ថៃផ្តល់ទិដ្ឋាការស្នាក់នៅឥតគិតថ្លៃ 5 ឆ្នាំដល់ជនបរទេសដែលទិញខុនដូរចាប់ពី ៣៣ម៉ឺនដុល្លារឡើង

Bunthoeun Chhut 25/November/2020 15:53
ចែករំលែក

រដ្ឋាភិបាលថៃនឹងផ្តល់ទិដ្ឋាការស្នាក់នៅរយៈពេល៥ឆ្នាំដោយឥតគិតថ្លៃ​ដល់ជន​បរទេសណាដែលទិញខុនដូ ឬ អាផាតមិន ដែលមានតម្លៃចាប់ពី១០ លានបាត (ជាង៣៣ម៉ឺនដុល្លារអាមេរិក) ឡើងទៅ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Asian Nikkei Review។

សេចក្តីរាយការណ៍ដែលចេញផ្សាយនៅថ្ងៃទី ២៤ ខែ វិច្ឆិកា បានឱ្យដឹងថា រដ្ឋាភិបាលថៃបានអនុម័តកម្មវិធីនេះ កាលពីដើមខែ វិច្ឆិកា ដើម្បីជាយុទ្ធសាស្រ្តទាក់ទាញអ្នកទិញអចលនទ្រព្យក្រៅប្រទេស និងដើម្បីបង្កើនប្រតិបត្តិការទិញ-លក់ក្នុងទីផ្សារប្រទេសថៃដែលកំពុងធ្លាក់ចុះ​ដោយសារកូវីដ-១៩។ នៅថៃ ជនជាតិបរទេសមិនត្រូវបានអនុញ្ញាតឲ្យទិញអចលនទ្រព្យដីធ្លីបានទេ ប៉ុន្តែអាចទិញខុនដូ ឬអាផាតមិនបាន ដែលស្រដៀងគ្នានឹងច្បាប់នៅកម្ពុជាដែរ។

លោក Somchai Soongswang ប្រធានអង្គភាព​ផ្តល់សេវាកម្មទិដ្ឋាការស្នាក់នៅប្រចាំប្រទេសថៃ Thailand Privilege Card បានលើកឡើងថា ជនបរទេសដែលទិញខុនដូ ឬអាផាតមិន មួយយូនីតក៏ដោយ ឬបី-បួនយូនីតក៏ដោយ ដែលមានទំហំទឹកប្រាក់នៃការទិញនោះចាប់ពី ៣៣ម៉ឺន​ដុល្លារឡើងទៅ នឹងទទួលបានទិដ្ឋាការស្នាក់នៅ៥ឆ្នាំ ដោយឥតគិតថ្លៃ ស្មើនឹងតម្លៃជាទឹកប្រាក់ ៥ សែន​បាត (១៦ ៤៤៧ ដុល្លារ)។

លោកបានគូសបញ្ជាក់ថា៖ «ក្រុមហ៊ុនអភិវឌ្ឍមានបញ្ហាលំហូរសាច់ប្រាក់ ខ្លះទៀតមានបំណុលច្រើន ហេតុដូច្នេះហើយកម្មវិធីនេះនឹងជួយពួកគេកុំកាត់បន្ថយបុគ្គលិក»។

លោក Somchai  បានបន្តថា កម្មវិធីនៃការផ្តល់ទិដ្ឋាការស្នាក់នៅនេះអាច​នឹងត្រូវដាក់ឱ្យដំណើរការនៅដើមឆ្នាំ២០២១ និងមានរយៈពេល២ឆ្នាំ ហើយលក្ខណ្ឌមួយទៀតចំពោះការទិញអចលនទ្រព្យត្រូវតែជាអចលនទ្រព្យដែលសាង់សង់រួច ហើយអាចចូលស្នាក់នៅបាន មិនមែនអចលនទ្រព្យដែលកំពុងដំណើការសាងសង់នោះទេ។

ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំៗដូចជាក្រុមហ៊ុន Sansiri and Pruksa បានកាត់បន្ថយបុគ្គលិកអស់រាប់រយនាក់ហើយនាពេលថ្មីៗនេះ។ លោក Pornnarit Chuanchaisit ប្រធានសមាគមអចលនទ្រព្យថៃ បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា បុគ្គលិកបម្រើការងារក្នុងក្រុមហ៊ុនអចលនទ្រព្យប្រមាណជាង ២ពាន់​នាក់ ទំនងអាចនឹងបាត់បង់ការងាររបស់ពួកគេនៅក្នុងអំឡុងត្រីមាសទី៤នេះ ប្រសិនបើរដ្ឋាភិបាលមិនអាចចាត់វិធានការម៉ឹងម៉ាត់ ដើម្បីទប់ទល់នឹងផលប៉ះពាល់ពីកូវីដ-១៩។

ក្រុងបាងកក និងទិសដៅទេសចណ៍សំខាន់ៗផ្សេងទៀតដូចជា ផាត់ទីយ៉ា និងភូកេត មានការសាងសង់អគារខុនដូយ៉ាងច្រើនសន្ធឹកសន្ធាប់នារយៈពេលបីឆ្នាំកន្លងមកនេះ ដោយសារមានលំហូរជាច្រើននៃអ្នកទិញអចលនទ្រព្យក្រៅប្រទេសមកពីចិនដីគោក ហុងកុង អាមេរិក សឹង្ហបុរី និងតៃវ៉ាន់។

បើតាមទិន្ន័យស្រាវជ្រា​វរបស់ធនាគារថៃ Ayudhya បានបង្ហាញថា ចាប់ពីឆ្នាំ២០១០ រហូត​ដល់ឆ្នាំ ២០១៨ ខុនដូចំនួនសរុប ១០៥,០០០យូនីត បានដាក់លក់ចូលទីផ្សារក្នុងមួយៗឆ្នាំ ប៉ុន្តែក្នុងនោះអាចលក់បានតែចំនួន ៩៦,០០០ យូនីតប៉ុណ្ណោះ ដែលនេះមានន័យថា ការផ្គត់ផ្គង់ខុនដូនៅក្រុងបាងកកលើសពីតម្រូវការទីផ្សារ។

ម្យ៉ាងវិញទៀត ដោយសារតែរូបិយបណ្ណ បាត ឡើងថ្លៃខ្លាំង និងបញ្ហាជម្លោះពាណិជ្ជកម្មរវាងចិន និងអាមេរិក បានធ្វើឱ្យចិនបានដកខ្លួនជាបណ្តើរៗចេញពីទីផ្សារអចលនទ្រព្យប្រទេសថៃចាប់តាំងពីឆ្នាំ២០១៩៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង