គម្រោងធំៗទាំង 4 នេះនឹងធ្វើឲ្យខេត្តសៀមរាបក្លាយជាក្រុងទំនើបនាពេលខាងមុខ

Bunthoeun Chhut 30/November/2020 17:16
ចែករំលែក

ខេត្តសៀមរាប​ នឹងក្លាយជាទីក្រុងទំនើប និងរីកចម្រើនខ្លាំងនាពេលខាងមុខ ដោយសារគម្រោងអភិវឌ្ឍធំៗ ៤ ពីស្ថាប័នរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន។ ហេដ្ឋារចនាសម័ន្ធនឹងប្រសើរឡើង ជីវភាពប្រជាជនក្នុងស្រុកនឹងធូរធារ ហើយចំនួនភ្ញៀវទេសចរនឹងកើនឡើងនាពេលខាងមុខនៅពេលវិស័យទេសចរត្រលប់មករកស្ថានភាពល្អវិញ។

ខាងក្រោមនេះគឺជាគម្រោងអភិវឌ្ឍន៍ 4 ធំៗ ដែលនឹងមានឥទ្ធិពលដល់ការអភិវឌ្ឍរបស់ខេត្តសៀមរាបនាពេលដ៏ខ្លីខាងមុខ។

ទី១) គម្រោងស្ថាបនាផ្លូវ៣​៨​ខ្សែ  

គម្រោងស្ថាបនា និងកែលម្អផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប បានបើកការដ្ឋានសាងសង់ជាផ្លូវការនៅព្រឹកថ្ងៃទី៣០ ខែ​វិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន។  ផ្លូវទាំង៣៨ខ្សែនេះមានប្រវែងជាង១០៨គីឡូ​ម៉ែត្រ គ្រោងប្រើប្រាស់​ថវិកាជាតិសរុបជាង១៤៩លានដុល្លារ។ តាម​ការគ្រោងទុក គម្រោងនេះនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១។ សម្តេច​តេជោបានគូសបញ្ជាក់ថា ការ​​អភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធទ្រង់ទ្រាយធំ​បែបនេះនឹងធ្វើឱ្យទីក្រុងសៀមរាបប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍​ដ៏មាន​សក្តា​​នុពលដែលត្រូវបានកំណត់ជាតំបន់ស្នូលនៃប៉ូល​អភិ​វឌ្ឍ​ជាតិ។ (អានបន្ថែម)

ទី២) គម្រោងកែលម្អផ្លូវនៅមុខប្រាសាទអង្គរវត្ត និងស្តារ-កែលម្អដងស្ទឹងសៀមរាប

គម្រោងកែលម្អផ្លូវចូល និងទីធ្លាមុខប្រាសាទអង្គរវត្ត ក្រោមការរៀបចំនិងដឹកនាំដោយអាជ្ញាធរជាតិអប្សារា ជិតបញ្ចប់ជាស្ថាពរមកដល់ពេលនេះ ដោយមានការរៀបចំសួនច្បារ ដាំដើមឈើប្រណិត និងឈើផ្កាព្រៃស្រស់បំព្រង។ គម្រោងកែលម្អនេះចាប់ផ្តើមនៅចុងឆ្នាំ២០១៩ ដើម្បីកែប្រែសោភ័ណ្ឌភាពនៅបរិវេណមុខប្រាសាទអង្គរវត្តឱ្យសក្ដិសមជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ទន្ទឹមគ្នានេះរដ្ឋាភិបាលក៏បានត្រៀមថវិការ ៥លានដុល្លារ ដើម្បីស្តា និងកែលម្អដងស្ទឹងសៀមរាប។ គម្រោងទាំងពីរនេះនឹងជួយលើកកម្ពស់សោភ័ណភាពទីក្រុងសៀមរាប ដើម្បីបង្កើនភាពទាក់ទាញ ក៏ដូចជាត្រៀមស្វាគមន៍នៃការមកដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនាពេលខាងមុខ។
ទី៣) រមណីយដ្ឋានលំដាប់អន្តរជាតិតម្លៃ ៣៥០លានដុល្លារ

ក្រុមហ៊ុន Naga Corp ​ចុះបញ្ជី​ក្នុង​ផ្សារ​ភាគហ៊ុន​ក្រុង​ហុងកុង ចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយបញ្ជាក់ថា ក្រុមហ៊ុនគ្រោងអភិវឌ្ឍរមណីយដ្ឋានលំដាប់អន្តរជាតិនៅខេត្តសៀមរាប ដោយមិនមានបញ្ចូលកាស៊ីណូនោះទេ។  គម្រោងនេះមានឈ្មោះថា «Angkor Lake of Wonder» គ្រប់ដណ្តប់លើផ្ទៃដី ៧៥ហិកតា ហើយគ្រោងចំណាយប្រមាណ ៣៥០លានដុល្លារ ហើយគ្រោងបញ្ចប់ដំណាក់កាលដំបូងនៅឆ្នាំ២០២៥ ខាងមុខ។ ដំណាក់កាលដំបូងនៃគម្រោងអភិវឌ្ឍចម្រុះនេះមានដូចជា សួនទឹក សណ្ឋាគារលំដាប់ផ្កាយប្រាំ កន្លែងជិះទូកកម្សាន្ត (canal system)​ និងទីក្រុងចិន (Chinatown) ជាដើម។

កាស៊ីណូណាហ្គាវើលនៅរាជធានីភ្នំពេញ។ រូបភាព៖ Nikkei Asia

ទី៤) គោលដៅទេសចរណ៍ថ្មីៗ

គោលដៅទេសចរណ៍ថ្មីចំនួន៤ធំៗបន្ថែមទៀតលើគោលដៅទេសចរណ៍២ ដែលមានស្រាប់ អាចនឹងត្រូវបានបង្កើតឡើងដែលរួមមានតំបន់បឹងទន្លេសាប តំបន់ភ្នំគូលែន តំបន់បន្ទាយស្រី និងទីក្រុងសៀមរាបថ្មី។

ផែនការទាំងនេះត្រូវបានដាក់បញ្ចូលទៅក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ដែលបច្ចុប្បន្នក្រសួងទេសចរណ៍ កំពុងរៀបចំកែសម្រួលដើម្បីដាក់ឆ្លងរាជរដ្ឋាភិបាល ពិនិត្យនិងអនុម័ត នៅពេលខាងមុខ ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យបានដល់ ៧លាននាក់ក្នុងមួយឆ្នាំសម្រាប់ខេត្តសៀមរាបគិតចាប់ពីឆ្នាំ២០៣៥ទៅ។

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង