រោងចក្រផលិតដែកថ្មីមួយដែលអាចផលិតបាន៧០ភាគរយនៃការនាំចូល បើកដំណើរការ

Bunthoeun Chhut 02/December/2020 15:50
ចែករំលែក

ខេត្តកំពង់ស្ពឺ៖  រោងចក្រ​ផលិតដែក​​ថែបថ្មីមួយនៅកម្ពុជា ដែលមានសមត្ថភាពផលិតបាន ៧០ ភាគរយនៃបរិមាណដែកនាំចូលប្រចាំឆ្នាំ នឹងបើកដំណើរការចាប់ពីខែធ្នូនេះទៅ ដើម្បីផ្គត់ផ្គង់ដែកនៅទីផ្សារក្នុងស្រុក ស្របពេលវិស័យសំណង់បន្តកើនឡើង។ នេះបើតាមសេចក្តីជូនដំណឹង​របស់ក្រុមហ៊ុន។

ក្រុមហ៊ុនថ្មីនេះមានឈ្មោះថា Hong De Sheng Steel (Cambodia) Co.,ltd ជាការវិនិយោគរបស់វិនិយោគិនចិន មានទីតាំងនៅស្រុកឧដុង្គខេត្តកំពង់ស្ពឺ និងមានសមត្ថភាពផលិតរហូតដល់៥០ម៉ឺនតោន​ក្នុងមួយឆ្នាំ ស្មើនឹងជាង ៦៩ភាគរយនៃការនាំចូលដែកថែបសរុបរបស់កម្ពុជាក្នុងឆ្នាំ២០១៩។

តាមទិន្ន័យរពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា កម្ពុជាបាននាំចូលដែកថែបចំនួនជាង ៧២ ម៉ឺនតោន កាលពីឆ្នាំ ២០១៩ ដែលមានទឹកប្រាក់ជាង ៤៧៧លានដុល្លារ។

យ៉ាងក៏ដោយក្រុមហ៊ុនបានគូសបញ្ជាក់ថា សមត្ថភាពនៃការផលិតក្នុងឆ្នាំដំបូងអាចផលិតបានចំនួន១៥ម៉ឺនតោន​ និង២០ម៉ឺនតោននៅឆ្នាំបន្ទាប់ ហើយសង្វាក់ផលិតកម្មនឹងបន្តកើនឡើងរហូតដល់ចំនួនដែលបានកំណត់។

ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយព័ត៌មានក្នុងស្រុក លោក Lin Xiangrong ប្រធានក្រុមហ៊ុន ហុង ឌី សេង (ខេមបូឌា) បានបញ្ជាក់ថា កម្ពុជាមានរោងចក្រផលិតដែក៦រោងចក្រកំពុងដំណើរការ (បូកទាំងរោងចក្រថ្មីនេះ) ហើយអាចផ្គង់ផ្គង់គ្រប់គ្រាន់សម្រាប់តម្រូវការក្នុងស្រុក។

រោងចក្រ Hong De Sheng Steel មានទុនចុះបញ្ជីវិនិយោគ ១៦,៧លានដុល្លារ ហើយអាចបង្កើតការងារបានចំនួន ៣៨៤កន្លែង។ រោងចក្រនេះមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ ៥១ ដែលជាតំបន់ឧស្សាហកម្ម និងវិនិយោគធ្លីដ៏មានសក្តានុពលក្នុងខេត្តកំពង់ស្ពឺ។

ទិន្ន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថាក្នុងឆ្នាំ២០១៩ ៤៧៩៣គម្រោងទទួលបានការអនុម័ត កើនឡើង៤៥,៥ភាគរយធៀបនឹងឆ្នាំ២០១៨។ ទំហំទឹកប្រាក់វិនិយោគក្នុងវិស័យសំណង់ឆ្នាំ២០១៩ មាន​រហូតដល់ទៅ៥,៨ពាន់លានដុល្លារ។ ចំនួនគម្រោងលំនៅដ្ឋានជាពិសេសបុរី​និងខុនដូ មានចំណេក៨៣ភាគរយ ដែលជាចំណែកធំជាងគេនៃចំនួនគម្រោងដែលបានអនុម័តសរុប។

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង