ចំនួនលំនៅឋាននៅភ្នំពេញបានកើនដល់ជាង ១៨ ម៉ឺនខ្នងគិតត្រឹមឆ្នាំ២០២០

ប៊ុនធឿន 08/January/2021 15:48
ទស្សនា
ចែករំលែក

ភ្នំពេញ៖ ចំនួនផ្ទះជាប់ដី (ផ្ទះល្វែង ផ្ទះវីឡា…មិនរាប់ខុនដូ) នៅ​រាជធានីភ្នំពេញបានកើនដល់ ១៨៦ ៣០៩ ខ្នង​គិត​ត្រឹមដំណាច់ឆ្នាំ ២០២០ ដែលកើនពីចំនួន ១៥៤ ១០០ ខ្នង​កាលពី​ដំណាច់ឆ្នាំ២០១៨។ នេះ​បើតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុនជំនាញក្នុងវិស័យអចលនទ្រព្យ។

តាមទិន្នន័យពីក្រុមហ៊ុន Z1 Data Co., LTD (Cambodia) បានបង្ហាញថា ការផ្គត់ផ្គង់លំនៅឋាននៅទូទាំងរាជធានីភ្នំពេញនារយៈពេលពីរឆ្នាំចុងក្រោយនេះបានកើនឡើង ២១ភាគរយ។ ទិន្នន័យដដែលបានបន្ថែមថា ចំនួនលំនៅឋានផ្គត់ផ្គង់ជាង១៨ម៉ឺនយូនីតនេះ សម្រេចការលក់បានសរុប ១៥៧ ៨៤៣ យូនីត ឬស្មើនឹង៨៤ភាគរយ នៃការផ្គត់ផ្គង់សរុប។

ក្នុងចំណោមខណ្ឌទាំងអស់នៅរាជធានីភ្នំពេញ មានតែខណ្ឌពីរប៉ុណ្ណោះដែលមានការផ្គត់ផ្គង់ចំនួនលំនៅលេចធ្លោជាងគេ គឹខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ។ បើបូកបញ្ចូលគ្នាខណ្ឌទាំងពីរនេះមានរហូតដល់ទៅ ៨៣ ៩០៣ យូនីត ឬស្មើនឹង៤៥ ភាគរយ នៃចំនួនផ្គត់ផ្គង់លំនៅឋានសរុប​។ នេះបើតាមរបាយការណ៍។

កំណើនតម្រូវការនេះហាក់ឆ្លើយតបទៅនឹង​កំណើនកម្ចីទិញផ្ទះដែលផ្តល់ឲ្យដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាបានកើនដល់ជាង  ៤,៦ ពាន់លានដុល្លារគិតត្រឹមដំណាច់ខែកញ្ញាឆ្នាំ២០២០ ដែលកើនឡើងគួរឲ្យកត់សម្គាល់ពីត្រឹម ៣,៩ ពាន់លានដុល្លារកាលពីដំណាច់ឆ្នាំ២០១៩។  នេះបើតាមរបា​យការណ៍ត្រីមាសទី៣របស់ការិយាល័យឥណទាន​កម្ពុជា (CBC)

បើតាមរបាយការណ៍ត្រីមាសទី៣ របស់ក្រុមហ៊ុន CBRE Cambodia ប្រភេទផ្ទះល្វែង មានតម្លៃជាមធ្យម $107K ក្នុងមួយយូនីត ស្របពេលដែលផ្ទះលីងហោស៍មានតម្លៃជាមធ្យម $143K ក្នុងមួយយូនីត​​ ចំណែកឯប្រភេទផ្ទះអាជីវកម្មមានតម្លៃជាមធ្យម $238K ក្នុងមួយយូនីត។

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

landed housing in PP
ពាក្យទាក់ទង