វិស័យអចលនទ្រព្យនឹងដើរតាមគន្លងវិស័យហិរញ្ញវត្ថុទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យា

Bunthoeun Chhut 30/December/2020 11:39
ចែករំលែក

វិស័យអចលនទ្រព្យកម្ពុជាអាចនឹងដើរតាមគន្លងនៃការវិវត្តន៍របស់វិស័យហិរញ្ញវត្ថុ ក្នុងការសម្របខ្លួនបានលឿនទៅនឹងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្ម។

ពីការផ្ទេរប្រាក់តាមបែបប្រពៃណី មកការប្រើប្រាស់ទូរស័ព្ទដៃ ឬពីការទូទាត់សាច់ប្រាក់ផ្ទាល់ មកជាស្កេន QR កូដ បច្ចេកវិទ្យាបានដើរតួនាទីសំខាន់ដល់ប្រតិបត្តិក្នុងវិស័យហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន ហើយការវិវត្តន៍នេះក៏នឹងកើតមានក្នុងវិស័យអចលនទ្រព្យផងដែរ។

[អត្ថបទទាក់ទង៖ បច្ចេកវិទ្យាអចលនទ្រព្យមានចំណែកទីផ្សារកាន់តែធំ]

ខាងក្រោមនេះគឺបច្ចេកវិទ្យា ៥ នេះដែលនឹងមានឥទ្ធិពលដល់វិស័យអចលនទ្រព្យទាំងកាលទេសៈបច្ចុប្បន្ន និងអនាគត៖

1 – ទិន្នន័យទំហំធំ  Big Dataជាសំណុំទិន្នន័យយក្សដែលត្រូវបានប្រមូលពីអ្នកប្រើប្រាស់អ៊ីនធឺណេត។  បច្ចុប្បន្នការរស់នៅប្រចាំថ្ងៃរបស់មនុស្សច្រើនឡើងៗកាន់តែសម្របខ្លួនទៅនឹងការប្រើប្រាស់ប្រព័ន្ធឌីជីថលដូចជា​ ការបញ្ជាទិញទំនិញតាមអនឡានជាដើម។ ទាំងនេះបង្កើតបានជាទិន្នន័យដែលមានបរិមាណច្រើននៅក្នុងលំហភ្ជាប់អ៊ីនធឺណេត (cyberspace) ហើយទិន្នន័យទាំងនេះអាចយកទៅវិភាគដើម្បីរកឱ្យឃើញនូវអាកប្បកិរិយា និងនិន្នាការរបស់អតិថិជន ឬអ្នកប្រើប្រាស់ ដែលនេះអាចជាប្រយោជន៍ដ៏សំខាន់ក្នុងសម្រេចចិត្ត និងការព្យាករណ៍ចំពោះប្រតិបត្តិករក្នុងការធ្វើទីផ្សារ​ឱ្យចំគោលដៅអតិថិជន។

Big Data នេះក៏នឹងអាចធ្វើឱ្យមានការផ្លាស់ប្តូរឧស្សហកម្មអចលនទ្រព្យ តាមរយៈការជួយឱ្យអ្នកទិញ អ្នកលក់ និងភ្នាក់ងារ អាចស្វែងរក ហើយវិភាគពីអចលនទ្រព្យនោះឱ្យបានត្រឹមត្រូវ (accuracy)  និងមានតម្លាភាព (transparency) ថែមទៀតផង។ ជារួម Big Data នឹងធ្វើឱ្យមានការផ្លាស់ប្តូររបៀបរបបយ៉ាងច្រើន​ក្នុងវិស័យអចលនទ្រព្យ និងហិរញ្ញវត្ថុ ហើយធ្វើឱ្យប្រតិបត្តិការក្នុងឧស្សាហកម្មនេះកាន់តែងាយស្រួល និងមានប្រសិទ្ធិភាពជាងមុន។

2 – ប្រាជ្ញាសិប្បនិម្មិត Artificial Intelligence (AI)៖  ការ​ជឿនលឿនផ្នែកប្រាជ្ញាសិប្បនិម្មិត AI គឺជាការវិវឌ្ឍន៍នៃបច្ចេកវិទ្យាដែលម៉ាស៊ីនត្រូវបានបង្កើតឱ្យមានប្រាជ្ញាដូចមនុស្សក្នុងការគិត ធ្វើការ ហើយចេះដោះស្រាយបញ្ហា។

នៅកម្ពុជា មានក្រុមហ៊ុន Z1 Data Co., LTD (Cambodia) ដែលជាក្រុមហ៊ុនឯកទេសខាងប្រើប្រាស់ប្រាជ្ញាសិប្បនិម្មិត ដើម្បីស្រាវជ្រាវ និងវិភាគទិន្នន័យក្នុងវិស័យអចលនទ្រព្យ បានសហការជាមួយក្រុមហ៊ុនអាមេរិក The​ DevMasters ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្ទុកទិន្នន័យខ្នាតធំមួយសម្រាប់ពាណិជ្ជកម្មក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ តាម​រយៈការប្រើប្រាស់បច្ចេកវិទ្យា AI ក្រុមហ៊ុនធ្លាប់បានគូសបញ្ជាក់ថានឹងជួយពន្លឿនប្រតិបត្តិការវិស័យអចលនទ្រព្យក្នុងការកាត់បន្ថយពេលវេលាដែលតែងតែធ្វើដោយដៃកន្លងមក ហើយប្រាជ្ញាសិប្បនិម្មិត ក៏បានជួយបង្កើនប្រសិទ្ធភាពសម្រាប់ដំណើរការទិញលក់ និង ប្រតិបត្តិការទីផ្សារអចលនទ្រព្យផងដែរ។

3 បច្ចេកវិទ្យាហិរញ្ញវត្ថុ FinTechសំដៅលើបច្ចេកវិទ្យាដែលនៅក្នុងឧស្សាហកម្មមួយដែលផ្តល់សេវាកម្មហិរញ្ញវត្ថុទៅកាន់អ្នកប្រើប្រាស់ មានដូចជាការទូទាត់សាច់ប្រាក់តាមទូរស័ព្ទដៃ និងការប្តូររូបិយប័ណ្ណឌីជីថល (cryptocurrency) តាមប្រព័ន្ធប្លុកឆេន ជាដើម។ មានក្រុមហ៊ុនខ្លះបានចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យានេះរួចទៅហើយក្នុងការផ្តល់កម្ចីអចលនទ្រព្យ។

នៅពេលអនាគត ដំណោះស្រាយនៃការផ្តល់កម្ចីអចលនទ្រព្យតាម​គ្រឹះស្ថានធនាគារអាចកាន់តែទំនើប ព្រោះបច្ចេកវិទ្យានេះអាចឆែកមើលពីព័ត៌មានឥណទាន និងប្រវត្តិបំណុលរបស់អ្នកស្នើសុំកម្ចី ហើយថែមទាំងអាចអនុម័តការផ្តល់កម្ចីក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។

4- អ៉ីនធឺណេតនៃវត្ថុ Internet  of Things (loT)៖ ជាបច្ចេកវិទ្យាដែលឧបករណ៍អេឡិចត្រូនិចនានា ឬឧបករណ៍ឆ្លាតវៃផ្សេងៗអាចតភ្ជាប់ជាមួយនឹងអ៉ីនធឺណិត។ ឧទាហរណ៍ ដូចជាម៉ាស៊ីនត្រជាក់ កាមេរ៉ាសុវត្ថិភាព ម៉ាស៊ីនសំអាតធូលីក្នុងផ្ទះ អំពូលភ្លើងដែលជាប្រភេទឧបករណ៍ដែលមានមុខងារឆ្លាតវៃអាចតភ្ជាប់ជាមួយនឹងអ៉ីនធឺណិត ហើយអាចបញ្ជាពីចម្ងាយ (ឧ.កន្លែងធ្វើការ និងផ្ទះ) ឬវាអាចដំណើរការដោយស្វ័យប្រវត្តិ។ នេះគ្រាន់តែឧទាហរណ៍តូចមួយនៃការប្រើប្រាស់បច្ចេកវិទ្យា IoT ដែលសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់មនុស្ស។

ក្នុងន័យនេះ ម្ចាស់ទ្រព្យដែលបំពាក់ឧបករណ៍ឆ្លាតវៃនៅក្នុងគេហដ្ឋាន ឬអគារការិយាល័យជួលដែលប្រើប្រាស់នូវបច្ចេកវិទ្យាឆ្លាតវៃនេះគឺ​អាចបង្កើនភាពទាក់ទាញ និងមានប្រៀបលើការប្រកួតប្រជែងក្នុងទីផ្សារ ព្រោះវាផ្តល់បទពិសោធន៍ថ្មីក្នុងការរស់នៅ និងកន្លែងធ្វើការ។ មួយវិញទៀត នៅក្នុងបច្ចេកវិទ្យា IoT ក៏គេអាចបង្កើតប្រព័ន្ធសហ្វវ៉ែ (softwar) បំពាក់ក្នុងអគារដើម្បីតាមដាន  និងព្យាករណ៍ពីប្រព័ន្ធផ្សេងៗដែលនឹងកើតឡើង ដូចជាប្រព័ន្ធទឹកភ្លើងជាដើម។

5 បច្ចេកវិទ្យាពិភពនិម្មិត Virtual Reality៖ ជាឧបករណ៍មួយប្រភេទ ដែលគេអាចពាក់នឹងភ្នែក ដើម្បីមើលរូបភាពដែលរចនាដោយប្រើកុំព្យូទ័រជាលក្ខណៈ 3D ដូចនឹងរូបភាពពិតជាក់ស្ដែងដែរ។ នៅក្នុងកាលទេសនៃជំងឺរាតត្បាតកូវីដ-១៩ ដែលមានការរឹតបន្តឹងក្នុងការធ្វើដំណើរ​ជាពិសេសអតិថិជនដែលទិញអចលនទ្រព្យក្រៅប្រទេស ការប្រើបច្ចេកវិទ្យាពិភពនិម្មិត ក៏អាចប្រើប្រាស់​ដើម្បីពិនិត្យមើលគម្រោងគំរូពីចំងាយ ហើយអាចមើលឃើញដូចរូបភាពជាក់ស្តែង។   (ចុចទីនេះដើម្បីមើលវីដីដេអូស្តីការប្រើប្រាស់បច្ចេកវិទ្យា VR ក្នុងទីផ្សារអចលនទ្រព្យ មជ្ឈមណ្ឌលកម្ពុជា ៤.០)

សូមជម្រាបថា ខាងលើនេះគឺជាការរៀបរាប់ត្រួសៗ​នៃមុខងារបច្ចេកវិទ្យានីមួយៗ ដែលនឹងជួយសម្រួល ហើយ​បង្កើនសិទ្ធិភាពនៃប្រតិបត្តិការក្នុងវិស័យនេះ ហើយជាក់ស្តែងបច្ចេកវិទ្យាទាំងនេះអាចនឹងមានមុខងារផ្សេងៗទៀតដែលត្រូវបានគេប្រើប្រាស់ក្នុងវិស័យអចលនទ្រព្យ។

 វីដេអូទាក់ទង៖  ឥទ្ធិពលនៃបច្ចេកវិទ្យាមកលើប្រតិបត្តិការវិស័យអចលនទ្រព្យ

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង