ពោធិ៍សាត់៖ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នឹងសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មកាន់តែរស់រវើក ដោយសារលទ្ធភាពបង្កើតបង្កើតច្រកអន្តរជាតិថ្មីមួយនៅព្រំដែនកម្ពុជាថៃ ស្របពេលផ្លូវតភ្ជាប់មួយខ្សែរវាងច្រកភូមិថានសេន ខេត្តត្រាត ប្រទេថៃ និងច្រកថ្មដាស្ថាបនារួចរាល់។
សេចក្តីជូនដំណឹងរបស់រដ្ឋាបាលខេត្តពោធិ៍សាត់នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា អាជ្ញាធរនៃខេត្តទាំងពីរ កំពុងពន្លឿនការបើកច្រកព្រំដែនកម្ពុជា-ថៃ រវាងខេត្តពោធិ៍សាត់ និងខេត្តត្រាត ខណៈដែលអាជ្ញាធរខេត្តត្រាតកំពុងស្ថាបនាផ្លូវមួយខ្សែដោយសម្រេចបាន៩០ភាគរយ ហើយនឹងត្រូវតភ្ជាប់ជាមួយច្រកថ្មដា (ផ្លូវជាតិលេខ៥៥) ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្ពពោធិ៍សាត់។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុ បានលើកឡើងថា ស្រុកវាលវែងកំពុង មានសក្តានុពលសម្រាប់ការវិនិយោគលើវិស័យអចលនទ្រព្យ ព្រោះជាតំបន់មានផ្លូវក្រវ៉ាត់តភ្ជាប់ពីខេត្តពោធិ៍សាត់ទៅកាន់ខេត្តត្រាត ប្រទេសថៃ ដែលការតភ្ជាប់នេះនឹងធ្វើឱ្យមានចរន្តនៃធ្វើការពាណិជ្ជកម្មដ៏សំខាន់រវាងប្រទេសទាំងពីរនាពេលអនាគត។
លោកថ្លែងថា៖«ស្រុកវាលវែង គឺជាតំបន់មួយដែលចាប់ផ្តើមមានសក្តានុពល ហើយមានផ្លូវក្រវ៉ាត់តភ្ជាប់រវាងខេត្តពោធិ៍សាត់ ទៅប្រទេសថៃ…ជាតំបន់ជាប់ព្រំដែន ដែលអនាគតនឹងមានការធ្វើពាណិជ្ជកម្មរវាងប្រទេសថៃ និងកម្ពុជាកើតឡើង។ ហើយប៉ែកនៅជិតភូមិភាគព្រំដែននឹងមានការបើកកាស៊ីណូ ឬគម្រោងអភិវឌ្ឍន៍ផ្សេងៗជាច្រើនទៀត។»
រដ្ឋាភិបាលកម្ពុជាកាលពីខែមីនា ឆ្នាំ២០២០ បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវជាតិលេខ ៥៥ ឬហៅថា ផ្លូវបុប្ផាលាក់ខ្លួន ដោយតភ្ជាប់ចេញពីទីរួមខេត្តពោធិ៍សាត់ ទៅស្រុកវាលវែង ដល់ថ្មដា ច្រកព្រំដែនកម្ពុជា-ថៃ។ ផ្លូវបុប្ផាលាក់ខ្លួននេះ មានប្រវែង ១៨២ គីឡូម៉ែត្រ
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ នាពេលនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជម្រុញឱ្យមន្ត្រីរដ្ឋាភិបាលកម្ពុជាចរចារជាមួយភាគីថៃ ក្នុងការបើកច្រកព្រំដែនអន្តរជាតិថ្មដា ជាមួយខេត្តត្រាតប្រទេសថៃ ដើម្បីបង្កើនពាណិជ្ជកម្មឆ្លងដែន និងការផ្លាស់ប្តូរទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។
សម្តេចថ្លែងថា៖ «ប្រសិនបើយើងបើកច្រកព្រំដែនអន្តរជាតិនេះពាណិជ្ជកម្មទ្វេភាគីរបស់យើងនឹងកើនឡើងកាន់តែច្រើនថែមទៀត ហើយវិស័យទេសចរណ៍នឹងកើនឡើងផងដែរ។ នេះជាអត្ថប្រយោជន៍ទៅវិញទៅមករវាងប្រទេសជិតខាងទាំងពីរ»។