ភ្នំពេញ៖ Entrepreneurs’ Organization (EO) Cambodia ដែលជាអង្គការសហគ្រិនអន្តរជាតិប្រចាំកម្ពុជាកាលពីថ្ងៃទី ៦ មករា ២០២១ បានបិទបញ្ចប់កម្មវិធីប្រកួតប្រជែងនិស្សិតឆ្នើមមានគំនិតអាជីវកម្ម ដោយជ្រើសបានម្ចាស់អាជីវកម្មជានិស្សិតមួយក្រុមជាម្ចាស់ពាន។
កម្មវិធីប្រកួតប្រជែងនេះមានឈ្មោះជាភាសារអង់គ្លេស Global Student Entrepreneur Awards (GSEA)។ និស្សិត ៦ រូបដែលតំណាងពីអាជីវកម្ម ៦ ផ្សេងគ្នា បានចូលរួមប្រកួតប្រជែងនៅវគ្គចុងក្រោយកាលពីថ្ងៃទី ៦ មករានេះ តាមរយៈការធ្វើបទបង្ហាញពីគំរូអាជីវកម្មរបស់ខ្លួនតាមអនឡាញ (Video Zoom)។
ឆ្លងតាមការវាយតម្លៃឲ្យពិន្ទុពីចៅក្រមជំនាញ ៥ រូប ម្ចាស់ជ័យលាភីកម្មវិធីប្រកួតប្រជែងនេះបានទៅលើនិស្សិតឈ្មោះ តេង ស៊ាវប៉ោ តំណាងអាជីវកម្ម Fixh.me Co., Ltd. ដែលបង្កើតកម្មវិធីផ្តល់សេវាភ្ជាប់អ្នកផ្តល់សេវាទៅអ្នកដែលកំពុងប្រឈមមុខនឹងបញ្ហាក្នុងផ្ទះដូចជា ឧបករណ៍អគ្គិសនី ប្រព័ន្ធទឹក ឬ អគ្គិសនីជាដើម។ អាជីវកម្ម Fixh.me Co., Ltd. ត្រូវបានបង្កើតឡើងដោយក្រុមនិស្សិតពី Kirirom Institute of Technology (KIT)។
លោក ពឹង សេរី អនុប្រធាន Entrepreneurs’ Organization ប្រចាំកម្ពុជា និងជាចៅក្រមវិនិច្ឆ័យមួយរូបក្នុងកម្មវិធីប្រកួតប្រជែងនេះបានឲ្យដឹងថាកម្មវិធី (GSEA) គឺជាកម្មវិធីល្អដែលសហគ្រិន ជានិស្សិតនៅកម្ពុជាអាចមានឱកាសពង្រីកបណ្តាញទំនាក់ទំនងជាមួយសហគ្រិនពីប្រទេសនានាជុំវិញពិភពលោក និងដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗពីសហគ្រិនឆ្នើមដែលជាចៅក្រម។

ចៅក្រមជំនាញ ៥ រូប។ ឆ្វេងដៃទី១ លោក ពឹង សេរី
លោកថ្លែងថា៖«នៅពេលសហគ្រិនវ័យក្មេង មានឱកាសក្នុងការទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗពីអ្នកជំនាញ ពួកគេនឹងមានលទ្ធភាពកាន់តែខ្លាំងក្នុងការពង្រីកអាជីវកម្មដើម្បីផ្តល់ប្រយោជន៍កាន់តែធំដល់សង្គមនិងប្រទេសជាតិ ដែលវានឹងឆ្លើយតបនឹងទស្សនៈវិស័យរបស់ EO នៅកម្ពុជា»។
ម្ចាស់អាជីវកម្ម Fixh.me Co., Ltd ដែលឈ្នះជ័យលាភី Global Student Entrepreneur Awards (GSEA) នៅកម្ពុជានេះបានទទួលរង្វាន់ជាទឹកប្រាក់ ២ ៥០០ ដុល្លារ ដែលជាការឧបត្ថមពីក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding។ (ការប្រគល់រង្វាន់នឹងធ្វើឡើងនាពេលក្រោយ)
អាជីវកម្ម Fixh.me Co., Ltd នឹងទៅចូលរួមប្រជែងជាមួយជ័យលាភីពីប្រទេសផ្សេងៗនៅក្នុងកម្មវិធីប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ ហើយរាល់ការចំណាយរួមមាន ថ្លៃស្នាក់នៅ ហូបចុក និង ធ្វើដំណើរ គឺជាការរ៉ាប់រងដោយ EO។ ។ ជ័យលាភីលេខមួយនៅវគ្គផ្តាច់ព្រ័ត្រកម្រិតអន្តរជាតិនឹងទទួលបានរង្វាន់ជាទឹកប្រាក់ ២៥ ០០០ ដុល្លារ។
EO គឺជាបណ្តាញនៃក្រុមអ្នកជំនួញធំៗលើពិភពលោក ដែលត្រូវបានបង្កើតឡើងនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៨៧។ ស្ថាប័ននេះកំពុងមានវត្តមានក្នុងប្រទេសចំនួន ៦១ ទូទាំងពិភពលោក ដោយបច្ចុប្បន្នមានម្ចាស់អាជីវកម្ម និងវិនិយោគិនជាង ១៤ ០០០ នាក់ទូទាំងពិភពលោកជាសមាជិក។
EO Cambodia ត្រូវបានបើកដំណើរការជាផ្លូវការកាលពីថ្ងៃទី ១៨ ធ្នូឆ្នាំ ២០១៩ ដោយមានសមាជិកស្ថាបនិកជាម្ចាស់អាជីវកម្មធំៗ និងថ្នាក់ដឹកនាំស្ថាប័នអាជីវកម្មធំៗប្រចាំកម្ពុជា៕