ភ្នំពេញ៖ ចំនួនខុនដូសរុបនៅទូទាំង ១៤ ខណ្ឌក្នុងរាជធានីភ្នំពេញបានកើនដល់ជាង ១០៩ ០៣៥ យូនីត គិតត្រឹមខែធ្នូឆ្នាំ ២០២០ ដែលកើនឡើងដល់ទៅជាង៧៦ ភាគរយបើធៀបនឹងកាលពីដំណាច់ឆ្នាំ ២០១៨។
ទិន្នន័យពីក្រុមហ៊ុន Z1 Data Co., LTD (Cambodia) ដែលជាក្រុមហ៊ុនឯកទេសខាងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីស្រាវជ្រាវ និងវិភាគទិន្នន័យក្នុងវិស័យអចលនទ្រព្យ បានបង្ហាញថា គម្រោងអភិវឌ្ឍន៍ខុនដូបានកើនឡើងសរុប ៥១៨ គម្រោងគិតមកត្រឹមដំណាច់ឆ្នាំ២០២០ ស្មើនឹងខុនដូសរុបជាង ១០៩ ០៣៥ យូនីត។ ចំនួននេះកើនឡើងពីចំនួន ៦១ ៨០០ យូនីតកាលពីដំណាច់ឆ្នាំ២០១៨។
ទិន្នន័យពីក្រុមហ៊ុនដដែលបង្ហាញថាចំនួនខុនជាង១០ម៉ឺនយូនីតនេះ សម្រេចបានការលក់អស់ជាង ៥ម៉ឺន១ពាន់យូនីត ឬស្មើជាងពាក់កណ្តាលនៃការផ្គត់ផ្គង់សរុប។
ក្នុងចំណោមខណ្ឌទាំង១៤ នៅរាធានីភ្នំពេញ មានខណ្ឌចំនួនបីដែលមានការផ្គត់ផ្គង់ខុនដូច្រើនជាងគេ គឺខណ្ឌចំការមន ខណ្ឌមានជ័យ និងខណ្ឌសែនសុខ។ បើបូកបញ្ជូលគ្នាខណ្ឌទាំងបីនេះមានការផ្គត់ផ្គង់ខុនដូរហូតដល់ទៅ ៦១ ៨០២ យូនីត ឬមានចំណែកស្មើនឹង៥៦ភាគរយនៃការផ្គត់ផ្គង់សរុប។
ការផ្គត់ផ្គង់ខុនដូនៅទូទាំងរាជធានីភ្នំពេញត្រូវបានព្យាករណ៍ថានឹងកើនដល់ប្រមាណ ២៩៥ ០០០ យូនីត នៅត្រឹមដើមឆ្នាំ២០៣០ ពោលគឺកើនជិត៣ដង នៃចំនួនផ្គត់ផ្គង់នាពេលបច្ចុប្បន្ន។ នេះបើតាមរបាយការណ៍ព្យាករណ៍របស់ក្រុមហ៊ុន Vtrust Appraisal។ របាយការណ៍ដដែលបញ្ជាក់ថា ជនជាតិចិន និងជនបរទេសមកពីតំបន់អាស៊ីផ្សេងទៀត ដែលមកប្រកបកិច្ចការ និងស្នាក់ នឹងមានចំណែកទិញខុនដូរច្រើនជាងគេ៕
តម្លៃខុនដូរត្រូវបានចែកចេញជា ៣ប្រភេទ ហើយបើតាមទិន្នន័យពីក្រុមហ៊ុន CBRE Cambodia ក្នុងត្រីមាសទី៣បានបង្ហាញថា ខុនដូតម្លៃសមរម្យ (Affordable) មានតម្លៃដាក់លក់ជាមធ្យម ១៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ស្របពេលដែលខុនដូមធ្យម (Mid-Range) មានតម្លៃជាមធ្យម២៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកឯខុនដូមានកម្រិតខ្ពស់ (High-End) មានតម្លៃជាមធ្យម ៣០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។