មហាគ្រួសារ Century 21 Cambodia រៀបចំសន្និបាតប្រចាំឆ្នាំ

Admin 10/December/2019 11:29
ចែករំលែក

ដោយ ហ៊ គីមសាយ

ភ្នំពេញ​៖ ក្រុមហ៊ុន​អចលន​ទ្រព្យ​ Century 21 Cambodia ​កាលពី​​​ថ្ងៃចន្ទ​​ទី​ ៩ ខែ​ធ្នូ​ ឆ្នាំ​២០១៩នេះ បាន​រៀប​ចំ​​សន្និ​បាត​​ប្រ​ចាំ​ឆ្នាំ​​​លើក​ទី​ ២ នៃ​គ្រួ​សារ​ Century 21 ប្រ​ចាំ​កម្ពុជា​ដោយ​​មាន​អ្នក​ចូល​រួមជាង ៧០០ នាក់ និងមាន​ការ​​ផ្តល់ពាន​​រង្វាន់​ដ៏​​សម្បូរ​បែបដល់​​សមាជិករួម​គ្រួសា​រ​។

ព្រឹត្តិ​​ការ​ណ៍​​ប្រ​ចាំ​ឆ្នាំ​លើក​ទី​២​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​កាន់​តែធំ​ជាង​មុន ហើយ​​​​​​​វត្ត​មាន​អ្នក​ចូល​រួម​គឺ​មាន​ទាំង​​​ពី​​​សមាជិក​គ្រួសារ​ Century 21 នៅ​កម្ពុជា​ទាំង ២៣ ក្រុម​ហ៊ុន និង​ពី​​​សមាជិក​គ្រួសារ Century 21 ពីសហ​រដ្ឋ​អាមេរិក ជប៉ុន ចិន កូ​រ៉េ តៃ​វ៉ាន់ សឹង្ហ​បុរី ហុង​កុង និង​​ តំ​ណាង​ស្ថាប័នឯក​ជន​​ធំៗ​​ដូច​ជា​​ម្ចាស់​សហ​គ្រាស ម្ចាស់​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​អចលន​ទ្រព្យ និងតំណាង​ពី​ធនាគារ។

ថ្នាក់ដឹក​នាំ​ក្រុម​ហ៊ុន​ Century 21 Cambodia ថតរូប​ជា​មួយ​​ម្ចាស់ Franchisee Century 21 ដែល​ទទួល​ពាន​រង្វាន់​បញ្ជាក់ពី​សមទ្ធិផល​ល្អប្រចាំ​ឆ្នាំ ២០១៩

លោក​ស្រី ហ្គ្រែស រចនី​ហ្វង់ អគ្គនាយិកា​ក្រុម​ហ៊ុន Century 21 Cambodia បាន​ថ្លែង​ថា ព្រឹត្តិ​​ការណ៍​នេះ​គឺជា​​​ឱ​កាស​ដ៏​ល្អសម្រាប់​ដៃ​គូរ​សហ​ការណ៍​​បាន​ស្គាល់​ និង​ប្រា​ស្រ័យ​ទាក់​ទង​គ្នា​ទៅ​វិញ​ទៅមក ដើម្បី​​​ពង្រីក​បណ្តាញ​​ទំ​នាក់​ទំ​នងពាណិជ្ជ​កម្ម​ និងដើម្បី​​​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក។

លោកស្រី រចនី​ហ្វង់​ ថ្លែង​ថា​៖​«​សម្រាប់​អ្នក​ចូល​រួម​ពី​បណ្តា​ប្រ​ទេស​ជឿន​លឿន​ជា​ច្រើន​ នេះ​គឺជា​លើក​ទី​មួយ​ដែល​ពួក​គាត់​មក​ប្រ​ទេស​កម្ពុជា​​។ កត្តា​នេះ​ឆ្លុះ​បញ្ជាំង​ថា​ពួ​ក​គាត់​សម្លឹង​ឃើញ​ឱ​កាស​ល្អ និង​បាន​ដឹង​ពី​សក្តានុ​ពល​វិ​ស័យ​អចលន​ទ្រព្យ​កម្ពុជា ហើយ​យើង​សង្ឃឹម​ថា​ពួក​គាត់​នឹង​មាន​ការ​សម្រេច​ចិត្ត​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​​​»។

