ខេត្តមណ្ឌលគិរី៖ ស្ថានភាពទីផ្សារដីធ្លីក្នុងក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគិរីនារយៈពេលជិតពីរឆ្នាំចុងក្រោយនេះបានកើនឡើងជាងពីរដង។ នេះបើតាមអ្នកឯកទេសដីធ្លីប្រចាំខេត្តមណ្ឌលគិរី។
លោក មាឃ រិទ្ធីជ័យ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តមណ្ឌលគិរី បានឱ្យដឹងថា ទីផ្សារដីធ្លីនៅក្រុងសែនមនោរម្យក្នុងឆ្នាំ២០១៨ មានតម្លៃដាក់លក់ជាមធ្យមចន្លោះពី១ម៉ឺនដុល្លារ ទៅ២ម៉ឺនដុល្លារ ក្នុងមួយម៉ែត្រដើរ។ ប៉ុន្តែតម្លៃនេះបានឡើងដល់ចន្លោះពី ២ម៉ឺន២ពាន់ដុល្លារ ដល់ ៣ម៉ឺន៥ពាន់ដុល្លារក្នុងមួយម៉ែត្រដើរបើគិតមកដល់បច្ចុប្បន្ន ដែលតម្លៃនេះកើនឡើងជាងពីរដង បើធៀបនឹងឆ្នាំ២០១៨។
សម្រាប់ទំហំដីក្បាលដីមួយម៉ែត្រដើរនេះគឺមានបណ្តោយជាមធ្យមចន្លោះពី ៤០ទៅ១០០ ម៉ែត្រ។ ចំណែកឯតម្លៃវិញគឺអាស្រ័យលើទីតាំងនៃដី ដូចជាទីតាំងដីនៅកណ្តាលក្រុង (តំបន់ក្បែរៗផ្សារ) ឬនៅតំបន់ជាយក្រុងៗ។
លោក រិទ្ធីជ័យបានគូសបញ្ជាក់ថា៖ «កំណើននេះដោយសារការីកចម្រើនវិស័យពាណិជ្ជកម្មដូចជាធនាគារ និងការកើនឡើងនៃការវិនិយោគរីហ្សតសម្រាប់បម្រើវិស័យទេសចរណ៍»។ លោកបន្តថា ធនាគារធំៗដូចជា ធនាគារ ABA និង ធនាគារ Prince បានចាប់ផ្តើមពង្រីកខ្លួនមកខេត្តនេះចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៩ ហើយផ្សារទំនើប Setra Supermarket គ្រោងនឹងបើកដំណើរការនៅក្រុងសែនមនោរម្យឆាប់ៗនេះផងដែរ។

លោក មាឃ រិទ្ធីជ័យ
រដ្ឋាបាលខេត្តមណ្ឌលគិរីធ្លាប់បានគូសបញ្ជាក់ថា មណ្ឌលគិរីជាខេត្តដែលមានសក្តានុពលខ្លាំងក្នុងវិស័យអេកូទេសចរណ៍ ហើយវិស័យនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត។ ខេត្តនេះមានធនធាននិងតំបន់ទាក់ទាញទេសចរណ៍៣៦កន្លែងរួមមាន តំបន់រមណីយដ្ឋានទឹកធ្លាក់ តំបន់រមណីយដ្ឋានវប្បធម៌ជនជាតិដើមភាគតិច និងតំបន់ធម្មជាតិផ្សេងៗទៀត។
លោក រិទ្ធីជ័យ បានឱ្យដឹងផងដែរថា តាមរយៈសក្តានុពលនេះវិនិយោគិនក្នុងស្រុកមួយចំនួនបានចាប់យកឱកាសវិនិយោគលើគម្រោងអភិវឌ្ឍន៍សម្រាប់បម្រើវិស័យទេសចរណ៍ដូចជា រីហ្សតជាដើម ដែលបច្ចុប្បន្នមានរីហ្សត១០ គម្រោង ដោយភាគច្រើនស្ថិតក្នុងក្រុងសែនមនោរម្យ។ ពាក់កណ្តាលនៃគម្រោងទាំងនេះបានដាក់ដំណើរការ និងខ្លះកំពុងសាងសង់។
លោកបន្តថា៖ «មុនឆ្នាំ២០១៨ ដែលមិនទាន់គម្រោងវិនិយោគរីហ្សតច្រើន និងវិស័យពាណិជ្ជកម្ម ដែលធ្វើឱ្យតម្លៃដីធ្លីកាលណោះមិនសូវសន្ទុះកំណើនដូចពេលនេះទេ ហើយតម្លៃដីនឹងបន្តមានកំណើន ព្រោះនឹងមានគម្រោងផ្សេងៗជាបន្តបន្ទាប់ទៀតមកអភិវឌ្ឍន៍នៅទីនេះ»។
———–
ចូលរួមដោយឥតគិតថ្លៃក្នុងកម្មវិធីជ្រើសរើស នឹង បណ្តុះបណ្តាលអ្នកឯកទេសធ្លីប្រចាំខេត្តមណ្ឌលគីរី ដែលនឹងចាប់ផ្តើមនៅថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០។
ចុះឈ្មោះចូលរួម៖ shorturl.at/zOPUX
061 759 777 ឬ 098 592 333