ដ្បិតជំងឺរាតត្បាតកូវីដ-១៩ បានបង្កបញ្ហាដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកក្តី តែអ្នកជំនាញអន្តរជាតិក្នុងវិស័យអចលទ្រព្យមើលឃើញថា ជាឱកាសដ៏ល្អវិសេសវិសាលក្នុងការប្រមូលទិញអចលនទ្រព្យតម្លៃក្រោមទីផ្សារដែលបង្កើតជាផលចំណេញនាពេលខាងមុខ។

លោក Thomas Balashev ផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ CNBC
លោក Thomas Balashev ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Montague Real Estate មានមូលដ្ឋាននៅប្រទេសអង់គ្លេស បានឱ្យដឹងថា ក្នុងអំឡុងពេលសេដ្ឋកិច្ចថមថយ ដោយសារបញ្ហាកូវីដ-១៩ វិស័យអចលនទ្រព្យបង្កើតឱកាសច្រើនដែលអ្នកវិនិយោគជាច្រើនមិននឹកស្មានដល់។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានCNBC ចេញផ្សាយនៅដើមសប្តាហ៍នេះ។
ប្រភពដដែលនេះបានដកស្រង់សម្តីលោក Thomas ថា៖«បើក្រឡេកទៅមើលវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុឆ្នាំ ២០០៨ រហូតដល់ឆ្នាំ២០១០ ដែលកាលណោះវាជាប់ទាក់ទងដោយផ្ទាល់ទៅនឹងបញ្ហាទីផ្សារផ្ទះសម្បែងនៅអាមេរិក ហើយមានមនុស្សមួយចំនួនប៉ុណ្ណោះដែលទាញប្រយោជន៍នាពេលនោះ។ ប៉ុន្តែស្ថានភាពពេលនេះ អចលនទ្រព្យខ្លះដែលមិនគួរធ្លាក់ថ្លៃ បែរជាធ្លាក់ចុះយ៉ាងគំហុកហើយប្រកាសដាក់លក់»។
លោកបន្តថា៖ «ហេតុដូច្នេះហើយបើជាអ្នកទិញអចលនទ្រព្យហើយមានសាច់ប្រាក់ច្រើន នោះជាឱកាសធំធេងណាស់ក្នុងការវិនិយោគអចលនទ្រព្យនាពេលនេះ មិនថានៅទ្វីបណាមួយទេ គឹនៅទូទាំងពិភពភលោកតែម្តង។»
បើតាមលោក Thomas Balashe ប្រតិបត្តិការទិញ-លក់អចលនទ្រព្យនៅតែបន្តកើតមាននៅទូទាំងពិភពលោក។ សម្រាប់ទីផ្សារអចលនទ្រព្យនៅអង់គ្លេស លោកថាមានវិនិយោគិនពីអាស៊ីសាកសួរព័ត៌មានស្វែងរកអចលនទ្រព្យតាមរយៈក្រុមហ៊ុនរបស់លោកកើនឡើងចន្លោះពី ២០០ ទៅ៣០០ ភាគរយ បើធឿបនឹងឆ្នាំមុន។
ការលើកឡើងនេះហាក់ស្របទៅនឹងព័ត៌មានដែលថា មហាសេដ្ឋីដែលមានប្រាក់ខ្ទង់ពាន់លានដុល្លារពីររូបនៅអង់គ្លេសដែលជាបងប្អូនបង្កើតនឹងគ្នាគឺលោក David និងលោក Simon Reuben បានបោះទុនរាប់លានដុល្លារក្នុងការទិញអចលនទ្រព្យក្នុងកំឡុងពេលដែលសេដ្ឋកិច្ចពិភពលោកប្រឈមដោយវិបត្តិជំងឺកូវីឌ-១៩។ (សូមចុចទីនេះអានបន្ថែម)