របាយការណ៍ថ្មី៖ អាជីវកម្មវិស័យលក់រាយនឹងងើបឡើងវិញទាំងស្រុងនៅឆ្នាំ ២០២១

Bunthoeun Chhut 23/November/2020 17:12
ចែករំលែក

ភ្នំពេញ៖  អាជីវកម្មក្នុងវិស័យលក់រាយនៅកម្ពុជាកំពុងស្ថិតក្នុងដំណើរស្ទើរតែវិលទៅរកសភាពដើមវិញហើយគិតមកទល់ពេលបច្ចុប្បន្ន ហើយត្រូវគេរំពឹងថានឹងងើបឡើងវិញទាំងស្រុងនៅឆ្នាំ២០២១ ។ នេះបើតាមរបាយការណ៍ថ្មីមួយរបស់ក្រុមហ៊ុន CBRE Cambodia។

ការរំពឹងទុកនៃសម្មភាពស្ទុះងើបឡើងវិញក្នុងវិស័យលក់រាយនាពេលឆាប់ៗខាងមុខនេះ ជាសញ្ញាល្អដល់ស្ថានភាពសេដ្ឋកិច្ច និងវិស័យជាច្រើន ជាពិសេសវិស័យអចលនទ្រព្យ។ ការងើបឡើងវិញនៃវិស័យលក់រាយនឹងធ្វើឱ្យតម្រូវការនៃការជួលទីតាំងប្រកបអាជីវកម្មមានកំណើនល្អឡើងវិញ ស្របពេលប្រទេសធំៗមួយចំនួននៅលើពិភពលោកត្រៀមដាក់ឱ្យដំណើរការវ៉ាក់សាំងកូវីដ-១៩នៅដើមខែក្រោយ។

របាយការណ៍ស្ទង់មតិខ្លីមួយស្តីពីវិស័យលក់រាយនៅកម្ពុជាបានចេញផ្សាយកាលពីសប្តាហ៍មុនរបស់ក្រុមហ៊ុនCBRE Cambodia ដោយបានស្ទង់មតិជាមួយម្ចាស់អាជីវកម្ម២៥ កន្លែងក្នុងវិស័យលក់រាយដោយរួមមានវិស័យ អាហារ និងភេសជ្ជៈ,សម្លៀកបំពាក់, សម្ភារៈកម្សាន្ត និងវិស័យផ្សេងៗទៀត។

បើតាមរបាយការណ៍នេះបាន​ឱ្យដឹងថា ៩២ ភាគរយនៃអ្នកឆ្លើយតបក្នុងរបាយការណ៍ស្ទង់មតិនេះ បានបើកដំណើរអាជីវកម្មរបស់ពួកគេឡើងវិញ (ទាំងស្រុង ឬពាក់កណ្តាល) ហើយមានតែ៨ភាគរយប៉ុណ្ណោះដែលឆ្លើយតបថា បានបិទហាង។

ចំណែក៨​៥ភាគរយនៃអ្នកឆ្លើយតប រំពឹងថាទំហំនៃការលក់នឹងមានសន្ទុះដូចមុនពេលដែលកូវីដ-១៩មិនទាន់ផ្ទុះ ក្នុងរយៈពេលរយៈពេល៦ខែខាងមុខ (ឬលើសពីនេះ) ក្រោយអាជីវកម្មរបស់ពួកគេបានចាប់បើកដំណើរការឡើងវិញ។​ នេះបើតាមរបាយការណ៍។

មុខទំនិញសំខាន់ៗមួយចំនួនក្នុងវិស័យលក់រាយបានងើបឡើងវិញជាបណ្តើរៗចាប់តាំងពីចុងត្រីមាសទី​២មកម៉្លេះ។ ក្នុងចំណោម ប្រភេទអាជីវកម្មក្នុងវិស័យលក់រាយទាំងអស់ អាជីវកម្មក្នុងវិស័យ អាហារ និង ភេសជ្ជៈ និង សេវាកម្មហិរញ្ញវត្ថុ ត្រូវបានគេរំពឹងថានឹងមានសុទិដ្ឋិនិយមខ្ពស់ជាងគេក្នុងការត្រលប់ទៅរកប្រតិបត្តិការទិញលក់ ដូចដើមវិញក្នុងរយៈពេល ៦ទៅ១២​ខែខាងមុខ។

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

retail business
ពាក្យទាក់ទង