លោក ស្រី រចនី ហ្វង់ កំ​ពុង​ធ្វើ​បទបង្ហាញ​ពី​ការ​វិ​វត្តន៍​នៃ​ក្រុម​ហ៊ុន​ Century 21 Cambodia

​លោក​ស្រី​បាន​បញ្ជាក់​ថា ការ​ទទួល​បាន​ពាន​​រង្វាន់​របស់​ក្រុម​ហ៊ុន​ជា​​សមាជិកគ្រួ​សារ​ Century 21 ​នា​ពេល​នេះ​ គឺឆ្លុះ​បញ្ជាំង​ពី​ការ​តាំង​ចិត្តខ្ពស់​របស់​ម្ចាស់​ក្រុម​ហ៊ុន​​នី​មួយៗ ក្នុង​ការ​​​ផ្តល់​សេវាកម្ម​អចលន​ទ្រព្យ​​ប្រ​កប​ដោយ​វិជ្ជា​ជីវៈ ទំ​នួល​ខុស​ត្រូវ​ខ្ពស់ ដើម្បី​អភិវឌ្ឍន៍​ទីផ្សារ​ដី​ធ្លី ខុន​ដូ បុរី និង ទី​ផ្សារ​​អចលន​ទ្រព្យ​ផ្សេងទៀតនៅ​កម្ពុជា​។

លោក​ស្រី​បន្ថែម​ថា៖​«​យើង​នឹង​បន្ត​រួមសាម​គ្គី​គ្នា​ក្នុង​ការ​កសាង​ទំ​នុកចិត្តដល់​ម្ចាស់​អចលន​ទ្រព្យ និង វិនិយោគិន​ក្នុង​វិ​ស័យនេះ​ តាម​រយៈ​ការ​ផ្តល់​ជូន​សេវា​កម្មអចលន​ទ្រព្យ​ទាំង​​​មុន និង​ក្រោយ​ពេល​ទិញ​ ​ប្រកប​ដោយ​​​​​​​ការ​យក​ចិត្ត​ទុក​ដាក់ខ្ពស់​​ដើម្បី​បន្ត​​ជំ​រុញការ​អភិវឌ្ឍន៍​វិ​ស័យ​អចលន​ទ្រព្យ​កម្ពុជាប្រ​កប​ដោយ​​ចី​រ​ភាព​»។

យោង​តាម​លោកស្រី រចនី​ហ្វង់ វិ​ស័យ​អចលន​ទ្រព្យ​កម្ពុជា​នឹង​បន្ត​រីក​ចម្រើន​ដោយ​ភាព​រឹង​មាំ​នា​ពេល​ខាង​មុខ​ទៀត​ ដោយ​សារ​ស្ថិរ​ភាព​នយោបាយ ​ស្ថិរ​ភាព​ម៉ាក្រូ​សេដ្ឋ​កិច្ច និង​​កំ​ណើន​ចំ​នួន​ប្រ​ជា​ជន។

លោក គុយ វ៉ាត (ស្តាំ) ​ប្រ​ធាន​ក្រុមប្រឹក្សាភិបាល Century 21 Cambodia ប្រ​គល់វត្ថុអនុស្សាវរីយ៍ជូន​លោក Rick Davidson ពី​ខាង Century 21 Everest USA

យោង​តាម​របាយ​ការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច​កម្ពុជា​ របស់​ធនាគារ​ពិ​ភព​លោក​​​​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ២៧ វិច្ឆិកា ឆ្នាំ ២០១៩​ ​​​សេដ្ឋកិច្ច​កម្ពុជានឹង​​នៅ​រក្សា​បាន​ភាពស្វាហាប់ និង​មាន​កំ​ណើន​​៧ភាគរយ​​ក្នុង​​ឆ្នាំ​២០១៩។ ធនាគារ​ពិ​ភព​លោក​បាន​បង្ហាញ​ថា វិស័យ​សំណង់​នៅ​បន្ត​សកម្មភាព​គគ្រឹក​គគ្រេង​ដែល​ឆ្លុះ​បញ្ចាំង​ឱ្យឃើញ​ថា​មិន​ទាន់​មាន​ភាព​នឿយ​ណាយ​នៃ​ការ​វិនិយោគ​លើ​វិស័យ​នេះ​នៅ​ឡើយ​ទេ។ ជា​លទ្ធ​ផល​ ការនាំ​ចូល​ដែក​សំណង់​បាន​ស្ទុះ​ឡើង​យ៉ាង​គំហុក​ ដល់​ទៅ​៦៣,៥ភាគរយ ​គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០១៩ ពី ២៧,៧ភាគរយ ក្នុង​ឆ្នាំ​២០១៨។

លោក Ken Lo ​នា​យក​ប្រតិ​បត្តិ​ក្រុមហ៊ុន Century 21 Imperial Realty Co., Ltd ដែល​ជា​​សមាជិកការិយាល័យ​មួយ​របស់​ Century 21 Cambodia បាន​លើក​ឡើងថា​​៖​«​កំ​ណើន​សេដ្ឋ​កិច្ច​ក្នុង​រង្វង់​៧​ភាគរយ​ប្រ​ចាំ​ឆ្នាំ​នឹង​ជះ​ឥទ្ធិ​ពល​ល្អ​ដល់​វិ​ស័យ​អចលន​ទ្រព្យ​កម្ពុជា ស្រប​ពេល​កំ​ណើន​ចំ​នួន​ប្រ​ជាជន និង​កំណើន​គម្រោង​វិនិយោគ​ពី​ក្រៅ​ប្រទេស​មក​កម្ពុជា​ នឹង​បង្កើន​តម្រូវ​ការ​ទី​តាំង​ស្នាក់​នៅ​ ទី​តាំង​អាជីវ​កម្ម​ និង​ទី​តាំង​សម្រាប់​ផលិត​កម្ម​»។

លោក​ Ken Lo បន្ត​ថា​ ព្រឹត្តការណ៍​​ដែល​ប្រ​មូល​ផ្តុំ​ការ​ជួប​ជុំ​មហា​គ្រួសារ Century 21 ជា​លើក​ទី​២​ ដោយ​​​មាន​ការ​​​ផ្តល់​ពាន​រង្វាន់​បញ្ជាក់​ពី​សមទ្ធិ​ផល​របស់​សមា​ជិក​នា​ពេល​​​នេះ​ ឆ្លុះ​បញ្ជាំង​ពី​ការ​លើក​ទឹក​ចិត្ត​ និងសាមគ្គី​ភាព​រឹង​មាំ​ក្នុង​ចំ​ណោម​សមា​ជិក​គ្រួ​សារ Century 21 ដែល​វា​នឹង​រួ​ម​ចំ​ណែក​បង្កើន​ទំ​នុក​ចិត្ត​ដល់​អតិ​ថិជន។

លោក​បញ្ជាក់​ថា​៖​«​វា​ឆ្លុះ​បញ្ជាំង​ថា យើងគឺ​​ជា​ក្រុមហ៊ុន​ដែល​មាន​វិជ្ជា​ជីវៈ​ច្បាស់​លាស់ និងជា​សមាជិក​មួយ​នៃ​គ្រួសារ​ Century 21 ដែល​ល្បី​ល្បាញ​ជាង​គេ​លើ​​​ពិ​ភព​លោក។​ ​វាជា​សារ​ដ៏​សំ​ខាន់​មួយ​ទៅ​ដល់​ម្ចាស់​អចលន​ទ្រព្យ​នៅ​កម្ពុជា​ឲ្យ​បាន​ដឹង​ពី​សារៈ​សំខាន់​នៃ​ក្រុម​ហ៊ុន​ភ្នាក់​ងារ​ស្រប​ច្បាប់​ ដែល​មាន​យី​ហោ​ទទួល​ស្គាល់​កម្រិត​អន្តរ​ជាតិ មាន​ចុះ​បញ្ជី​ការ​ត្រឹម​ត្រូវ​នៅ​កម្ពុជា នឹង​ជា​ក្រុម​ហ៊ុន​រួម​ចំ​ណែក​យ៉ាង​សកម្ម​ដល់​ការ​បង់​ពន្ធ​ និង​បង្កើន​ចំ​ណូល​រដ្ឋ»។

 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង