ដីចម្ការសម្រាប់ដំណាំនេះមានហាងឆេងខ្ពស់ជាងគេនៅរតនគិរី

Bunthoeun Chhut 12/January/2021 17:21
ចែករំលែក

រតនគិរី៖ ទីផ្សារដីធ្លីសម្រាប់ដំណាំ​​កៅស៊ូនៅខេត្តរតនគិរី​គឺជាប្រភេទដីដែលមានហាងឆេងល្អជាងគេ​ធៀបនឹង​ដីដំណាំផ្សេងៗទៀត ដែលគិតមកទល់ពេលនេះដីចម្ការនៅតំបន់ខ្លះមានតម្លៃរហូតដល់ ១ម៉ឺន​៥ពាន់ដុល្លារក្នុងមួយហិកតា។ នេះបើយោងតាមអ្នកឯកទេសដីធ្លីប្រចំាខេត្តរតនគិរី។

លោក យ៉ូន សុខរិន​ ប្រធានសាខារបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តរតនគិរី

លោក យ៉ូន សុខរិន​ ប្រធានសាខារបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តរតនគិរី បានឱ្យដឹងថា ចម្ការកៅស៊ូគឺជាដំណំាចម្បងមួយក្នុងខេត្តរតន​គិរី ហើយសម្រាប់​ដីចម្ការមានដំណាំកៅស៊ូស្រាប់មានតម្លៃចន្លោះពី ១ម៉ឺន​ដុល្លារក្នុងមួយហិកតា ដល់ ១ម៉ឺន៥ពាន់ដុល្លារក្នុងមួយហិកតា​។

លោកបានបន្ថែមថា៖ «តម្លៃដីធ្លីចម្ការចន្ទីឈរបន្ទាប់ពីដំណាំកៅស៊ូ ដែលដីចម្ការមានដំណាំចន្ទីស្រាប់មានតម្លៃជាមធ្យមចាប់ពី ៤០០០ ទៅ ១ម៉ឺនដុល្លារក្នុងមួយហិចតា ស្របពេលដែលតម្លៃដីធ្លីសម្រាប់ការដាំដុះដំណាំកសិកម្មទូទៅវិញមានតម្លៃចាប់ពី ១៥០០ ទៅ ៣០០០ ដុល្លារក្នុងមួយហិកតា»។ យ៉ាងណាមិញ លោកបញ្ជាក់ថា តម្លៃដីធ្លីចម្ការទាំងពីរប្រភេទនេះមានកំណើនតិចតួចប៉ុណ្ណោះបើធៀបនឹងឆ្នាំ២០១៩។

បើតាមលោក សុខរិន ទីតាំងដីសរុបជិត១០០កន្លែងបានដាក់លក់តាមរយៈក្រុមហ៊ុន Century 21 Zillion Holding សាខាខេត្តរតនគិរី ហើយក្នុងនោះមានជាង២០ទីតាំង ដែលជាដីចម្ការ ហើយភាគច្រើនជាដំណាំចន្ទី និងកៅស៊ូ។  ដំណាំកៅស៊ូ និងស្វាយចន្ទី ភាគច្រើនមានការដាំដុះនៅតាមស្រុកមួយដូចជា​ បរកែវ អណ្តូងមាស អូយ៉ាដាវ តាវែង និងស្រុកលំផាត់។​

ដំណាំកៅស៊ូ និងស្វាយចន្ទី ជាដំណាំកសិកម្មធំជាងគេក្នុងខេត្តស្ថិតនៅតំបន់ភូមិភាគឦសានមួយនេះ ដោយដំំណាំកៅស៊ូ(កៅស៊ូគ្រួសារ និងកៅស៊ូឧស្សាហកម្ម) មានផ្ទៃដី ៦៥ ៩៣៧ ហិកតា ហើយបន្ទាប់មកគឺស្វាយចន្ទីមានផ្ទៃដីដាំដុះសរុប ៣៩ ៧៨៤ ហិកតា។ ផ្ទៃដីដំណាំទាំងពីរប្រភេទនេះបូកបញ្ចូលគ្នាមានចំណែកដល់ទៅ ៦២ ភាគរយនៃផ្ទៃដីដែលបានអនុវត្តការដាំដុះដំណាំកសិកម្មសរុបនៅរតនគិរី។ នេះបើតាមរបាយការណ៍ វឌ្ឍនភាព និងទិសដៅការងាររបស់រដ្ឋបាលខេត្តរតនគិរីឆ្នាំ២០២០។

បើតាមសេចក្តីរាយការណ៍របស់សារ​ព័ត៌មានក្នុងស្រុកទីផ្សារកៅស៊ូចាប់ផ្តើមមានហាងឆេងល្អឡើងវិញហើយ ដោយតម្លៃជ័រកៅស៊ូក្នុងស្រុកបច្ចុប្បន្នអាចលក់បាន ១ ៧០០ ដុល្លារក្នុងមួយតោន ដែលកើនឡើងគួរឱ្យកត់សម្គាល់ពី ១ ៣០០ដុល្លារក្នុងមួយតោន កាលពីខែកុម្ភៈឆ្នាំ ២០២០៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង