វិស័យអចលនទ្រព្យជាមុខរបរសក្តានុពលមួយហើយបង្កើតឲ្យមានមហាសេដ្ឋីលំដាប់ពិភពលោកជាច្រើននាក់ ស្របពេលរបាយការណ៍ប្រចាំថ្ងៃស្តីពីកំណត់ត្រាមហាសេដ្ឋីរបស់សារព័ត៌មាន Bloomberg បង្ហាញថា ក្នុងចំណោមមហាសេដ្ឋី ៥០០ នាក់ដែលមានជាងគេលើពិភពលោក មាន ៣២ រូបសាងភាពមានបានពីវិស័យនេះ។
របាយការណ៍ប្រចាំថ្ងៃរបស់ Bloomberg គិតត្រឹមថ្ងៃទី ២៤ វិច្ឆិកានេះបង្ហាញថា មហាសេដ្ឋីអចលនទ្រព្យទាំង ៣២រូប (ក្នុងចំណោម ៥០០នាក់) មានទ្រព្យសម្បត្តិសរុបបូកបញ្ចូលគ្នា ៣៥៤ ពាន់លានដុល្លារ (ធំជាងទំហំសេដ្ឋកិច្ចកម្ពុជាជាង ១០ ដង)។
បណ្តាញសារព័ត៌មាន Z1 News សូមបង្ហាញព័ត៌មានត្រួសៗពីមហាសេដ្ឋី ៣ រូបក្នុងចំណោមមហាសេដ្ឋី ៣២ ដែលមានរបរពីវិស័យអចលនទ្រព្យដូចខាងក្រោម៖
1 – លោក Li Ka-Shing ត្រូវបានគេស្គាល់ថាជាអ្នកជំនួញជើងចាស់នៅហុង កុង ដែលមានទ្រព្យសម្បត្តិរហូតដល់៣៣,៧ពាន់លានដុល្លារ។ លោកជាស្ថាបនិកក្រុមហ៊ុន CK Hutchison Holdings ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុនហុងកុង ហើយជាក្រុមហ៊ុនពហុវិស័យធំជាងគេផងដែរនៅហុងកុង។ នៅឆ្នាំ២០១៥ ក្រុមហ៊ុននេះបានច្របាច់បញ្ចូលគ្នាជាមួយ Cheung Kong Holdings ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ធំមួយនៅហុង កុងផងដែរ។
2- លោក Dan Galibert ដែលមានទ្រព្យសម្បត្តិសរុប ៣៣,៤ ពាន់លានដុល្លារ។ លោកបានផ្តើមរបរពីអ្នកបម្រើសេវាកម្មដឹកជញ្ជូនភីហ្សា ហើយបានយកប្រាក់ដែលរកបាននោះទៅបើកក្រុមហ៊ុនផ្តល់កម្ចីអចលនទ្រព្យខ្នាតតូចមួយឈ្មោះថា Rock Financial ក្នុងឆ្នាំ១៩៨៥នៅក្រុងDetroit រដ្ឋ Michigan សហរដ្ឋអាមេរិក។ រហូតមកដល់ឆ្នាំ១៩៩៩ ក្រុមហ៊ុនរបស់លោកចាប់ផ្តើមអនុញ្ញាតឱ្យអតិថិជនអាចស្នើសុំកម្ចីទិញផ្ទះលើប្រព័ន្ធអនឡាញតាមរយៈគេហទំព័រ Rockloans.com។
ក្រោយចុះបញ្ជី និងចាប់បើកឱ្យមានការជួញដូរនៅក្នុងផ្សារហ៊ុនញ៉ូយ៉ក នៅខែ សីហា ឆ្នាំ២០២០ ក្រុមហ៊ុនរបស់លោកដូរឈ្មោះទៅជាក្រុមហ៊ុន Rocket Companies ដែលពេលនោះទ្រព្យសកម្មរបស់ក្រុមហ៊ុនមានតម្លៃរហូតដល់ ៣៥ពាន់លានដុល្លារ ហើយលោក Dan គ្រប់គ្រងភាគហ៊ុននៃក្រុមហ៊ុននេះរហូតដល់៧៧ភាគរយ។ Rocket Companies ជាក្រុមហ៊ុនផ្តល់កម្ចីទិញផ្ទះធំជាងគេនៅសហរដ្ឋអាមេរិក ដែលទំហំនៃការផ្តល់កម្ចីមានរហូតដល់ ១៤៥ ពាន់លានដុល្លារគិតត្រឹមឆ្នាំ២០១៩។ ក្រៅពីនេះលោក Dan ក៏វិនិយោគលើកាស៊ីណូ និងរីស៊ត ជាច្រើនកន្លែងទៀតនៅសហរដ្ឋអាមេរិកផងដែរ។
3 – លោកស្រី Yang Huiyan ជាមហាសេដ្ឋីមានទ្រព្យសម្បត្តិ ២៧,៩ ពាន់លានដុល្លារ។ លោកស្រីគ្រប់គ្រងក្រុមហ៊ុន Country Garden Holdings ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យរបស់ប្រទេសចិនដែលសាងសង់អគារ និងគ្រប់គ្រងសណ្ឋាគាររាប់សិបកន្លែងនៅប្រទេសចិន។ ក្រុមហ៊ុនត្រូវបានបង្កើតឡើងដោយឪពុករបស់លោកស្រីនៅឆ្នាំ ១៩៩២ ហើយលោកស្រីទទួលបានការស្នងតំណែងក្នុងការកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនពីឪពុកនៅឆ្នាំ២០០៥។ ក្រុហ៊ុន Country Garden បានគៀគរទុនពីការបោះផ្សាយមូលបត្រលើកដំបូងជាសារធារណៈ (IPO) នៅក្នុងផ្សារហ៊ុន ហុង កុង ក្នុងឆ្នាំ២០០៧ ក្នុងទំហំទឹកប្រាក់ប្រមាណ១.៦៥ពាន់លានដុល្លារ ដែលនៅពេលនោះលោកស្រីក្លាយជាមហាសេដ្ឋីស្រ្តីវ័យក្មេងជាងគេត្រឹមវ័យ២៥ ឆ្នាំ។
មហាសេដ្ឋីដែលមានរបរពីវិស័យអចលនទ្រព្យលេខរៀងទី ៣២ គឺលោក Sam Zell មានទ្រព្យសម្បត្តិសរុប ៥,០១ ពាន់លានដុល្លារ (ជាមហាសេដ្ឋីលេខរៀងទី ៤៩២ ក្នុងចំណោម ៥០០នាក់)៕