លោក Jack Ma ដែលជាមហាសេដ្ឋីល្បីល្បាញមួយរូបរបស់ប្រទេសចិន ត្រូវបានមនុស្សជាច្រើនស្គាល់ថាជា មហាសេដ្ឋីលំដាប់ពិភពលោកមួយនេះតាមរយៈមុខជំនួញផ្នែកបច្ចេកវិទ្យា ជាពិសេសក្រុមហ៊ុន Alibaba ដ៏ល្បីល្បាញ។ ក៏ប៉ុន្តែ នៅពីក្រោយភាពជោគជ័យលើវិថីជំនួញបច្ចេកវិទ្យា តាមពិតទៅ Jack Ma ក៏បោះទុនវិនិយោគលើវិស័យអចលនទ្រព្យផងដែរ ហើយមានទុនដល់ទៅរាប់រយលានដុល្លារអាមេរិក។
ទិន្នន័យពីមហាសេដ្ឋីលើពិភពលោករបស់សារព័ត៌មាន Bloomberg បានបង្ហាញថា គិតត្រឹមថ្ងៃទី៣ ខែវិច្ជិកាឆ្នាំ 2020 លោក Jack Ma មានទ្រព្យសម្បត្តិសុទ្ធរហូតដល់ 61 ពាន់លានដុល្លារ ស្ថិតនៅលេខរៀងទី 13 នៃកំពូលមហាសេដ្ឋីទាំង 500 នាក់នៅលើពិភពលោក និងជាមហាសេដ្ឋីលំដាប់ទី១ក្នុងប្រទេសចិន។
នៅពីក្រោយភាពជោគជ័យផ្នែកជំនួញក្នុងវិស័យបច្ចេកវិទ្យា លោក Jack Ma និងក្រុមហ៊ុន Alibaba របស់លោក ក៏បានវិនិយោគជាច្រើនលានដុល្លារលើវិស័អចលនទ្រព្យផងដែរ។ ខាងក្រោមនេះគឺជាព័ត៌មានមួយចំនួនពីការទិញអចលនទ្រព្យរបស់ Jack Ma ដែលបណ្តាញព័ត៌មានអចលនទ្រព្យ Z1 News ដកស្រង់ចេញពីសារព័ត៌មានធំៗមួយចំនួន។
- នៅក្នុងឆ្នាំ 2015 លោក Jack Ma បានទិញផ្ទះមួយកន្លែងនៅទីក្រុង ហុង កុង ដែលមានតម្លៃរហូតដល់ 191 លានដុល្លារអាមេរិក ដែលជាតម្លៃថ្លៃជាងគេបំផុតនៅក្រុងហុងកុងបើគិតជាហ្វុតការ៉េ (មួយហ្វុតការ៉េ ស្មើនឹង092ម៉ែត្រការ៉េ) ហើយតម្លៃនៃការទិញផ្ទះនេះគឺថ្លៃជាងគេបំផុតក្នុងតំបន់អាស៊ីនាពេលនោះ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានសេដ្ឋកិច្ច Business Insider ។
- ក្នុងឆ្នាំ 2015 ដដែល សារព័ត៌មានអាមេរិក The Wall Street Journal ក៏បានរាយការណ៍ថា លោក Ma បានទិញដីមួយកន្លែងមានទំហំ 28,100 អេខ័រ (11 371 ហិកតា) ក្នុងទំហំទឹកប្រាក់ ២៣លានដុល្លារអាមេរិក ដែលមានទីតាំងនៅ Brandon Park ដែលជាតំបន់ភ្នំស្ថិតនៅទិសឥសាន្តនៃក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក។ ដីនោះមានផ្ទះពីរខ្នងអមដោយបឹងបួរ និងព្រៃព្រឹក្សាដ៏ស្រស់បំព្រង។ មួយឆ្នាំបន្ទាប់មក លោក Ma ក៏បានទិញដីចម្ការទំពាំងបាយជូទំហំ 210 អេខ័រ (84 ហិកតា) ស្ថិតនៅភាគត្បូងនៃប្រទេសបារាំងផងដែរ។
- ក្រៅពីការវិនិយោគជាលក្ខណៈបុគ្គល ក្រុមហ៊ុន Alibaba របស់លោក Jack Ma ក៏បានសម្រេចទិញភាគហ៊ុន 50 ភាគរយនៅក្នុងអគារពាណិជ្ជកម្ម AXA Tower នៅសឹង្ហបុរីក្នុងតម្លៃប្រមាណ 1.2 ពាន់់លានដុល្លារអាមេរិក កាលពីខែឧសភា ឆ្នាំ 2020 កន្លងទៅ។ នេះបើយោងតាមសារព័ត៌មាន South China Morning Post និង Financial Times។
- កាលពីខែ សីហា ឆ្នាំ 2020 នេះ ក្រុមហ៊ុន Alibaba ក៏បានសម្រេចទិញយកភាគហ៊ុនពីក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ E-House China Enterprise Holdings ដែលជាក្រុមហ៊ុនចុះបញ្ជីផ្សារហ៊ុនហុង កុង ក្នុងចំនួនទឹកប្រាក់ 106 លានដុល្លារ ដែលធ្វើឲ្យក្រុមហ៊ុន Alibaba មានចំណែកភាគហ៊ុន 13.3 ភាគរយ។ បន្ថែមពីនេះ ភាគីទាំងពីរក៏បានសម្រេចបោះទុនវិនិយោគរួមគ្នាក្នុងទំហំទឹកប្រាក់សរុប 716.6 លានដុល្លារអាមេរិកផ្សេងទៀត ដើម្បីឱ្យដាក់ដំណើការកម្មវិធី Tmall Haofang ដែលជាកម្មវិធីទិញ-លក់អចលនទ្រព្យតាមប្រព័ន្ធអនឡាញ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Yicai Global ដែលមានមូលដ្ឋាននៅចិនចេញផ្សាយជាភាសារអង់គ្លេស។
កិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន Alibaba ក្នុងការដំណើរការកម្មវិធី Tmall Haofang នេះក្លាយជាការប្រកួតប្រជែងជាមួយក្រុមហ៊ុន KE Holdings Inc ឬគេស្គាល់ថា Beike ដែលជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេរបស់ចិនដែលបម្រើសេវាកម្មទិញ-លក់លំនៅដ្ឋានតាមរយៈប្រព័ន្ធបច្ចេកវិទ្យា។ Beike មានក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Tencent Holdings Ltd ជាម្ចាស់ភាគហ៊ុនដ៏ធំនៅពីក្រោយខ្នង ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយលោក Pony Ma ជាមហាសេដ្ឋីលំដាប់ទី២ នៅប្រទេសចិននាពេលបច្ចុប្បន្ន។ (អានបន្ថែម)
សូមជម្រាបថា ទិន្នន័យនៃការរៀបរាប់ខាងលើគឺជាព័ត៌មានត្រួសៗដែលបណ្តាញព័ត៌មានអចលនទ្រព្យ Z1 News ដកស្រង់ចេញពីការចុះផ្សាយរបស់សារព័ត៌មានធំៗមួយចំនួន។ គម្រោងវិនិយោគជាក់ស្តែងរបស់ Jack Ma ក្នុងវិស័យអចលនទ្រព្យអាចមានច្រើនជាងនេះ៕