កំពត៖ ផែទេសចរណ៍អន្តរជាតិដំបូងគេនៅកម្ពុជាដែលកំពុងសាងសងនៅស្រុកទឹកឈូរ ខេត្តកំពត សម្រេចបាន ៥៥ ភាគរយហើយគិតមកទល់ពេលនេះ ហើយរំពឹងថានឹងបញ្ចប់រួចរាល់នៅចុងឆ្នាំក្រោយ។
លោក ហេង សុធី ប្រធាននាយកដ្ឋានរចនាសម័្ពន្ធផ្លូវទឹក និងសំណង់កំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានការសែតខ្មែថាមស៍ ដកស្រង់សម្តីកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ថា ល្បឿននៃការសាងសង់កំពង់ផែទេសចរនេះមានភាពយឺតយ៉ាវជាងផែនការដើមបន្តិច ដោយសារបញ្ហាកូវីដ ១៩។ យ៉ាងណាក៏ដោយ ការសាងសង់នាពេលនេះសម្រេចបានជាងពាក់កណ្តាលហើយ។
លោកថ្លែងថា៖ «ការសាងសង់រចនាសម្ព័ន្ធនៃគម្រោងទាំងមូលរំពឹងថានឹងបញ្ចប់នៅត្រីមាសទី ៣ ឆ្នាំក្រោយ ហើយអាចដាក់ឱ្យដំណើរការនៅដើមឆ្នាំ២០២២»។
ផែអន្តរជាតិនេះស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត ធ្វើឡើងលើផ្ទៃដីចំនួន ៤ ហិកតា ហើយចំណាយទឹកប្រាក់ ៨ លានដុល្លារ ដោយទទួលបានកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។ គម្រោងផែនអន្តរជាតិនេះអាចទទួលចតនាវាដែលផ្ទុកអ្នកដំណើរពី ៣០០ ទៅ៤០០នាក់ ហើយអាចទទួលភ្ញៀវទេសចរប្រមាណ១ពាន់នាក់ក្នុងមួយថ្ងៃនៅពេលចាប់បើកដំណើការដំបូង។
ទិន្នន័យពីរដ្ឋាបាលខេត្តកំពតបានបង្ហាញថាក្នងឆ្នាំ ២០១៩ ខេត្តជាប់សមុទ្រមួយនេះទទួលបានភ្ញៀវទេសចរសរុបជាង១លាន៦សែននាក់ ដែលក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានជាង ១៧ ម៉ឺននាក់។ ភ្ញៀវទេសចរបរទេសចំណាយជាមធ្យម ១០០ ដុល្លារក្នុងមួយដំណើរកម្សាន្ត។
យោងតាមរដ្ឋបាលខេត្តកំពត ផែទេសចរណ៍អន្តរជាតិថ្មីនេះ ជាកំពង់ផែទី៤ក្នុងខេត្តកំពត ហើយជួយសម្រួលដល់ការទាក់ទាញភ្ញៀវទេសចរបរទេសពីវៀតណាម និងថៃ។ កំពង់ផែបីផ្សេងទៀតរួមមាន កំពង់ផែ វិញហួរ សម្រាប់ដឹកជញ្ជូនទំនិញតាមកប៉ាល់ធំៗ, កំពង់ផែរបស់ឧកញ៉ា ទ្រី ភាព សម្រាប់ដឹកជញ្ជូនប្រេងចូល និងកំពង់ផែរបស់ជំទាវ កែវ ម៉ាលី សម្រាប់ដឹកជញ្ជូននាំចេញស្រូវ និងផលិតផលផ្សេងៗចេញចូលប្រទេសថៃ៕