ដូចអ្វីដែលបណ្តាញព័ត៌មានអចលនទ្រព្យZ1News បានចុះផ្សាយកន្លងមកដោយផ្អែកតាមរយៈរបាយការណ៍ស្រាវបង្ហាញថា ចិនជាវិនិយោគិនបរទេសដែលមានចំណែកធំជាងគេនៅកម្ពុជា ហើយវិស័យសំណង់ និងអចលទ្រព្យ ជាវិស័យដែលរួមចំណែកសំខាន់ជាងគេនៃការវិនិយោគរបស់ចិននៅកម្ពុជា។
ក្នុងន័យនេះហើយ Z1News លើកយកគន្លឺះសំខាន់ៗមួយចំនួនអំពីវិធីសាស្រ្តទំនាក់ទំនងឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធិភាពជាមួយអ្នកទិញអចលនទ្រព្យជនជាតិចិន ហើយនឹងជួយសម្រេចដល់ការចុះកិច្ចព្រមព្រៀង (close deal)។ វិធីសាស្រ្តខាងក្រោមនេះ គឹយោងតាមអត្ថបទស្រាវជ្រាវមួយរបស់គេហទំព័រ Juwai.comដែលជាក្រុមហ៊ុនអចលនទ្រព្យចិនដ៏ធំមួយអនុញ្ញាតឱ្យវិនិយោគិនអាចបញ្ជាទិញ ឬស្វែងរកអចលនទ្រព្យនៅបរទេសតាមរយៈប្រព័ន្ធបច្ចេកវិទ្យា។
១) បណ្តាញទំនាក់ទំនងដែលគួរប្រើប្រាស់៖ មានមធ្យោបាយជាច្រើនដើម្បីធ្វើការទំនាក់ទំនងជាមួយអតិថិជនដូចជា ទូរស័ព្ទដៃ, ការផ្ញើរសារតាម SMS, សារតាមប្រព័ន្ធអេឡិចត្រូនិច (Email) និងបណ្តាញសង្គម ដូចជា WeChat។ សម្រាប់ជនជាតិចិនជាទូទៅ ការប្រើប្រាស់ SMS និង Email មិនពេញនិយមក្នុងការងារប្រាស្រ័យទាក់ទងទេ។
បើតាមទិន្នន័យរបស់ Juwai មធ្យោបាយដ៏ល្អបំផុតដើម្បីធ្វើការទំនាក់ទំនងជាមួយអ្នកទិញអចលនទ្រព្យជនជាតិចិន គឺតាម WeChat ។ អតិថិជនឆ្លើយតបតាម WeChat មានអត្រាខ្ពស់ជាងបើធៀបនឹងការប្រើប្រាស់ទូរស័ព្ទដៃ។ បើទោះបីជាទូរស័ព្ទអាចទាក់ទងអតិថិជនបានច្រើន ហើយរហ័សក៏ពិតមែន ការហៅទូរស័ព្ទដែលមិនទទួលបានការឆ្លើយតបមានប្រមាណ ៥៧% ខណៈដែលអត្រាឆ្លើយតបតាម WeChat មានរហូតទៅ ៩៣% បើធៀបនឹងមធ្យោបាយទំនាក់ទំនងដទៃៗទៀត។
ចំណុចដែលគួរកត់សំគាល់ ប្រសិនបើប្រើប្រាស់ទូរស័ព្ទទំនាក់ទំនងទៅកាន់អតិថិជនជនជាតិចិន គួរព្យាយាមប្រើប្រព័ន្ធលេខទូរស័ព្ទ របស់ក្រុមហ៊ុនគមនាគមន៍ចិនដូចជាក្រុមហ៊ុន China Mobile, China Unicom ឬ ក្រុមហ៊ុន China Telecom ព្រោះធ្វើបែបនេះគឺពេលដែលហៅចេញទៅមិនមានឧបសគ្គរារាំង។
២) គួរទូរស័ព្ទទៅអតិថិជនភ្លាមៗបន្ទាប់ពីទទួលបានពត៌មាន៖ គួរប្រញាប់ធ្វើការទំនាក់ទំនងឱ្យបានឆាប់ កាន់តែប្រសើរ ជាពិសេសក្នុងរយៈពេលពីរបីម៉ោងបន្ទាប់ពីទទួលបានព័ត៌មានពីអតិថិជន។ ប្រសិនបើអូសបន្លាយពេលវេលាទុកចោលយូរ នោះនឹងមានឱកាសតិចណាស់ក្នុងការផ្សាភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន។
៣) របៀបបន្តការក្សាទំនាក់ទំនងជាមួយអតិថិជនចិន៖ រឿងដំបូងដែលអ្នកត្រូវធ្វើនៅពេលខលទៅលេខទូរស័ព្ទជាមួយអតិថិជនដែលធ្លាប់ប្រាស្រ័យទាក់ទងកន្លងមកនោះគឺស្នើសុំលេខផ្ទាល់ខ្លួនរបស់អតិថិជននោះដែលគាត់ប្រើជាមួយ WeChat ប៉ុន្តែត្រូវសុំការអនុញ្ញាតិជាមុនសិន។ ព្រោះនៅពេលដែលចាប់ផ្តើមទំនាក់ទំនងតាម WeChat នោះនឹងផ្តល់ភាពងាយស្រួលក្នុងការធ្វើបច្ចុប្បន្នភាពជាមួយអតិថិជន។ មានចំនុចមួយដែលគួរកត់សំគាល់ផងដែរនៅពេលធ្វើការទំនាក់ទំនងជាមួយអតិថិជនជាជនជាតិចិន គួរមាននារីនិយាយទៅកាន់ជាមួយអតិថិជនជាបុរស ហើយផ្ទុយមកវិញ គួរមានបុរស និយាយទៅកាន់អតិថិជនជាស្រ្តី។ ព្រោះបើតាមការស្រាជ្រាវរបស់ក្រុមហ៊ុន Juwai បង្ហាញថាអត្រានៃការហៅទូរស័ព្ទទទួលបានជោគជ័យ គឺនៅពេលដែលភេទផ្ទុយ និយាយជជែកជាមួយគ្នា។
៤) ជ្រើសរើសពេលដែលស័ក្តិសមដើម្បីទូរស័ព្ទទៅអតិថិជន៖ យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Juwai ពេលវេលាល្អបំផុតដើម្បីហៅទូរស័ព្ទទៅកាន់អតិថិជនគឺនៅចន្លោះម៉ោង ១០ ព្រឹកដល់ម៉ោង ៤ ល្ងាចម៉ោងនៅប្រទេសចិន (GMT+8) ។
៥) គួរទូរស័ព្ទទៅអតិថិជនប៉ុន្មានដង?៖ ជាទូទៅអ្នកគួរតែទាក់ទងអតិថិជនឱ្យបានច្រើនដងតាមដែលអាចធ្វើទៅបាន ជាពិសេសនៅពេលដែលអ្នកមានពត៌មានឬអ្វីបន្ថែមទៀតដើម្បីជួយសម្រួលដល់អតិថិជនចំពោះការសាកសួររបស់គាត់។ បន្ទាប់ពីទូរស័ព្ទបាន ៥ ដងហើយ គប្បីគួរប្តូរទៅទាក់ទងតាមរយៈសារ Wechat ហើយរង់ចាំការឆ្លើយតប។
៦) រៀបចំពាក្យពេចន៍សម្រាប់ការសន្ទនាឱ្យបានរួចរាល់៖ ការរៀបចំពាក្យសម្តី (script) អ្វីដែលគួរនិយាយក្នុងកំឡុងពេលមានកិច្ចសន្ទនាជាមួយអតិថិជន ព្រោះការធ្វើបែបនេះជារឿងសំខាន់ក្នុងករណីដែលអ្នកជាប់គាំងអំឡុងពេលសន្ទនា ឬអ្នកកំពុងស្វែងរកទិន្នន័យ, ព័ត៌មានដើម្បីចែករំលែកជាមួយអតិថិជន។ ដូចគ្នានេះផងដែរការមាន Script ជួយអ្នករៀបចំរបៀបសន្ទនាអោយបានកាន់តែប្រសើរ ប៉ុន្តែមិនត្រូវអានវាដូចជាម៉ាស៊ីន Robot នោះទេ។ មានន័យថាអ្នកត្រូវសាកហាត់អានវាអោយបានពីរបីដងដើម្បីអោយស្ទាត់ជំនាញ ហើយស្តាប់ទៅដូចជាការនិយាយចេញពីធម្មជាតិពិតៗតែម្តង។
ចុចអានអត្ថបទទាក់ទង៖
១) ចិនផ្តោតខ្លាំងលើវិស័យអចលនទ្រព្យកម្ពុជា បន្ទាប់ពីមានគម្រោង «ផ្លូវមួយខ្សែក្រវ៉ាត់មួយ»
២) ៧ចំណុចបង្ហាញថា ទីផ្សារអចលនទ្រព្យកម្ពុជាកំពុងទាញចំណាប់អារម្មណ៍វិនិយោគិនអាស៊ី
៣) មាន ៦ ចំណុចនេះ ភ្នាក់ងារអចលនទ្រព្យនឹងអាច Close Deal ងាយស្រួលជាងមុន