ភ្នំពេញ៖ វិស័យសំណង់និងអចលនទ្រព្យបានរួមចំណែកធំជាងគេ នៃកំណើនទុនវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា ដោយមានទុនវិនិយោគរហូតរហូតដល់ ៥ ពាន់លានដុល្លារក្នុងរយៈពេលជាង ៥ ឆ្នាំចុងក្រោយ។ នេះបើតាមរបាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោក (WB)។
របាយការណ៍ថ្មីស្តីពីបច្ចុប្បន្នភាព និងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជារបស់ WB ចេញផ្សាយនៅខែវិច្ឆិកា ឆ្នាំ២០២០ បានបង្ហាញថា ចាប់ខែមករា ឆ្នាំ២០១៤ រហូតមកដល់ខែ កក្កដា ឆ្នាំ២០២០ ទុនវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជាលើវិស័យសំណង់ និងអចលនទ្រព្យមានទឹកប្រាក់ជាង ៥ពាន់លានដុល្លារ។ ចំនួននេះស្មើនឹង ៣៤ ភាគរយនៃទំហំទុនវិនិយោគផ្ទាល់ពីបរទេស FDIs សរុបមកកម្ពុជា។
ក្នុងរយៈពេលជាង ៥ ឆ្នាំនេះ ទុនវិនិយោគសរុប FDIs មកកម្ពុជាមានចំនួនសរុប ១៤,៩ ពាន់លានដុល្លារ ក្នុងនោះទុន FDIs ក្នុងវិស័យឧស្សាហកម្មមិនមែនកាត់ដេរមាន ៣,៣ ពាន់លានដុល្លារ បន្ទាប់មកកាត់ដែរសម្លៀកបំពាក់ ២,៥ ពាន់លានដុល្លារ និងវិស័យសំខាន់ៗផ្សេងទៀត។ (មើលក្រាហ្វិក)
យោងតាមរបាយការណ៍ WB បើទោះបីជាសេដ្ឋកិច្ចកម្ពុជារងផលប៉ះពាល់ពីវិបត្តិសកលនៃជំងឺ កូវីដ ១៩ ដ៏ដោយ ក៏ទុនវិនិយោគពីបរទេសមកក្នុងវិស័យសំណង់ និង អចលនទ្រព្យកម្ពុជាក៏នៅបន្តកើនឡើងជិត ១០ ភាគរយក្នុងរយៈពេល ៧ ខែដំបូងឆ្នាំ ២០២០ នេះ។
យ៉ាងណាក៏ដោយ របាយការណ៍ដែលស្រាវជ្រាវដោយក្រុមអ្នកជំនាញរបស់ស្ថាប័ន WB បានរកឃើញថា សេដ្ឋកិច្ចកម្ពុជា ធ្លាក់ចុះ (-២ភាគរយ) ក្នុងឆ្នាំ២០២០ ហើយនឹងស្ទុះងើបឡើងវិញនៅឆ្នាំ២០២១ ក្នុងអត្រាកំណើន ៤ភាគរយ ដែលកំណើននេះទ្រទ្រង់ដោយសកម្មភាពមួយចំនួនដូចជា លំហូរវិនិយោគ FDI លើវិស័យកម្មន្តសាលមិនមែនកាត់ដេរ និងកសិកម្មបន្តកើនឡើង ប្រក្រតីភាពសេដ្ឋកិច្ចក្នុងស្រុក រួមទាំងកំណើននៃការនាំចេញកង់ គ្រឿងអេឡិចត្រូនិច និងផលិតផលកសិកម្ម។