ចំណុចគន្លឹះ៥ ជួយឲ្យការដាក់ថ្លៃអចលនទ្រព្យស្រួលលក់ចេញ ឬទិញចូលមានឱកាសចំណេញខ្ពស់

Bunthoeun Chhut 18/April/2021 17:00
ចែករំលែក

រឿងសំខាន់បំផុតដើម្បីធ្វើឲ្យប្រតិបត្តិការទិញលក់អចលនទ្រព្យមានឱកាសចំណេញខ្ពស់ គឺការកំណត់ថ្លៃឲ្យបានត្រឹមត្រូវទាំងពេលលក់ចេញ និងពេលទិញចូល។ ដើម្បីជាមូលដ្ឋានក្នុងការពិចារណាសម្រាប់កំណត់ថ្លៃទិញ-លក់អចលនទ្រព្យឲ្យបានត្រឹមត្រូវ អ្នកជំនួញអចលនទ្រព្យជោគជ័យតែងអនុវត្តន៍កត្តាគន្លឹះ ៥ ដូចខាងក្រោម៖

១) តាមដានព័ត៌មានសេដ្ឋកិច្ចនិ​ងអចលនទ្រព្យ៖  ការតាមដានព្រឹត្តិការណ៍នានាដែលទាក់ទងនឹងបច្ចុប្បន្នភាពសេដ្ឋកិច្ច ឬគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល សុទ្ធសឹងជាធាតុផ្សំដ៏សំខាន់ធ្វើឲ្យការសម្រេចចិត្តទិញ ឬ លក់អចលនទ្រព្យបានត្រឹមត្រូវ។ ជាឧទារហរណ៍ ព័ត៌មានដែលថាកម្ពុជារំពឹងថានឹងមានកំណើនសេដ្ឋកិច្ចល្អវិញនៅឆ្នាំ ២០២១ គឺជានិន្នាការល្អមួយដែលអាចមានឥទ្ធិពលវិជ្ជមានដល់ទីផ្សារ និងតម្លៃអចលនទ្រព្យ។

ឧទាហរណ៍ផ្សេងទៀតដូចជា ការប្រកាសរបស់រដ្ឋាភិបាលក្នុងការសាងសង់ផ្លូវជាតិលេខ ១០ តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែងខេត្តពោធិ៍សាត់ ហើយឆ្ពោះទៅខេត្តកោះកុង សុទ្ធសឹងជាព័ត៌មានសំខាន់ហើយជាមូលដ្ឋានដ៏ល្អសម្រាប់ការស្វែងយល់ពីការប្រែប្រួលតម្លៃអចលនទ្រព្យនៅតំបន់ជុំវិញ។

២) អង្កេតពីកំណើនតម្រូវការ៖ ទីផ្សារអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ននៅតែបន្តមានកំណើនល្អជាពិសេស​តម្រូវការលំនៅឋាន។ របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា តម្រូវការលំនៅឋានផ្ទះល្វែង នៅតែបន្តមានតម្រូវការគួរកត់សម្គាល់ ដែលចំនួននៃការលក់ផ្ទះមានប្រមាណ ៤ ៨៤០ ខ្នង កាលពីឆ្នាំ២០២០ កើនពីត្រឹម ២ ៧៧០ខ្នង កាលពីឆ្នាំ២០១៩។ ចំនួននៃការលក់ផ្ទះនេះ មានអត្រាកំណើនប្រមាណ ៧៥ ភាគរយ។កត្តានេះបញ្ជាក់ថា តម្រូវការ និងការផ្គត់ផ្គង់ផ្ទះមានភាពលេចធ្លោជាងគេអំឡុងពេលនេះ ហើយការប្រែប្រួលនេះក៏អាចជះឥទ្ធិពលដល់តម្លៃអចលនទ្រព្យប្រភេទនេះជាងប្រភេទផ្សេងផងដែរ។

៣) កំណើនការវិនិយោគបរទេស៖  លំហូរវិនិយោគផ្ទាល់បរទេស (FDI) មកកម្ពុជាតែងមានការកើនឡើងជាប្រចាំឆ្នាំ ហើយទុនវិនិយោគទាំងនោះបានចាក់បញ្ចូលទៅក្នុង​វិស័យហិរញ្ញវត្ថុ សំណង់-អចលនទ្រព្យ និងវិស័យកម្មន្តសាល។ កំណើនទុនវិនិយោគបរទេសមកកម្ពុជាក្នុងវិស័យរោងចក្រជាដើម តែងបង្កើតឲ្យមានតម្រូវការទីតាំងរោងចក្រ ទីតាំងធ្វើអាជីវកម្ម និងបង្កើនចរាចរណ៍ទំនិញ និងមនុស្សទៅតំបន់ថ្មីឬតំបន់ជាយក្រុង។ កត្តានេះបានជះឥទ្ធិពលដល់តម្លៃដីធ្លីដែលនឹងអាចមានរោងចក្រថ្មីនោះ ដូច្នេះវាអាចធ្វើឲ្យការកំណត់ថ្លៃលក់ចេញ ឬ ទិញចូលប្រែប្រួលទៅតាមនោះដែរ។

៤) ឆែកការវាយតម្លៃបឋមពីក្រុមហ៊ុនវាយតម្លៃ៖ ក្រុមហ៊ុនវាយតម្លៃជំនាញមានទិន្នន័យសម្បូរបែបពីប្រតិបត្តិការទិញ-លក់អចលនទ្រព្យគ្រប់ទីកន្លែង រួមទាំងទីតាំងអចលនទ្រព្យដែលបងប្អូនគ្រោងទិញ-លក់។ ក្រុមហ៊ុនវាយតម្លៃអាចចេញតារាងវាយតម្លៃបឋមមួយ (បង្ហាញពីតម្លៃចន្លោះនេះ ទៅ ចន្លោះនោះ) សម្រាប់អចលនទ្រព្យនៅតំបន់ជាក់លាក់មួយដោយពឹងលើទិន្នន័យនៃការទិញលក់កន្លងមក បូករួមទាំងការវិភាគលើកត្តាមួយចំនួនដូចជាសេដ្ឋកិច្ច ផែនការរដ្ឋាភិបាល និងកត្តាផ្សេងៗ។

បណ្តាញព័ត៌មានអចលនទ្រព្យ Z1 News​ បានសាកសួរវិនិយោគិនអចលនទ្រព្យជាច្រើន ហើយស្ទើរគ្រប់គ្នាបញ្ជាក់ថាតែងអនុវត្តន៍វិធីសាស្ត្រនេះជាចាំបាច់ដើម្បីងាយស្រួលកំណត់ថ្លៃទិញ ឬ លក់អចលនទ្រព្យ។ យើងខ្ញុំសូមលើកទឹកចិត្តដល់វិនិយោគិន និងម្ចាស់អចលនទ្រព្យទាំងអស់ឆែកតារាងវាយតម្លៃបឋមនេះជាមួយក្រុមហ៊ុនវាយតម្លៃជំនាញដូចជា #VTrust Appraisal ជាដើមដើម្បីជាមូលដ្ឋានក្នុងការសម្រេចចិត្តដាក់លក់អចលនទ្រព្យក្នុងតម្លៃត្រឹមត្រូវ ឬ ក៏ទិញចូលងាយលក់ចេញវិញបានចំណេញ។

៥) ប្រឹក្សាជាមួយអ្នកជំនាញអចលនទ្រព្យ៖ បន្ទាប់ពីស្វែងយល់នូវនិន្នាការ និងព្រឹត្តិការណ៍ផ្សេងៗដូចដែលបានរៀបរាប់ត្រួសៗខាងលើ លោកអ្នកគួរជួបប្រឹក្សាជាមួយភ្នាក់ងារអចលនទ្រព្យជំនាញ ដើម្បីងាយស្រួលផ្ទៀងផ្ទាត់ព័ត៌មាននិងកំណត់តម្លៃទិញ លក់។

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង