មណ្ឌលគិរី៖ ចំនួនគម្រោងភិវឌ្ឍរីហ្សតដែលបម្រើដល់វិស័យទេសចរណ៍ក្នុងខេត្តមណ្ឌលគិរីបានកើនដល់ជាង១០គម្រោង ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ដែលកំពុងជួយបង្កើនសក្តានុពលទីផ្សារដីធ្លីក្នុងខេត្តនេះផងដែរ។ នេះបើតាមអ្នកឯកទេសដីធ្លីប្រចាំខេត្តមណ្ឌលគិរី។
លោក មាឃ រិទ្ធីជ័យ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តមណ្ឌលគិរី បានឱ្យដឹងថា ភាគច្រើនរីហ្សតទាំងនេះស្ថិតក្នុងក្រុងសែនមនោរម្យ និងតំបន់ភូមិពូតាំង នៃខេត្តមណ្ឌលគិរី។ លោកបញ្ជាក់ថា កំណើនវិនិយោគរីហ្សតនេះ គឺឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរទៅលេងកម្សាន្តនៅទីនោះ។

លោក មាឃ រិទ្ធីជ័យ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តមណ្ឌលគិរី
លោកបន្ថែម៖ «ភ្ញៀវទេសចរមិនត្រឹមតែមកទស្សនា ឬសម្រាកលម្ហែកាយទេ តែឃើញមានមួយចំនួនធំមកស្វែងរកឱកាសវិនិយោគដីធ្លីនៅទីនេះផងដែរ។ ហេតុដូច្នេះហើយ ធ្វើឱ្យទីផ្សារដីធ្លីនៅខេត្តមណ្ឌលគិរីកាន់តែមានកំណើនល្អជាបន្តបន្ទាប់»។
តាមទិន្នន័យពីក្រសួងទេសចរណ៍ បានបង្ហាញថា ខេត្តមណ្ឌលគិរីបានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញក្នុងចំណោមគោលដៅទេសចរណ៍សំខាន់ៗផ្សេងៗទៀត ដែលមានទទួលបានភ្ញៀវទេសចរ ១៣ ៣០៥ នាក់ទៅទស្សនាកម្សាន្តក្នុងអំឡុងព្រឹត្តិការណ៍ថ្ងៃឆ្លងឆ្នាំសកលពីថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២០ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។
បើតាមលោក ឬទ្ធីជ័យ ក្រុងសែនមនោរម្យមានហាងឆេងដីធ្លីល្អជាងគេ ក្នុងចំណោមតំបន់សក្តានុពលផ្សេងៗទៀតក្នុងខេត្តនេះ។ ទីផ្សារដីធ្លីនៅក្រុងសែនមនោរម្យក្នុងឆ្នាំ២០១៨ មានតម្លៃដាក់លក់ជាមធ្យមចន្លោះពី១ម៉ឺនដុល្លារ ទៅ២ម៉ឺនដុល្លារ ក្នុងមួយម៉ែត្រដើរ។ ប៉ុន្តែតម្លៃនេះបានឡើងដល់ចន្លោះពី ២ម៉ឺន២ពាន់ដុល្លារ ដល់ ៣ម៉ឺន៥ពាន់ដុល្លារក្នុងមួយម៉ែត្រដើរបើគិតមកដល់បច្ចុប្បន្ន ដែលតម្លៃនេះកើនឡើងជាងពីរដង បើធៀបនឹងឆ្នាំ២០១៨។
លោកបញា្ជក់ថា សម្រាប់ទំហំដីក្បាលដីមួយម៉ែត្រដើរនេះគឺមានបណ្តោយជាមធ្យមចន្លោះពី ៤០ទៅ១០០ ម៉ែត្រ។ ចំណែកឯតម្លៃវិញគឺអាស្រ័យលើទីតាំងនៃដី ដូចជាទីតាំងដីនៅកណ្តាលក្រុង (តំបន់ក្បែរៗផ្សារ) ឬនៅតំបន់ជាយក្រុងៗ។
ទិដ្ឋភាពខ្លះៗពីខេត្តមណ្ឌលគិរី និងគម្រោងអភិវឌ្ឍរីហ្សត

រូបភាព៖ Z1News