ច្បាប់គ្រប់គ្រងអាជីវកម្មល្បែងនឹងអាចឲ្យកម្ពុជារកចំណូលបានរាប់រយលានដុល្លារក្នុងមួយឆ្នាំ
មន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ច្បាប់ស្តីពីការគ្រប់គ្រងអាជីវកម្មល្បែងនឹងជួយទាក់ទាញការវិនិយោគលើការអភិវឌ្ឍរីស៊តចម្រុះបន្ថែមលើតែល្បែងកាស៊ីណូមួយមុខ ហើយអាចឲ្យកម្ពុជាបង្កើនចំណូលពន្ធទ្វេដងពីចំណូលបច្ចុប្បន្ន។
បច្ចុប្បន្ន កម្ពុជាមានកាស៊ីណូចំនួន៩៣ កន្លែងដែលមានអាជ្ញាប័ណ្ណប្រតិបត្តិការអាជីវកម្មនៅទូទាំងប្រទេស ដែលភាគច្រើនមានទីតាំងនៅខេត្តព្រះសីហនុ និងបណ្តាខេត្តដែលជាប់ព្រំដែន។ ក្នុងឆ្នាំ២០១៩ ចំណូលពន្ធពីវិស័យកាស៊ីណូដែលកម្ពុជាប្រមូលបានមានប្រមាណ១០០លានដុល្លារ ហើយរដ្ឋាភិបាលរំពឹងថា ការដាក់ឱ្យប្រើប្រាស់ច្បាប់ថ្មីនេះនិងបង្កើនចំណូលទ្វេដង។ ប្រភព៖Nikkei Asia
ហាងឆេងដីនៅខណ្ឌទួលគោកកើនឡើងជិត២ ដងត្រឹមរយៈពេល ២ឆ្នាំ
តម្លៃដីធ្លីនៅខណ្ឌទួលគោកបានកើនឡើងចន្លោះពី ៧០ទៅ៩០ ភាគរយក្នុងរយៈពេលពីរឆ្នាំចុងក្រោយ ស្របពេលខណ្ឌនេះបានវិវត្តពីតំបន់សម្រាប់រស់នៅ មកជាតំបន់ពាណិជ្ជកម្មដ៏លេចធ្លោមួយនៅទីក្រុងភ្នំពេញ។ ទីផ្សារដីធ្លីក្នុងខណ្ឌទួលគោគដែលមានទីតាំងតាមបណ្តោយផ្លូវធំៗត្រូវបានដាក់លក់ក្នុងតម្លៃជាមធ្យម ២ ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េកាលពីឆ្នាំ២០១៨ តែតម្លៃនេះបានឡើងដល់ចន្លោះពី ៣ ៨០០ ទៅ ៤ ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េនាពេលបច្ចុប្បន្ន។ ប្រភព៖ Z1News
ADB ព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញនៅឆ្នាំ២០២១
ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) នៅតែមានសុទ្ធិនិយមសម្រាប់សេដ្ឋកិច្ចកម្ពុជាដោយព្យាករណ៍ថានឹងមានកំណើនក្នុងរង្វង់៥.៤ភាគរយក្នុងឆ្នាំ២០២១ ដោយសារពិធកម្មសមត្ថភាពនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលជាគន្លឹះសំខាន់សម្រាប់ភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា។
ថ្លែងក្នុងបទបង្ហាញនៃសិក្ខាសាលាតាមប្រព័ន្ធអនឡាញលើប្រធានបទ «ដំណើរឆ្ពោះទៅរកភាពប្រសើរឡើងវិញសម្រាប់ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១» លោក David Freedman សេដ្ឋវិទូប្រចាំប្រទេស និង មន្រ្តីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងធ្លាក់ចុះ៤ ភាគរយក្នុងឆ្នាំ ២០២០ បើធៀបនឹងឆ្នាំមុន ប៉ុន្តែនឹងងើបឡើងវិញក្នុងរង្វង់ ៥,៤ ភាគរយនៅក្នុងឆ្នាំ ២០២១។ ប្រភព៖ Khmer Times
រោងចក្រផលិតដែកថ្មីមួយដែលអាចផលិតបាន៧០ភាគរយនៃការនាំចូល បើកដំណើរការ
រោងចក្រផលិតដែកថែប Hong De Sheng Steel ដែលមានសមត្ថភាពផលិតបាន ៧០ ភាគរយនៃបរិមាណដែកនាំចូលប្រចាំឆ្នាំ នឹងបើកដំណើរការចាប់ពីខែធ្នូនេះទៅ ដើម្បីផ្គត់ផ្គង់ដែកនៅទីផ្សារក្នុងស្រុក ស្របពេលវិស័យសំណង់បន្តកើនឡើង។ មានទីតាំងស្ថិតនៅស្រុកឧដុង្គខេត្តកំពង់ស្ពឺ រោងចក្រនេះមានសមត្ថភាពផលិតរហូតដល់៥០ម៉ឺនតោនក្នុងមួយឆ្នាំ ឬស្មើនឹងជាង ៦៩ភាគរយនៃការនាំចូលដែកថែបសរុបរបស់កម្ពុជាក្នុងឆ្នាំ២០១៩។ ប្រភព៖ Z1News
កម្ពុជា-កូរ៉េ នឹងឈានទៅរកការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនាពេលឆាប់ៗខាងមុខ
ក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ដំណើរការនៃការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា ជាមួយប្រទេសកូរ៉េខាងត្បូងសម្រេចបាន៩០ភាគរយហើយលើបញ្ហាសំខាន់នានាៗ ខណៈដែលការចរចារជុំទីបួនបានបញ្ចប់កាលពីខែមុន។ គិតមកត្រឹមខែ វិច្ឆិកា ឆ្នំា២០២០ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណជាង៧០០លានដុល្លារ។ ប្រភព៖ Khmer Times
គម្រោងធំៗទាំង 4 នេះនឹងធ្វើឲ្យខេត្តសៀមរាបក្លាយជាក្រុងទំនើបនាពេលខាងមុខ
ខេត្តសៀមរាប នឹងក្លាយជាទីក្រុងទំនើប និងរីកចម្រើនខ្លាំងនាពេលខាងមុខ ដោយសារគម្រោងអភិវឌ្ឍធំៗ ៤ ពីស្ថាប័នរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន។ ហេដ្ឋារចនាសម័ន្ធនឹងប្រសើរឡើង ជីវភាពប្រជាជនក្នុងស្រុកនឹងធូរធារ ហើយចំនួនភ្ញៀវទេសចរនឹងកើនឡើងនាពេលខាងមុខនៅពេលវិស័យទេសចរត្រលប់មករកស្ថានភាពល្អវិញ។ គម្រោងទាំងបួននេះមានដូចជា៖
ទី១)គម្រោងស្ថាបនាផ្លូវ៣៨ខ្សែ
ទី២)គម្រោងកែលម្អផ្លូវនៅមុខប្រាសាទអង្គរវត្តនិងស្តារ-កែលម្អដងស្ទឹងសៀមរាប
ទី៣)រមណីយដ្ឋានលំដាប់អន្តរជាតិតម្លៃ៣៥០លានដុល្លារ
ទី៤)គោលដៅទេសចរណ៍ថ្មីៗ
ប្រភព៖ Z1News
កម្ពុជា-រុស្ស៊ី នឹងសិក្សាលើលទ្ធភាពបង្កើត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
ប្រទេសកម្ពុជា និងរុស្សីគ្រោងនឹងបើកការសិក្សាពីលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងបង្កើនការវិនិយោគរវាងប្រទេសពីរ។ មន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា កម្ពុជាត្រូវការការវិនិយោគបន្ថែមទៀតពីសហព័ន្ធរុស្ស៊ី ពិសេសផ្នែកម៉ាស៊ីនធុនស្រាល និងមធ្យម ដើម្បីពង្រឹងវិស័យឧស្សាហកម្មកម្ពុជា សម្រាប់បង្កើនការប្រកួតប្រជែងក្នុងការនាំចេញ ដែលក្នុងន័យនេះកម្ពុជាបង្ហាញបំណងសិក្សាពីលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-រុស្សី ឲ្យបានឆាប់តាមដែលអាចធ្វើបាន។ ប្រភព៖ Phnom Penh Post
ការទិញ-លក់អចលនទ្រព្យចាប់ផ្តើមងើបឡើងវិញនៅត្រីមាសទី ៣ ដោយសារទីផ្សារប្រទេសបីធំៗ
ការទិញ-លក់អចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកបានបង្ហាញសញ្ញាងើបឡើងវិញជាលើកដំបូងនៅត្រីមាសទី៣ ឆ្នាំ ២០២០នេះ ដោយទំហំទឹកប្រាក់ទិញលក់ក្នុងខែ សីហា-កញ្ញា-តុលា បូកបញ្ចូលគ្នាមានរហូតដល់ទៅ៣៥ពាន់លានដុល្លារ កើនឡើង ៣៥ ភាគរយបើធៀបនឹងត្រីមាសទី២។