ព្រះសីហនុ៖ តម្លៃដីនៅខេត្តព្រះសីហនុនៅតាមសង្កាត់សំខាន់ៗជាច្រើនបានត្រលប់មករកតម្លៃទីផ្សារវិញកាលពីឆ្នាំ ២០២០ បន្ទាប់ពីបានកើនឡើងយ៉ាងគំហុកកាលដើមឆ្នាំ ២០១៩ ស្របពេលតម្លៃដីនៅតំបន់ខ្លះបន្តកើនឡើងរវាងឆ្នាំ ២០១៩ និង ២០២០។
ទិន្នន័យតម្លៃដីធ្លីរបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តព្រះសីហនុ បានបង្ហាញថាដីធ្លីនៅតាមសង្កាត់ភាគច្រើននៅខេត្តព្រះសីហនុបានថមថយបន្តិចកាលពីឆ្នាំ ២០២០ ធៀបនឹងឆ្នាំ ២០១៩ ស្របពេលតម្លៃដីនៅតាមសង្កាត់សំខាន់ពីរបានកើនឡើងបន្តិច។
ទិន្នន័យពី Century 21 Zillion Holding ដដែលបង្ហាញថា ដីធ្លីសង្កាត់ កែវផូស បានកើនឡើងពីតម្លៃជាមធ្យម ២៧០ ដុល្លារក្នុងមួយម៉ែត្រការ៉េកាលពីឆ្នាំ ២០១៩ ដល់ ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េនៅឆ្នាំ ២០២០ ស្របពេល ដីធ្លីនៅសង្កាត់ កោះរ៉ុង វិញបានកើនឡើងពីតម្លៃមធ្យម ៣៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដល់ ៤៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងរយៈពេលដូចគ្នានេះ។
ដីធ្លីនៅសង្កាត់សំខាន់ៗ ៤ គឺសង្កាត់ ១ សង្កាត់២ សង្កាត់៣ ដែលជាតំបន់កណ្តាលក្រុងបានធ្លាក់ចុះបន្តិចនៅឆ្នាំ ២០២០ ធៀបនឹងឆ្នាំ ២០១៩ ហើយមានតែដីនៅសង្កាត់៤ មួយទេដែលរក្សាតម្លៃស្ថិរភាព។
យ៉ាងនេះក៏ដោយ លោក អ៊ឹម សេងហួ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តព្រះសីហនុ បានឲ្យដឹងថាការប្រែប្រួលតម្លៃដីធ្លីនៅឆ្នាំ ២០២០ គឺជាការវិវត្តមករកតម្លៃទីផ្សារ ហើយឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចជាក់ស្តែង។
លោក សេងហួ បន្តថាវិនិយោគិនចិនដែលបានធ្វើឲ្យតម្លៃអចលនទ្រព្យនៅខេត្តព្រះសីហនុកើនឡើងនោះ បានត្រលប់មកធ្វើអាជីវកម្មវិញច្រើនហើយបន្ទាប់ពីបានចាកចេញយ៉ាងគំហុកកាលពីចុងឆ្នាំ ២០១៩។ លោកបន្តថា តម្រូវការជួលទីតាំងអាជីវកម្ម នៅតាមផ្លូវសំខាន់ៗនៅក្នុងក្រុងបានកើនឡើងវិញ ហើយនឹងមានភាពកាន់តែប្រសើរនៅពេលខាងមុខនៅពេលដែលការស្ថាបនាផ្លូវក្នុងក្រុងនឹងបញ្ចប់រួចរាល់ នាពេលឆាប់ៗខាងមុខ។