ការទិញ-លក់អចលនទ្រព្យចាប់ផ្តើមងើបឡើងវិញនៅត្រីមាសទី ៣ ដោយសារទីផ្សារប្រទេសបីធំៗ

Bunthoeun Chhut 03/December/2020 16:19
ចែករំលែក

អាស៊ី ប៉ាស៊ីហ្វិក៖ ការទិញ-លក់អចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកបានបង្ហាញសញ្ញាងើបឡើងវិញជាលើកដំបូងនៅត្រីមាសទី៣ ឆ្នាំ ២០២០នេះ ដោយទំហំទឹកប្រាក់ទិញលក់ក្នុងខែ សីហា-កញ្ញា-តុលា បូកបញ្ចូលគ្នាមានរហូតដល់ទៅ៣៥ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ថ្មីមួយពីក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិJLL។

តំបន់អាស៊ីប៉ាស៊ីហ្វិកមានចំនួន៤៨ ប្រទេស ដែល​កម្ពុជាក៏ស្ថិតនៅតំបន់នេះផងដែរ ហើយទិន្នន័យទិញ-លក់អចលនទ្រព្យដែលមានទឹកប្រាក់ ៣៥ ពាន់លានដុល្លារនេះគឺជាការបូកបញ្ចូលគ្នានៃទឹកប្រាក់ពីប្រទេសទាំង ៤៨ បូកបញ្ចូលគ្នាសម្រាប់ប្រតិបត្តិក្នុងត្រីមាសទី ៣។

ទិន្នន័យបង្ហាញថាការទិញលក់បានកើនឡើង ៣៥ភាគរយបើធៀបនឹងត្រីមាសទី២​ ឆ្នាំនេះ (ខែមេសា ឧសភា និង មិថុនា) តែនៅធ្លាក់ចុះ ១៩ភាគរយ បើធៀបនឹងត្រីមាសទី៣ដូចគ្នាកាលពីឆ្នាំ២០១៩ ដែលទំហំទឹកប្រាក់មានរហូតដល់ ៤០ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍​ក្រុមហ៊ុន JLL ដែល​​មានទីស្នាក់កណ្តាលនៅរដ្ឋ Illinois សហរដ្ឋអាមេរិក។
លោក Stuart Crow នាយកប្រតិបត្តិក្រុមហ៊ុន JLL ប្រចាំតំបន់អាស៊ីប៉ា​ស៊ីហ្វិក បាននិយាយថា សកម្មភាពទិញ លក់ អចលនទ្រព្យនៅបណ្តាទីផ្សារសំខាន់ៗងើបឡើងវិញដែលបង្ហាញថាវិនិយោគិនចាប់ផ្តើមមានទំនុកចិត្តឡើងវិញសម្រាប់ឆ្នាំ២០២០​នេះ។

លោកបន្តថា៖ «ដ្បិតថាអនាគតនៅតែមានភាពស្រពិចស្រពិលដោយសារបញ្ហាជំងឺរាតត្បាតនេះ តែយើងជឿជាក់ថាសកម្មភាពទិញ-លក់អចលនទ្រព្យចាប់ផ្តើមងើបឡើងវិញ ហើយយើងមានសុទិដ្ឋិនិយមថានៅត្រីមាសទី៤នឹងបន្តរីកលូតលាស់កាន់ប្រសើរថែមទៀត»។

បើតាម​របាយការណ៍ កំណើននៃការទិញ-លក់អចលនទ្រព្យក្នុងត្រីមាសទី៣ឆ្នាំ២០២០នេះ នាំមុខដោយទីផ្សារអចលនទ្រព្យប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុ​ន ដែលប្រទេសទាំងបីនេះសុទ្ធសឹងជាប្រទេសមានការវិនិយោគច្រើនជាងគេនៅកម្ពុជា ជាពិសេស​វិស័យសំណង់ និងអចលនទ្រព្យ៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង