ខណ្ឌពីរនេះមានទីផ្សារសំណង់លំនៅឋានដល់ទៅជិត ៥០ភាគរយនៃភ្នំពេញទាំងមូល

Bunthoeun Chhut 11/January/2021 17:48
ចែករំលែក

ភ្នំពេញ៖  ខណ្ឌពោធិ៍សែន​ជ័យ និងខណ្ឌដង្កោជាប់ជាតំបន់ដែលមានគម្រោងអភិវឌ្ឍលំនៅឋាន (ផ្ទះល្វែង ផ្ទះវីឡា…មិនរាប់ខុនដូ) ច្រើនជាងគេដោយមានចំណែកទីផ្សារ ៤៥ភាគរយ នៃចំនួនលំនៅឋានផ្គតផ្គង់សរុបក្នុងរាជធានីភ្នំពេញ។ នេះបើតាមទិន្នន័យបច្ចុប្បន្នភាពរបស់ក្រុមហ៊ុន Z1 Data។

ទិន្នន័យរបស់ Z1 Data ដែលជាក្រុមហ៊ុនស្រាវជ្រាវ និងវិភាគទិន្នន័យក្នុងវិស័យអចលនទ្រព្យ បានបង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ២០២០ ខណ្ឌពោធិ៍សែន​ជ័យឈរលើគេក្នុងការផ្គត់ផ្គង់ទីផ្សារលំនៅឋានដែលមានចំនួន ៤៨ ៥១៦ខ្នង ហើយបន្ទាប់មកគឺខណ្ឌដង្កោមានចំនួន ៣៥ ៣៨៧។ បើបូកបញ្ចូលគ្នា ខណ្ឌទាំងពីរនេះមានចំណែកទីផ្សារ​៤៥ភាគរយ នៃចំនួនផ្គត់ផ្គង់សរុប១៨៦ ៣០៩ ខ្នង នៅទូទាំងក្នុងរាជធានីភ្នំពេញ។

បើតាមទិន្នន័យដដែលបានគូសបញ្ជាក់ថា ទីផ្សារលំនៅឋានក្នុងខណ្ឌទាំងពីរនេះក៏មានតម្រូវការខ្ពស់ដែរ ដោយខណ្ឌពោធិ៍សែនជ័យសម្រេចការលក់បាន៧៩ ភាគរយ និង៧៦ភាគរយសម្រាប់ខណ្ឌដង្កោ នៃចំនួនលំនៅឋានផ្គត់ផ្គង់សរុបក្នុងខណ្ឌទាំងពីរនេះ។

អ្នកធ្វើដំណើរតាមបណ្តោយផ្លូវមួយខ្សែក្នុងតំបន់ទួលពង្រ ខណ្ឌដង្កោ។ រូបភាព៖  Z1News​

ខណ្ឌពោធិ៍សែនជ័យមានប្រជាជនចំនួនជាង ១៦ម៉ឺន​នាក់ ​ស្របពេលដែលខណ្ឌដង្កោមានជិត ១០ម៉ឺន​នាក់។ នេះបើតាមទិន្នន័យរបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំសាខាក្នុងខណ្ឌទាំងពីរ។

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា ខណ្ឌពោធិ៍សែន​ជ័យ និងខណ្ឌដង្កោ ក៏ជាតំបន់ដែលមានសកម្មភាពផុស​ផុលផងដែរក្នុងការទិញ-លក់ដីធ្លី បើធៀបនឹងខណ្ឌនៅជាយរាជធានីភ្នំពេញដូចជាខណ្ឌកំបូល និងខណ្ឌសែនសុខជាដើម។​

ប្រតិបត្តិការទិញ-លក់ដីធ្លីក្នុងខណ្ឌពោធិ៍សែនជ័យមានជាង ៤២៨​៩ ប្រតិបត្តិការក្នងរយៈពេល៩ខែឆ្នាំ២០២០ ខណៈដែលខណ្ឌដង្កោមានចំនួន ៣ ៣៣៥ ប្រតិបត្តិការ។

បើតាមបច្ចុប្បន្នភាពសន្ទស្សន៍ដីធ្លីរបស់ក្រុមហ៊ុន Vtrust Appraisal បានឱ្យដឹងថា ខណ្ឌពោធិ៍សែនជ័យមានតម្លៃដីធ្លីទាបបំផុត ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃខ្ពស់បំផុតឈានដល់ ៣ ០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ខណ្ឌដង្កោវិញ មានតម្លៃដីធ្លីទាបបំផុត ១២០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃខ្ពស់បំផុត ១ ៧៤០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តម្លៃនេះគឹអាស្រ័យទៅលើសក្តានុពលទីតាំងនីមួយៗក្នុងខណ្ឌទាំងពីរនេះ។

របាយការណ៍ព្យាករណ៍របស់ក្រុមហ៊ុន Vtrust Appraisal ក៏បានឱ្យដឹងដែរថា  ចំនួនលំនៅឋានក្នុងខណ្ឌពោធិ៍សែនជ័យ  ត្រូវបានព្យាករណ៍ថានឹងកើនដល់ ៧ ៧០០០ ខ្នង ហើយខណ្ឌដង្កោ នឹងមានចំនួន ៩៨ ០០០ ខ្នងនៅឆ្នាំ​ ២០៣០ ខាងមុខ៕

របាយការណ៍ព្យាករណ៍របស់ក្រុមហ៊ុនហ៊ុនវាយតម្លៃអចលនទ្រព្យ Vtrust Appraisal 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង