កម្ចីទិញផ្ទះ និងអចលនទ្រព្យកើនដល់ ៤,៦ ពាន់លានដុល្លារ

Bunthoeun Chhut 13/November/2020 17:50
ចែករំលែក

ភ្នំពេញ៖ កម្ចីក្នុងវិស័យអចលនទ្រព្យដែលផ្តល់ឲ្យដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាបន្តកើនឡើងគួរឲ្យកត់សម្គាល់នៅឆ្នាំ ២០២០ នេះបើទោះបីជាមានបញ្ហាប្រឈមពីវិបត្តិជំងឺឆ្លងជាលក្ខណៈសកលក្តី។ នេះបើយោងតាមរបា​យការណ៍ត្រីមាសទី៣របស់ការិយាល័យឥណទាន​កម្ពុជា (CBC)។

ទិន្នន័យរបស់ CBC បានបង្ហាញថា កម្ចីក្នុងវិស័យអចលនទ្រព្យបានកើនដល់ ៤,៦ ពាន់លានដុល្លារគិតត្រឹមដំណាច់ខែកញ្ញាឆ្នាំ ២០២០ នេះ ដែលកើនឡើងគួរឲ្យកត់សម្គាល់ពីត្រឹម ៣,៩ ពាន់លានដុល្លារកាលពីដំណាច់ឆ្នាំ២០១៩។

កម្ចីអចលនទ្រព្យគឺជាផ្នែកមួយនៃ ឥណទានលក្ខណៈបុគ្គលដែលកត់ត្រាដោយ CBC ហើយគិតមកត្រឹមខែកញ្ញាឆ្នាំនេះ កម្ចីលក្ខណៈបុគ្គលនេះបានកើនដល់ ៩,១១ ពាន់លានដុល្លារ។ សម​តុល្យឥណទានលក្ខណៈបុគ្គល រួមមានឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ប័ណ្ណឥណទាន និងកម្ចីអចលនទ្រព្យ។

ការបន្តកើនឡើងនៃកម្ចីក្នុងវិស័យអចលនទ្រព្យ ហាក់ឆ្លើយតបនឹងរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលថាគម្រោងវិនិយោគលំនៅឋាននៅតែបន្តកំណើនខ្ពស់ក្នុងរយៈពេល៨ខែដំបូងឆ្នាំនេះដោយមានចំនួន២,៨១៩គម្រោង ឬស្មើនឹង ៨៤% នៃគម្រោងសាងសង់សរុប។

ចំនួនប្រជាជន​កម្ពុជាដែលស្នើសុំកម្ចីអចលនទ្រព្យកើនខ្ពស់ឡើងវិញក្នុងអំឡុងខែ កក្កដា រហូតដល់ដំណាច់ខែកញ្ញាឆ្នាំនេះ ដោយចំនួនអ្នកស្នើសុំកើនឡើង ៥០% បើធៀបនឹងបីខែមុន (មេសា-ឧសភា-មិថុនា) នៃត្រីមាសទី២។ របាយការណ៍នេះបានបង្ហាញថា នៅត្រីមាសទី៣នេះទំហំទឹកប្រាក់នៃការស្នើសុំកម្ចីអចលនទ្រព្យកើនឡើង ៣៦ភាគរយ បើធៀបនឹងត្រីមាសទី២។

ការងើបឡើងវិញនៃការស្នើសុំកម្ចីអចលនទ្រព្យក្នុងអំឡុងត្រីមាសទី៣នេះ បង្ហាញពីសកម្មភាពសេដ្ឋកិច្ច ចាប់ផ្តើមវិលទៅរកសភាពដើមវិញ បន្ទាប់ពីទទួលរងនូវបញ្ហាប្រឈម​ដោយសារកូវីដ-១៩។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ ការិយាល័យឥណទាន​កម្ពុជា បាននិយាយនៅក្នុងរបាយការណ៍នេះថា៖ «នៅក្នុងត្រីមាសទី៣នេះ ទីផ្សារឥណទានមានភាពវិជ្ជ​មាន បន្ទាប់ពីមា​នការថយចុះការពីត្រីមាសមុន»។

លោកបានបន្ថែមថា ការកើនឡើងបណ្តាលមកពីកំណើននៃ ពាក្យស្នើសុំឥណទាន និងដំណើរការឥណទាននៅក្នុងទីផ្សារ​ជាលក្ខណៈបុគ្គល បើទោះបីជាមានការកើនឡើងនៃអនុបាទនៃគណនីប្រាក់កម្ចីជាមួយនឹងការសងយឺត ៣០ ថ្ងៃហួសកាលបរិច្ឆេទកំណត់ ប៉ុន្តែវានៅតែទាបត្រឹម ២,៤២% នៃគ្រប់​តំបន់ទាំង​អស់នៅទូទាំងប្រទេសកម្ពុជា។

អត្ថបទទាក់ទង៖ សំណង់លំនៅឋានបន្តកំណើនរឹងមាំរយៈពេល៨ខែ ឆ្នាំ២០២០

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង