ក្រុមហ៊ុន Century 21 Zillion Holding សម្រេចបេសកកម្មទ្រង់ទ្រាយធំរបស់ខ្លួនឆ្នាំ ២០២០

Bunthoeun Chhut 31/December/2020 16:08
ចែករំលែក

 

ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding បានបញ្ជាក់ពីការទទួលបានចំណែកទីផ្សារកាន់តែធំនៅឆ្នាំនេះ ស្របពេលសម្រេច​​បេសកកម្មជាយុទ្ធសាស្រ្តនាឆ្នាំ ២០២០ នេះដោយជោគជ័យ ទាក់ទងនឹងការជ្រើសរើស និងបណ្តុះបណ្តាលអ្នកឯកទេសដីធ្លីប្រចាំតំបន់ ៣៨០០ នាក់នៅទូទាំងប្រទេស (១៤ ខណ្ឌ និង ២៤ ខេត្ត)។

យុទ្ធនាការនេះត្រូវបានផ្តួចផ្តើមឡើងដើម្បីផ្តល់ឱកាសការងារកាន់តែប្រសើរដល់អ្នកស្រលាញ់អាជីពក្នុងវិស័យអចលនទ្រព្យ ជាពិសេសបង្កើតឱកាសការងារដល់និសិត្យទើបបញ្ចាប់ការសិក្សា។​

ផ្តើមចេញដំបូងពីការរៀបចំវគ្គបណ្តុះបណ្តាលនៅភ្នំពេញ​កាលពីឆ្នាំខែ កុម្ភៈ ឆ្នាំ ២០២០ ក្រុមហ៊ុន Century 21 Zillion Holding បានបន្តរៀបចំវគ្គបណ្តុះបណ្តាលដូចគ្នានេះជាបន្តបន្តាប់ទៅតាមបណ្តាខេត្តនានា ហើយគិតមកត្រឹមខែធ្នូឆ្នាំ ២០២០ ក្រុមហ៊ុនបានសម្រេចការរៀបចំវគ្គបណ្តុះបណ្តាលជុំទី១ បានទូទាំងប្រទេស (១៤ ខណ្ឌនៅភ្នំពេញ និង ២៤ តាមបណ្តាខេត្ត) នៅប្រទេសកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះបានទទួលការចូលរួមដោយផ្ទាល់ពីអ្នកចាប់អារម្មណ៍អាជីពក្នុងវិស័យអចលទ្រព្យរាប់ពាន់នាក់ ហើយគិតមកទល់ពេលនេះមានអ្នកចុះឈ្មោះក្លាយខ្លួនជាអ្នកឯកទេសដីធ្លីជាមួយក្រុមហ៊ុរាប់រយនាក់ហើយ ក្នុងចំណោមចំនួនសរុប ៣៨០០ នាក់។

បន្ទាប់ពីការសម្រេចបានជុំទី១ ដោយជោគជ័យ ក្រុមហ៊ុន Century 21 Zillion Holding នឹងបន្តរៀបចំយុទ្ធនាការយុទ្ធសាស្រ្តសំខាន់ៗផ្សេងទៀតនៅឆ្នាំ ២០២១ នេះក្នុងគោលដៅបង្កើនធនធានមនុស្សក្នុងវិស័យអចលនទ្រព្យ និងធ្វើឲ្យអាជីវកម្មក្នុងវិស័យនេះកាន់តែល្អប្រសើរ៕

 

 

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង