វិនិយោគដីធ្លីនៅមណ្ឌលគិរី! គួរដឹងតម្លៃទីផ្សារតាមទីតាំងសំខាន់ៗទាំង៥នេះជាមុនសិន

ប៊ុនធឿន 18/January/2021 18:06
ទស្សនា
ចែករំលែក

មណ្ឌលគិរី៖ ដី​ធ្លីនៅ​ខេត្តមណ្ឌលគិរីមានសក្តានុពលផ្សេងៗគ្នាពី​​តំបន់មួយទៅតំបន់មួយ ដែលតម្លៃទាបបំផុតមានចាប់ពី ៣ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ ហើយខ្ពស់បំផុតរហូតដល់ ១ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នេះបើតាមទិន្នន័យក្រុមហ៊ុនជំនាញទីផ្សារដីធ្លីប្រចាំខេត្តមណ្ឌលគិរី។

ខេត្តមណ្ឌលគិរីមានស្រុកចំនួន៤ និងក្រុង១ ក្នុងនោះរួម​មាន​ស្រុកកែវសីមា កោះញែក អូររាំង និងស្រុកពេជ្រាដា។ ក្រុងសែនមនោរម្យ គឺជាទីប្រជុំជនរបស់ខេត្តមណ្ឌលគិរី។

ទិន្នន័យដីធ្លីរបស់​ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំសាខាខេត្តមណ្ឌលគិរី បានបង្ហាញថា ក្រុងសែនមនោរម្យ និងស្រុកអូររាំង មានតម្លៃដីខ្ពស់ជាងគេ បើធៀបនឹងតំបន់ផ្សេងៗទៀតក្នុងខេត្តនេះ។

ទិន្នន័យដដែល​បានបង្ហាញថា ក្រុងសែនមនោរម្យមានតម្លៃដីដាក់លក់ចន្លោះពី ៥០០ដុល្លារ ទៅ ១៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ស្របពេលដែលដីធ្លីស្រុកអូររាំងមានតម្លៃចាប់ពី ៣៥ដុល្លារ ទៅ ១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ចំណែកឯតម្លៃដីនៅស្រុកកោះញែកមានតម្លៃជាមធ្យមចាប់ពី ១៥ដុល្លារទៅ ៣៥ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តម្លៃដីនេះខ្ពស់ជាងស្រុកកែវសីមាដែលតម្លៃដីដាក់លក់ស្រុកនេះអាចមានតម្លៃចន្លោះពី ៧ដុល្លារ ទៅ ១២ដុល្លារក្នុងមួយម៉ែត្រការ៉េ ស្របពេលដែល ស្រុកពេជ្រដាមានតម្លៃទាបជាងគេបំផុតចន្លោះពី ៣ដុល្លារទៅ ៥ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ។ តម្លៃ​ដីខាងលើនេះគឺអាស្រ័យទៅលើសក្តានុពលនៃទីតាំងដីនីមួយៗ។

លោក មាឃ  រិទ្ធីជ័យ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ទីតាំងដីធ្លីខាងលើនាពេលបច្ចុប្បន្នមានអត្រាកំណើនប្រហែល១៥ ទៅ២០ភាគរយ បើធៀ​បនឹងឆ្នាំ២០១៩។

លោកបានបន្ថែមថា ទីតាំងដីនៅតាមស្រុកទាំងបួនខាងលើនេះជាតំបន់ដែលមានអំណោយផលផ្នែកកសិកម្មរាប់ពីខ្នាតតូច រហូតដល់ខ្នាតធំ និងការវិនិយោគសម្រាប់វិស័យទេសចរណ៍។ ចំណែកក្រុងសែនមនោរម្យ ដែលមានតម្លៃខ្ពស់នេះ ដោយសារ​តម្រូវការទីតាំងសម្រាប់ធ្វើពាណិជ្ជកម្ម និងការវិនិយោគលើរីហ្សត។

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង