10 ចំណុចពីវិស័យអចលនទ្រព្យកម្ពុជាឆ្នាំ ២០២០ ដែលគ្រប់គ្នាត្រូវដឹង

Bunthoeun Chhut 31/December/2020 15:20
ចែករំលែក

វិស័យអចលនទ្រព្យកម្ពុជារក្សាបាននូវភាពធន់ខ្ពស់នៅឆ្នាំ ២០២០។ ប្រតិបត្តិការទិញលក់ដីធ្លីនៅមានសកម្មភាពរស់រវើក ការផ្គត់ផ្គងសំណង់លំនៅឋានបន្តកើនឡើងបើទោះបីជាខុនដូរបានថមថយបន្តិចក្តី តម្លៃអចលនទ្រព្យជារួមនៅមានលំនឹង ស្របពេលគម្រោងវិនិយោគលើវិស័យសំណង់ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលបន្តកើនឡើង។

ខាងក្រោមនេះ គឺជាសូចនាករសំខាន់ៗមួយចំនួនដែលមិត្តអ្នកអានគួរដឹងដើម្បីវាស់វែងពីសុខុមាលភាពវិស័យអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ២០២០៖

1ចំនួនទិញ-លក់ដីធ្លីនៅភ្នំពេញកើនដល់ជាង ២ ម៉ឺនប្រតិបត្តិការ  

ប្រតិបត្តិការទិញលក់ដីធ្លីនៅទូទាំង ១៤ខណ្ឌក្នុងរាជធានីភ្នំពេញនៅតែបន្តមានកំណើនល្អ ដែលចំនួននៃការទិញ-លក់មានដល់ទៅជាង ២០ ៣៦២ ប្រតិបត្តិការក្នុងរយៈពេល១០ខែដំបូងឆ្នាំ២០២០។ នេះបើតាមទិន្ន័យពីក្រុមហ៊ុនជំនាញក្នុងវិស័យអចលនទ្រព្យ។ ចំនួននេះបង្ហាញពីការកើនឡើងធៀបនឹងឆ្នាំកន្លងទៅ ដែលប្រតិបត្តិការទិញ-លក់ដីធ្លីក្នុងរាជធានីភ្នំពេញ​មានប្រមាណត្រឹម ពី ១ ម៉ឺនទៅ ២ម៉ឺនប្រតិបត្តិការប៉ុណ្ណោះ។

2 ការផ្គត់ផ្គង់បុរីលំនៅឋានមិនមានសញ្ញាថមថយទេ

គម្រោងអភិវឌ្ឍន៍បុរីលំនៅឋាន១៨ គម្រោងបានបញ្ចប់ការសាងសង់ (អាចចូលរស់នៅបាន) ដែលស្មើនឹងចំនួនផ្ទះ ៧៥០០ យូនីត ក្នុងអំឡុងពេល៩ខែដំបូងឆ្នាំ ២០២០ (ខែមករា ដល់ខែកញ្ញា​)។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia។

3 តម្លៃផ្ទះតាមបុរីបន្តកើនឡើងបន្តិច

CBRE បង្ហាញថាតម្លៃអគារលំនៅឋានពីបុរីមិនមានសញ្ញាថមថយទេគិតត្រឹមត្រីមាសទី៣ឆ្នាំ ២០២០ ដោយសារតម្រូវការពីប្រជាជនក្នុងស្រុក។ ក្នុងនោះប្រភេទផ្ទះល្វែងមានតម្លៃជាមធ្យម $107K ក្នុងមួយល្វែង កើនឡើង ៣.៤% បើធៀបនឹងត្រីមាសទី១។ ប្រភេទផ្ទះលីងហោស៍ (Linkhouse) មានតម្លៃជាមធ្យម $143K ក្នុងមួយយូនីត (កើនឡើង12.5%), ប្រភេទផ្ទះអាជីវកម្ម (Shophouse) មានតម្លៃជាមធ្យម $238K ក្នុងមួយយូនីត (កើនឡើង5.2 %) និងផ្ទះវីឡាភ្លោះកើនឡើង 9.2%។

4_កម្ចីទិញផ្ទះ កើនដល់ ៤,៦ ពាន់លានដុល្លារ

កម្ចីក្នុងទិញផ្ទះបានកើនដល់ ៤,៦ ពាន់លានដុល្លារគិតត្រឹមដំណាច់ខែកញ្ញាឆ្នាំ ២០២០ ដែលកើនឡើងគួរឲ្យកត់សម្គាល់ពីត្រឹម ៣,៩ ពាន់លានដុល្លារកាលពីដំណាច់ឆ្នាំ២០១៩។ នេះបើតាមរបា​យការណ៍ត្រីមាសទី៣របស់ការិយាល័យឥណទាន​កម្ពុជា (CBC)។

របាយការណ៍ដដែលបានគូសបញ្ជាក់ថា ចំនួនប្រជាជន​កម្ពុជាដែលស្នើសុំកម្ចីអចលនទ្រព្យកើនខ្ពស់ឡើងវិញក្នុងអំឡុងខែ កក្កដា រហូតដល់ដំណាច់ខែកញ្ញាឆ្នាំ២០២០នេះ ដោយចំនួនអ្នកស្នើសុំកើនឡើង ៥០% បើធៀបនឹងបីខែមុន (មេសា-ឧសភា-មិថុនា) នៃត្រីមាសទី២។ របាយការណ៍នេះបានបង្ហាញថា នៅត្រីមាសទី៣នេះទំហំទឹកប្រាក់នៃការស្នើសុំកម្ចីអចលនទ្រព្យកើនឡើង ៣៦ភាគរយ បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២០។

5 ទីផ្សារខុនដូរបានថមថយបន្តិចនៅឆ្នាំ ២០២០

ក្នុងត្រីមាសទី១ មានអគារខុនដូចំនួន៥ គម្រោងបានបញ្ចប់ការសាងសង់ ហើយរួចរាល់ដើម្បីចូលនៅ (ស្មើនឹង ២ ៨៤៣ យូនីត) ហើយទន្ទឹមនោះគម្រោងខុនដូរ ៨គម្រោងបានប្រកាសបើកលក់ ដែលស្មើនឹង ៤ ៥២១ យូនីត។ នេះបើតាម CBRE។

នៅត្រីមាសទី២ មិនមានគម្រោងខុនដូរថ្មីបានបញ្ចប់ការសាងសង់នោះទេ តែមានគម្រោងថ្មីបីប្រកាសបើកលក់ក្នុងទីផ្សារ ហើយរហូតមកដល់ត្រីមាសទី៣ មានតែគម្រោងខុនដូ Urban Village បានបញ្ចប់ដំណាក់កាលទី១របស់ខ្លួន​។

6 តម្លៃជួលខុនដូរ និងអាផាតមិន បានធ្លាក់ចុះតិចតួច

តម្លៃជួលខុនដូរបានធ្លាក់ចុះបន្តិចនៅឆ្នាំ ២០២០ នេះ។ ព័ត៌មានពី CBRE បង្ហាញថា នៅត្រីមាសទី ១ ខុនដូរកម្រិតខ្ពស់ (high-end) មានតម្លៃដាក់ជួល ១៤,២ ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈដែលខុនដូរកម្រិតមធ្យម (mid-range) មានតម្លៃដាក់ជួល ១១,៨ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តែតម្លៃជួលនេះ បានធ្លាក់ចុះនៅចុងឆ្នាំ ២០២០នេះ ដែលតម្លៃ​ជួលខុនដូកម្រិតខ្ពស់មានប្រមាណ ១៣ ដុល្លារក្នុងមួយម៉ែត្រការ៉េ ស្របពេលដែលខុនដូរកម្រិតមធ្យមធ្លាក់មកត្រឹម ១០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តម្លៃជួលអាផាមិនសម្រាប់បន្ទប់គេងគ្រែមួយមិន​មានការប្រែប្រួលទេក្នុងឆ្នាំ២០២០ ដោយមានតម្លៃជួលជាមធ្យម ៦០០ដុល្លារក្នុងមួយខែ។ នេះបើតាមការកត់ត្រាដោយក្រុមហ៊ុន Real estate.com.kh។  ចំណែកឯកបន្ទប់គេងគ្រែពីរមានតម្លៃជួលជាមធ្យម ៩០០ ដុល្លារក្នុងមួយខែ ធ្លាក់ចុះ៥ភាគរយ បើធៀបនឹងឆ្នាំមុន។

7 ទីផ្សារការិយាល័យ  និងផ្សារទំនើបបែបសហគមនៅបន្តកើនឡើង  

អគារការិយាល័យចំនួន ៨គម្រោងបានបញ្ចប់ការសាងសង់ ហើយមានមួយគម្រោងប្រកាសបើកលក់ក្នុងទីផ្សារ ដោយគិតចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី៣។ នេះបើតាម​របាយការណ៍ CBRE Cambodia។

បើតាមរបាយការណ៍ដដែល ក្នុងរយៈពេល៩ខែឆ្នាំ២០២០ ផ្សារទំនើបបែបសហគមន៍ចំនួនប្រាំកន្លែងបានបញ្ចប់ការ​សាងសង់មានដូចជា Samai Square, TL Sky Mall, Khalandale Mall, The One Mall និងហាងលក់រាយ 313 Quayside។

8 គម្រោងសាងសង់ទទួលបានការអនុញ្ញាតបន្តកើនឡើង

យោងតាមទិន្នន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ការអនុម័តលើគម្រោងសាងសង់មានចំនួនសរុប ៣៧៣៩ គម្រោងក្នុងរយៈពេល៩ខែដំបូងឆ្នាំ២០២០ កើនឡើង ៣,២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯទុនមានទំហំទឹកប្រាក់ប្រមាណជាង ៥.៨ពាន់លានដុល្លារ ធ្លាក់ចុះ៩.៣ភាគរយ បើធៀបនឹង៩ខែឆ្នាំ២០១៩។

9 លំហូរវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា(FDIs) មានដល់រាប់រយលានដុល្លារ    

រយៈពេល៧ខែ ឆ្នាំ២០២០ ទំហំទឹកប្រាក់នៃការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាលើវិស័យសំណង់ និងអចលនទ្រព្យមានចំនួន ១៤២លានដុល្លារ កើនឡើង ៩ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ ចំនួននេះស្មើនឹង ៩.៨ភាគរយ នៃលំហូរវិនិយោគផ្ទាល់ពីបរទេសសរុបនៅកម្ពុជា។ ក្នុងរយៈពេលដូចគ្នានេះ ការវិនិយោគលើឧស្សាហកម្ម មិនមែនកាត់ដេរ(ប្រភេទអចលនទ្រព្យឧស្សាហកម្ម) ទទួលបាន ទំហំទឹកប្រាក់វិនិយោគ៨៧៨លានដុល្លារអាមេរិក កើនឡើង ៨.២ភាគរយបើធៀបនឹងឆ្នាំ២០១៩។ វិស័យនេះទទួលបានចំណែកវិនិយោគធំជាងគេរហូតដល់ទៅ៦០ ភាគរយនៃFDIs សរុប។ នេះបើតាមរបាយការណ៍ចុងក្រោយថ្មីមួយរបស់ធនាគារពិភពលោក (World Bank)។

10 ការអនុគ្រោះពន្ធលើចំណេញមូលធន និងពន្ធប្រថាប់ត្រា

ពន្ធលើចំណេញមូលធន ដែលត្រូវបានកំណត់យកអត្រា២០% ទៅលើផលចំណេញសម្រេចបាន ពីអចលនទ្រព្យ ត្រូវបានរដ្ឋាភិបាលសម្រេចលើកពេលអនុវត្តរហូតថ្ងៃទី ១ ខែមករា ឆ្នាំ២០២២ ហើយរដ្ឋាភិបាលក៏សម្រេចបន្តមិនយកពន្ធប្រថាប់ត្រា ពីអ្នកទិញលំនៅឋានដែលមានតម្លៃស្មើ ឬក្រោម៧ម៉ឺនដុល្លាររហូតដល់ខែធ្នូ ឆ្នាំ២០២១។

ចុចទីនេះអានបន្ថែម៖
ពន្ធប្រថាប់ត្រា
ពន្ធលើចំណេញមូលធន

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង