ភ្នំពេញ៖ គម្រោងវិនិយោគលំនៅឋាននៅតែបន្តកំណើនខ្ពស់ក្នុងរយៈពេល៨ខែចុងក្រោយនេះ ដែលជួយទ្រទ្រង់ដល់ការវិនិយោគរួមក្នុងវិស័យសំណង់ឱ្យឋិតក្នុងអត្រាថមថយទាប។ នេះបើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
របាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃទី ៤ ខែវិច្ជិកា ឆ្នាំ២០២០នេះ បានបង្ហាញ គម្រោងសំណង់លំនៅឋាននៅតែបន្តមានកំណើនល្អក្នុងរយៈពេល៨ខែដំបូងឆ្នាំនេះ ដែលមានចំនួន២,៨១៩គម្រោង ឬស្មើនឹង ៨៤% នៃគម្រោងសាងសង់សរុប។ គម្រោងសំណង់លំនៅឋាននេះកើនឡើង៦.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
គម្រោងស្នើសុំសាងសង់សរុបនៅ ៨ ខែដំបូងឆ្នាំនេះមាន ៣,៣៥០គម្រោង កើនឡើង៦.៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ តែទំហំទុនវិនិយោគសរុបក្នុងវិស័យសំណង់មានការធ្លាក់ចុះបន្តិចដែលមានទឹកប្រាក់ត្រឹមតែ ៥,០៨១ លានដុល្លារ។ ផ្ទៃក្រឡាសំណង់នៃគម្រោងស្នើសុំសាងសង់នេះមានជាង១១លានម៉ែត្រការ៉េ។
លោកស្រី ហ្គ្រេស រចនី អគ្គនាយិការក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia បានលើកឡើងថា តម្រូវការលំនៅឋានបុរីដែលមានតម្លៃមធ្យមនៅតែរក្សាបានដំណើរការល្អ ដោយសារតែម្ចាស់គម្រោងផ្តោតលើអតិថិជនក្នុងស្រុក។
លោកស្រីបានថ្លែងថា៖ «ម្ចាស់គម្រោងនៅតែបន្តអភិវឌ្ឍ និងបើកដំណើរការគម្រោងថ្មីៗរបស់ពួកគេពីមួយដំណាក់កាលទៅមួយដំណាក់កាល ដែលមិនឃើញជាសញ្ញាណាមួយដែលថាការផ្គត់ផ្គង់នេះលើសពីតម្រូវក្នុងទីផ្សារនោះទេ។ ម្យ៉ាងវិញទៀតម្ចាស់គម្រោងប្រើប្រាស់យុទ្ធសាស្រ្ត ដែលផ្តល់លក្ខណ្ឌក្នុងការលក់ទៅឱ្យអតិថិជនមានភាពងាយស្រួលជាងឆ្នាំមុន។»
លោកស្រីបានបន្ថែមថា សម្រាប់លំនៅឋានដែលមានតម្លៃមធ្យមនៅតែដំណើរការល្អព្រោះអតិថិជនទិញគម្រោងលំនៅឋានកម្រិតនេះ គឺទិញដើម្បីរស់នៅ មិនមែនសម្រាប់វិនិយោគបន្តនោះទេ។
យោងតាមរបាយការណ៍មួយរបស់ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយកាលពីខែមុន បានបង្ហាញថា គម្រោងអភិវឌ្ឍន៍បុរីលំនៅឋាននៅតែមានកំណើន ដែលមាន១២គម្រោងបានបើកដំណើរការដោយគិតចាប់ពីខែមេសា ដល់ខែកញ្ញាឆ្នាំ២០២០។
របាយការណ៍ដដែលបានគូសបញ្ជាក់ថា គម្រោងដែលបើកដំណើរការថ្មីទាំងនេះគ្រប់ដណ្តប់ក្នុងខណ្ឌចំនួន៦ មានដូចជាខណ្ឌសែនសុខ កំបូល ព្រែកភ្នៅ ដង្កោ ជ្រោយចង្វារ និងខណ្ឌមានជ័យ។ ក្នុងចំណមនោះខណ្ឌសែនសុខមានចំណែក៦០ភាគរយនៃគម្រោងលំនៅឋានថ្មីសរុបដែលបើកដំណើរការ។