តំបន់ពីរក្នុងខេត្តរតនគិរីកំពុងទាក់ទាញលើគម្រោងវិនិយោគទេសចរណ៍

Bunthoeun Chhut 13/January/2021 16:46
ចែករំលែក

ខេត្តរតនគិរី៖ តំបន់បឹងយក្សលោម និងក្រុងបានលុង នៃខេត្តរតនគិរី បានក្លាយជាតំបន់ទាក់ទាញជាងគេលើការវិនិយោគរីហ្សតម្រាកលម្ហែកាយ ដោយគិតមកទល់បច្ចុប្បន្នតំបន់ទាំងពីររនេះមានរីហ្សត១៣កន្លែង ហើយរំពឹងថានឹងកើនឡើងបន្ថែមទៀតនាពេលខាងមុខ។ នេះ​បើតាមអ្នកឯកទេសដីធ្លីប្រចាំខេត្តរតនគិរី។

លោក យ៉ូន សុខរិន​ ប្រធានសាខារបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តរតនគិរី បានឱ្យដឹងថា ក្រុងបានលុងមានរីហ្សត១០កន្លែង ស្របពេលដែលតំបន់បឹងយក្សលោមនៅមានការវិនិយោគតិចតួច​នៅឡើយ ពោលគឹមានតែ៣កន្លែងប៉ុណ្ណោះ។ លោកបន្ថែមថា មានតែតំបន់ពីរនេះទេដែលស័ក្កសមសម្រាប់ការវិនិយោគលើរីហ្សត ព្រោះមានទីតាំងដីនៅតាមជ្រលងភ្នំ ដែលអាចគយគន់ទេសភាពក្រុង និងសម្រស់ធម្មជាតិក្នុងខេត្តនេះ។

លោក សុខរិន បានបញ្ជាក់ថា៖ «គម្រោងវិនិយោគដែលបម្រើដល់វិស័យទេសចរណ៍ ជា​ពិសេសរីហ្សត ក្ន្ងុងតំបន់បឹងយក្សលោម នឹងមានការវិនិយោគបន្ថែមទៀត ដោយសារតម្លៃដីនៅធូរថ្លៃជាងតំបន់ក្រុងបានលុង។»

បើតាមអ្នកឯកដីធ្លីប្រចាំតំបន់រូបនេះ ទីតាំងដីធ្លីក្នុងតំបន់បឹងយក្សលោមមានតម្លៃដាក់លក់ជាមធ្យម ២០ដុល្លារក្នុងមួយម៉ែត្រការ៉េ ស្របពេលដែលទីតាំងដីនៅតាមតំបន់ជាយក្រុងបានលុងមានតម្លៃខ្ពស់បំផុត៦០ ដុល្លាក្នុងមួយម៉ែត្រការ៉េ។ ចំណែកទីតាំងដីនៅកណ្តាលក្រុង​ ដែលជាតំបន់ពាណិជ្ជកម្មក្នុងខេត្តរតនគិរីមានតម្លៃរហូតដល់ទៅ ៧០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តាមទិន្ន័យបច្ចុប្បន្នភាពពីរដ្ឋបាលខេត្តរតនគិរី បានបង្ហាញថា ខេត្តនេះមាន រមណីយដ្ឋានទេសចរណ៍ក្នុងខេត្តសរុបមានចំនួន ១៤កន្លែង ក្នុងនោះរមណីយដ្ឋានធម្មជាតិចំនួន ១២​កន្លែ​ង។ ទិន្នន័យដដែលបានបង្ហាញថា ខេត្តរតនគិរីមានសណ្ឋាគារ១៤កន្លែង ស្មើនឹង៦២៥បន្ទប់ និងផ្ទះសំណាក់ចំនួន៣៦កន្លែង ស្មើនឹង៥០៤បន្ទប់៕

ចុចអានអត្ថបទទាក់ទង៖ ដីចម្ការសម្រាប់ដំណាំនេះមានហាងឆេងខ្ពស់ជាងគេនៅរតនគិរី

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង