ខេត្តជាប់សមុទ្រពីរទាក់ទាញភ្ញៀវទេសចរច្រើនជាងគេក្នុងអំឡុងថ្ងៃឆ្លងឆ្នាំសកល

Bunthoeun Chhut 06/January/2021 17:29
ចែករំលែក

ខេត្តព្រះសីហនុនិងខេត្តកំពតបានក្លាយជាគោលដៅទេសចរណ៍ដ៏លេចធ្លោជាងគេសម្រាប់ការធ្វើដំណើរកម្សាន្តនាព្រឹត្តការណ៍ឆ្នាំសកលកន្លងទៅនេះដែលបានឈរនៅគោលដៅលំដាប់កំពូលទាំងពីរក្នុងចំណោមទិសដៅទេសចរនានានៅកម្ពុជា។

និន្នាការ​នេះបង្ហាញពីសក្តានុពលរបស់ខេត្តទាំងពីរ ដែលកំពុងក្លាយជាទីតាំងពាណិជ្ជកម្ម និងវិនិយោគកាន់តែទាក់ទាញដោយទទួលបានគម្រោងអភិវឌ្ឍន៍ធំៗកាន់តែច្រើនឡើង និងជាគម្រោងជួយបង្កើនភាពទាក់ ទាញដល់ការសម្រាកកម្សាន្ត។

​ទិន្នន័យ​ពីក្រសួងទេសចរណ៍កម្ពុជា​បានបង្ហាញថារយៈពេល ៣ ថ្ងៃពីថ្ងៃទី ៣១ ធ្នូ ២០២០ ដល់ថ្ងៃទី ២ មករា ២០២១ ភ្ញៀវទេសចរ​​ជាង ១លាននាក់បានដើរកម្សាន្តគោលដៅទេសចរនានានៅកម្ពុជាហើយ ក្នុងនោះ ខេត្តព្រះសីហនុ និងខេត្តកំពតបូកបញ្ចូលគ្នាទទួលបានភ្ញៀវជិត ២០ ភាគរយ។ ខេត្តព្រះសីហនុមានជាង ១១ម៉ឺននាក់ និងខេត្តកំពតមាន​ជាង ៨ម៉ឺន​នាក់។

ខេត្តព្រះសីហនុ មានឆ្នេរសមុទ្រដ៏ស្រស់ស្អាត ខណៈអគារខ្ពស់ៗជាច្រើនកំពុងរីកដុះដាល បូករួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុង ៣៤ខ្សែ។ បើតាមរដ្ឋបាលខេត្តព្រះសីហនុ រយៈពេល៥ឆ្នាំចុង ក្រោយនេះ (គិតត្រឹមឆ្នាំ២០១៩) ខេត្តព្រះសីហនុទទួលបានកំណើនភ្ញៀវទេសចរចន្លោះពី ១០-១៥% ក្នុងមួយឆ្នាំៗ។

ដោយឡែកខេត្តកំពត ដែលជាគោលដៅទាក់ទាញភ្ញៀវទេសចរបន្ទាប់ពីខេត្តព្រះសីហនុ មានតំបន់ទេសចរណ៍ធម្មជាតិទាក់ទាញជាច្រើនកន្លែង។ បើតាម​រដ្ឋបាលខេត្តកំពត ខេត្តនេះមានតំបន់ទេសចរណ៍ចំនួន១៧ កន្លែង ហើយនៅឆ្នាំ២០២៣ ខេត្តកំពតរំពឹងទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ២លាន៥សែន​នាក់។

ផ្លូវជាតិលេខ៣ ដែលភ្ជាប់ពីរាជធានីភ្នំពេញ ទៅកំពត បានសម្រេចការស្ថាបនាបាន ៩០ ភាគរយ បានបង្កភាពងាយស្រួលដល់ការធ្វើដំណើរដល់ភ្ញៀវទេសចរនានាទៅកំពត ស្របពេលគម្រោងអភិវឌ្ឍន៍ជាច្រើន ដូចជា គម្រោងអភិវឌ្ឍន៍វីឡាលម្ហែកាយ Forest Harmony ដែលជាគម្រោងផ្ទះលម្ហែកាយឈានមុខគេនៅកម្ពុជា ក៏កំពុងធ្វើឲ្យខេត្តកំតកាន់តែទាក់ទាញ។

 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង