងសម្រាប់ការអភិវឌ្ឍគម្រោងផ្ទះជាប់ដី (គម្រោងបុរីផ្ទះល្វែង និងវីឡា) និងគម្រោងខុនដូ។
ខណ្ឌជ្រោយចង្វារ និងខណ្ឌសែនសុខមានការផ្គត់ផ្គង់ចំនួនខុនដូ និងផ្ទះជាប់ដី ប្រហាក់ប្រហែលគ្នា ស្របពេលខណ្ឌផ្សេងទៀតនៅភ្នំពេញមានគម្លាតគ្នារវាងគម្រោងខុនដូ និង ផ្ទះជាប់ដី ដោយតំបន់ខ្លះមានខុនដូច្រើន តែផ្ទះជាប់ដីតិច ឬខណ្ឌខ្លះទៀតមានគម្រោងផ្ទះជាប់ដីច្រើន តែខុនដូតិច។
ទិន្នន័យពីក្រុមហ៊ុន Z1 Data ដែលជាក្រុមហ៊ុនស្រាវជ្រាវ និងវិភាគទិន្នន័យក្នុងវិស័យអចលនទ្រព្យ បានបង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ២០២០ ខណ្ឌជ្រោយចង្វារមានខុនដូចំនួន ១១ ៥៦៤ យូនីត និងផ្ទះជាប់ដី ១០ ៤០៣ ខ្នង។ ខណ្ឌសែនសុខវិញ មានខុនដូសរុប ១៦ ៥៦៣ និងផ្ទះជាប់ដី ២៥ ៨៦៧ ខ្នង។
ខណ្ឌសែនសុខ និងងខណ្ឌជ្រោយចង្វារ គឺជាតំបន់ពីរក្នុងចំណោមតំបន់ ៤ នៅភ្នំពេញ ដែលមានភាពទាក់ទាញខ្ពស់ក្នុងការប្រមូលផ្តុំគម្រោងវិនិយោគអចលនទ្រព្យធំៗ (hot locations)។ តំបន់ពីរទៀតគឺ ច្បារអំពៅ និងសង្កាត់បឹងជើងឯក។ នេះបើយោងតាមរបាយការណ៍ព្យាករណ៍របស់ក្រុមហ៊ុនជំនាញផ្នែកវាយតម្លៃអចលនទ្រព្យ Vtrust Appraisal។
របាយការណ៍ដដែលបញ្ជាក់ថា ខណ្ឌសែនសុខត្រូវបានព្យាករណ៍ថា នឹងមានផ្ទះជាប់ដីសរុបកើនដល់ ៧៧ ០០០ខ្នង ស្របពេលដែលចំនួនផ្ទះជាប់ដីនៅទូទាំងខណ្ឌជ្រោយចង្វារកើនដល់ ២៥ ០០០ ខ្នងនៅត្រឹមឆ្នាំ២០៣០។
ទិន្នន័យពីក្រុមហ៊ុន Century 21 Zillion Holding ប្រចាំសាខាខណ្ឌជ្រោយចង្វា បានបង្ហាញថា ទីផ្សារដីធ្លីនៅក្នុងខណ្ឌនេះបច្ចុប្បន្នមានតម្លៃខ្ពស់បំផុត ៣៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងទាបបំផុត១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តម្លៃនេះគឺសម្រាប់ទីតាំងដីដែលស្ថិតនៅតាមបណ្តោយផ្លូវធំ (main road)។ ចំណែកឯតម្លៃដីនៅខណ្ឌសែនសុខមានតម្លៃទាបបំផុត ២០០ ដុល្លារ និងខ្ពស់បំផុត ៤០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានបញ្ជាក់ថា កាលពីខែធ្នូឆ្នាំ ២០២០ ការទិញដីធ្លីក្នុងខណ្ឌជ្រោយចង្វារ និងខណ្ឌសែនសុខ មានចំនួនប្រតិបត្តិការសរុបបូកបញ្ចូលគ្នា ២៤០ ប្រតិបត្តិការ។