កម្ពុជាសម្រុកនាំចេញមាសយ៉ាងគំហុក ស្របពេលកាត់ដេរធ្លាក់ចុះ

Bunthoeun Chhut 10/November/2020 18:33
ចែករំលែក

ភ្នំពេញ៖  កម្ពុជាបាននាំចេញមាស​ទៅទីផ្សារអន្តរជាតិមានទឹកប្រាក់ដល់ទៅ ២ ២២០ លានដុលា្លរអាមេរិកក្នុងរយៈពេល៨ខែដំបូងឆ្នាំនេះ ដែលបានក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់ជំរុញទឹកប្រាក់នៃការនាំចេញសរុបបន្តកើនឡើងបើទោះបីជាមានវិបត្តិកូវីដ និងផលិតផលកាត់ដេរបានធ្លាក់ចុះយ៉ាងគំហុកក្តី។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

របាយការណ៍បច្ចុប្បន្នភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញផ្សាយកាលពីសប្តាហ៍មុន បានឱ្យដឹងថា រយៈពេល៨ខែ​ដំបូងឆ្នាំនេះ មាសជាមុខទំនិញដែលមានកំណើននៃការនាំចេញខ្ពស់ជាងគេ​របស់កម្ពុជា ដែលមានរហូតដល់ជាង ៧១៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

ទន្ទឹមនេះ ការនាំចេញផលិតផលកាត់ដេរ និងវាយនភ័ណ្ឌដែលជាទំនិញចម្បងជាងគេសម្រាប់ការនាំចេញរបស់កម្ពុជា (មានចំណែក ៧០ ភាគរយនៃការនាំចេញសរុប) បានធ្លាក់ចុះដល់ទៅ ១១,៩ ភាគរយក្នុងរយៈពេលដូចគ្នានេះ ស្របពេលទំនិញផ្សេងទៀតមានដូចជា អង្ករកើនឡើង២៣,១%, កង់ (២៧%) និងគ្រឿងអគ្គិសនី (២២,៣%)។

ក្នុងរយៈពេលចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២០នេះ ការនាំចេញទំនិញរបស់កម្ពុជាលើគ្រប់មុខទំនិញទាំងអស់សម្រេចបានទឹក​ប្រាក់សរុប ១១ ៧១៤ លានដុល្លារ មានការកើនឡើងដល់ទៅ ១៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះបីជាមានវិបត្តិជំងឺឆ្លង កូវីត 19 ក្តី។ ប៉ុន្តែ ប្រសិនបើដកទឹកប្រាក់នៃការនាំចេញមាសចេញ នោះការនាំចេញសរុបនឹងមានការធ្លាក់ចុះដល់ទៅ ៤,៩%។

យ៉ាងណាក៏ដោយ ប្រភពដដែលមិនបានបញ្ជាក់ពីប្រភពផលិតកម្មមាសដែលត្រូវបាននាំចេញនោះទេ ស្របពេលក្រុមហ៊ុនផលិតកម្មមាសនៅកម្ពុជាដែលទទួលបានអជ្ញាប័ណ្ណរុករក និងកែឆ្នៃមិនទាន់ចាប់ផ្តើមផលិតកម្មកែឆ្នៃនៅឡើយគិតមកទល់ឆ្នាំ ២០២០ នេះ។

សេចក្តីរាយការណ៍ពីបណ្តាញព័ត៌មានកន្លងមកបានបង្ហាញថា បច្ចុប្បន្នមានក្រុមហ៊ុនធំៗពីរដែលទទួលបានអាជ្ញារប័ណ្ណពាណិជ្ជកម្ម ពីរដ្ឋាភិបាលដើម្បីប្រតិបត្តិការផលិតកម្មរ៉ែមាសនៅកម្ពុជា ប៉ុន្តែគិតមកទល់ឆ្នាំ ២០២០ នេះក្រុមហ៊ុនទាំងពីរមិនទាន់ចាប់ផ្តើមផលិតកម្មទាញយកមាស ឬ ផលិតកែឆ្នៃមាសនៅឡើយនោះទេ។

ក្រុមហ៊ុនទាំងពីរនោះមានដូចជា ក្រុមហ៊ុន Mesco Gold របស់ឥណ្ឌាដែលកំពុងអភិវឌ្ឍគម្រោងរ៉ែមាសរបស់ខ្លួននៅភូមិ ស៊ីយ៉ារ៉ុង ស្រុកអូយ៉ាដាវ ខេត្តរតនៈគិរី និង​ក្រុមហ៊ុនរបស់ប្រទេសអូស្ត្រាលី Renaissance Minerals (Cambodia) Ltd កំពុងអភិវឌ្ឍគម្រោងរ៉ែមាសរបស់ខ្លួននៅតំបន់អូក្វាវ ស្រុកមណ្ឌលសីម៉ា ខេត្តមណ្ឌលគិរី។ សេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុកកន្លងមកបញ្ជាក់ថា ក្រុមហ៊ុនទាំងពីរនេះ នឹងចាប់អនុវត្តផលិតកម្មរ៉ែមាសនៅដើមឆ្នាំក្រោយ។​

យោងតាមទិន្នន័យទីផ្សាររបស់ក្រុមហ៊ុនអាមេរិក Refinitiv ដែលផ្តល់សេវាកម្មផ្នែកវិភាគទិន្ន័យទីផ្សារ​ និងហិរញ្ញវត្ថុ បានឱ្យដឹងថា តម្លៃមាសលើទីផ្សារអន្តរជាតិនៅចន្លោះខែ កក្កដា និងខែកញ្ញា មានតម្លៃ ១,៩០៩ ដុល្លារក្នុងមួយអោន កើនឡើង២៧% បើធៀបនឹងត្រីមាសទី ២  ឆ្នាំ២០២០នេះ៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង