អ្នកជំនាញប្រាប់ពីប្រភេទអចលនទ្រព្យដែលប៉ះពាល់ និងមិនសូវប៉ះពាល់នៅឆ្នាំ២០២០នេះ

Bunthoeun Chhut 26/November/2020 18:47
ចែករំលែក

ភ្នំពេញ៖ ប្រិតិបត្តិការទិញ-លក់អចលនទ្រព្យដែលមានតម្លៃក្រោម២លានដុល្លារនៅតែបន្តមានដំណើរការធម្មតានៅឆ្នាំ ២០២០នេះដោយសារការគាំទ្រដោយតម្រូវការពីអតិថិជនក្នុងស្រុក តែអចលនទ្រព្យដែលមានតម្លៃលើសពី២លានដុល្លារជួបការធ្លាក់ចុះ។ នេះបើតាមអ្នកជំនាញអចលនទ្រព្យ។

ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយការសែតភ្នំពេញប៉ុស្តិ៍ចេញផ្សាយនៅថ្ងៃ ពុធ ខែវិច្ឆិកា ឆ្នាំ២០២០ លោក Richard W. Davidson ដែល​ទើប​ត្រូវបាន​តែងតាំង​​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាលរបស់​ក្រុមហ៊ុន Century 21 Cambodia​ បានឱ្យដឹងថា ទីផ្សារ​អចលនទ្រព្យដែលមានតម្លៃ​លើស ២​ លានដុល្លារជាទីផ្សារដែលមានអតិថិជនភាគច្រើនជាជនបរទេស ហើយអតិថិជនគោលដៅនេះបានថមថយវត្តមាននៅកម្ពុជាដោយសារវិធានការប្រុងប្រយ័ត្នមួយចំនួនទាក់ទងនឹងការបង្ការជំងឺកូវីដ១៩។ លោកបន្តថា កត្តានេះបានធ្វើឲ្យសកម្មភាពជួញដូរអចលនទ្រព្យដែលមានតម្លៃលើ២ លានដុល្លារមានការថមថយគួរឲ្យកត់សម្គាល់នៅឆ្នាំ ២០២០ នេះ។

លោកថ្លែងថា៖ «ប្រជាជនកម្ពុជាដែលមានសាចប្រាក់ច្រើនក្នុងដៃ ពួកគាត់បន្តទិញចូលនាពេលនេះ ដើម្បីសម្រាប់លក់ទុកចំណេញនាពេលអនាគត​។​ ចំណែកឯប្រភេទអចលនទ្រព្យដែលពឹងផ្អែកលើអតិថិជនបរទេសបាន​ធ្លាក់ចុះក្នុងឆ្នាំនេះដោយបញ្ហាជំងឺកូវីដ-១៩ ដែលធ្វើឱ្យមានការរឹតបន្តឹងការធ្វើដំណើរឆ្លងប្រទេស ហើយប៉ះពាល់ដល់ចំនួនអតិថិជន​សក្ដានុពល​ពី​​​ក្រៅ​ប្រទេសដូចជា​ជប៉ុន ចិន និង​អ្នកទិញ​អន្តរជាតិ​ផ្សេងទៀត​»។

លោក Davidson មិនបានបង្ហាញទិន្ន័យជាក់លាក់ពីប្រតិបត្តិការទិញលក់​អចលនទ្រព្យទាំងពីរប្រភេទតម្លៃនេះទេ តែបើតាមទិន្ន័យរបស់ក្រុមហ៊ុនអចលនទ្រព្យចិន Juwai បានបង្ហាញថា វិនិយោគិនចិនបានសាកសួរព័ត៌មាន(enquiries) ពីការទិញអចលនទ្រព្យនៅកម្ពុជាកើនឡើង 463.6 ភាគរយ គិតចាប់ពីខែកក្កដា ដល់ខែសីហា ឆ្នាំ២០២០។ ភាគច្រើននៃវិនិយោគិនទាំងនោះស្វែងរកអចលនទ្រព្យណាដែលមានតម្លៃចាប់ពី20,000 ដុល្លារ រហូតដល់ 250,000 ដុល្លារអាមេរិក។

ឆ្លងកាត់តាមបទពិសោធន៍ជាង៣០ ក្នុងវិស័យអចលនទ្រព្យលើឆាកអន្តរជាតិ លោកDavidso​n ក៏បានបង្ហាញទស្សនៈវិស័យរបស់លោកក្នុងទីផ្សារ​អចលនទ្រព្យនៅកម្ពុជាផងដែរ  ដែលលោករំពឹងថា ទីផ្សារនេះនឹង​ស្ទុះ​ងើបឡើង​វិញ​នៅ​ឆ្នាំ​២០២១ នៅពេល​ដែល​វ៉ាក់សាំងដាក់ឱ្យដំណើរការ ហើយនៅពេលនោះការរឹតបន្តឹង​ការធ្វើ​ដំណើរ​អន្តរជាតិ​ក៏នឹងលែងមានទៀត។​

លោកបានគូសបញ្ជាក់ថា  មានអតិថិជនបរទេសជាច្រើនសាកសួរព័ត៌មានពី​ឱកាស​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ព្រោះជាទិសដៅ​មួយ​ដែលអាចរកប្រាក់​ចំណេញ​ពីវិស័យអចលនទ្រព្យ ហើយ​ត្រៀម​ជាស្រេចក្នុងការមកវិនិយោគនៅកម្ពុជា​។

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង