ភ្នំពេញ៖ ទីផ្សារដីធ្លីនៅតំបន់មួយចំនួនក្នុងខណ្ឌព្រែកភ្នៅ នៅមានតម្លៃទាបជាង១០០ដុល្លារនៅឡើយក្នុងមួយម៉ែត្រការ៉េ បើធៀបនឹងតំបន់ផ្សេងៗនៃខណ្ឌដទៃទៀតក្នុងរាជធានីភ្នំពេញ។ នេះបើតាមការវាយតម្លៃរបស់ស្ថាប័នជំនាញ។
យោងតាមសន្ទស្សន៍ដីធ្លីរាជធានីភ្នំពេញ វាយតម្លៃដោយក្រុមហ៊ុន Vtrust Appraisal ដែលបណ្តាញព័ត៌មានអចលនទ្រព្យ Z1News ទទួលបាន បានបង្ហាញថា ទីតាំងដីធ្លីក្នុងខណ្ឌព្រែកភ្នៅដែលឋិតនៅតាមបណ្តោយផ្លូវលេខ៤២ មានតម្លៃចន្លោះពី ៦០ ទៅ ១៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលជាតម្លៃដីទាបជាងគេក្នុងខណ្ឌព្រែកភ្នៅ។
បន្ទាប់មកគឺទីតាំងដីស្ថិតនៅតាមបណ្តោយផ្លូវក្នុងតំបន់ចុងថ្នល់ ឆ្ពោះទៅផ្លូវលេខ ៤២ ដែលមានតម្លៃខ្ពស់ជាងតំបន់ខាងលើបន្តិច ដែលមានចន្លោះពី ៨០ ទៅ២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តំបន់ផ្លូវ៤២ និងតំបន់ផ្លូវចុងថ្នល់ ស្ថិតក្នុងសង្កាត់ពន្សាំង។
បើតាមសន្ទស្សន៍ដីធ្លីរបស់ក្រុមហ៊ុនជំនាញខាងលើ បានគូសបញ្ជាក់បន្ថែមថា តំបន់ផ្លូវ២០០៤ និងកំណាត់ផ្លូវជាតិលេខ៥ ជាតំបន់ដែលមានតម្លៃដីធ្លីខ្ពស់ជាងគេក្នុងខណ្ឌព្រែកភ្នៅ ដែលមានតម្លៃចន្លោះពី៣០០ រហូតដល់ទៅ១២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
យ៉ាងណាមិញ បើធ្វើការប្រៀបធៀបខណ្ឌព្រែកភ្នៅ ជាមួយខណ្ឌដង្កោ ដែលជាតំបន់ឋិតនៅជាយក្រុងភ្នំពេញដូចគ្នា ទីតាំងដីនៅខណ្ឌដង្កោដែលទាបបំផុតមានចន្លោះពី១២០ ទៅ ២៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈកម្រិតអតិបរមាមានតម្លៃចន្លោះពី ៥៦០ ទៅ ១៤៧០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ខណ្ឌព្រែកភ្នៅស្ថិតនៅប៉ែកពាយព្យ (ខាងលិខឆៀងខាងជើង) នៃរាធានីភ្នំពេញ ហើយខណ្ឌនេះត្រូវបានបង្កើតឡើងនៅខែធ្នូ ឆ្នាំ២០១៣ ដោយកាត់យកសង្កាត់ចំនួនបីពីខណ្ឌសែនសុខ គឺសង្កាត់ព្រែកភ្នៅ សង្កាត់ពញាពន់ និងសង្កាត់សំរោង និងកាត់យកសង្កាត់ចំនួនពីរ ពីខណ្ឌពោធិ៍សែនជ័យ គឺសង្កាត់គោករកា និងសង្កាត់ពន្សាំង។