ផ្ទៃដីរាជធានីភ្នំពេញកើនឡើងជាងពីរដង ក្នុងរយៈពេលជាង២០ឆ្នាំចុងក្រោយ

Bunthoeun Chhut 29/October/2020 11:19
ចែករំលែក

ភ្នំពេញ៖ ទំហំផ្ទៃដីរា​ជធានីភ្នំពេញបានកើនឡើងជាងពីរដងក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយ ដោយកើនឡើងពីជាង ៣០០ គីឡូម៉ែត្រការ៉េ កាលពីទស្សវត្សរ៍ ៩០ ដល់ជិត ៧០០ គីឡូម៉ែត្រការ៉េគិតមកទល់ពេលនេះ។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន។

ថ្លែងក្នុងឱកាស​បើកការដ្ឋានសាងសង់ ស្ពានតភ្ជាប់ទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរាកាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០២០ សម្តេចហ៊ុនសែន​ បានមានប្រសាសន៍ថា រាជធានីភ្នំពេញត្រូវបានពង្រីកជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្នដោយកាត់ផ្ទៃដីមួយចំនួនក្នុងខេត្តកណ្តាលឱ្យនៅក្រោមការគ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។

សម្តេចតេជោបន្តថា៖ «ពេលនោះទីក្រុងរបស់យើងមានផ្ទៃដីប្រមាណជា ៣០០ គីឡូម៉ែត្រការ៉េប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះទីក្រុងភ្នំពេញមានផ្ទៃដីរហូតដល់ជិត ៧០០ គីឡូម៉ែ​ត្រការ៉េ។ យើងអាចនិយាយបានថា ទីក្រុងមួយនេះវារីកធំធាត់ទាំងទំហំ និងជម្រៅ។»​

បើតាមប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ការរីកទំហំសំដៅលើការកាត់ដីផ្នែកខ្លះក្នុងខេត្តកណ្តាលដូចជា អតីតខណ្ឌដង្កោ ព្រលានយន្តហោះពោធិ៍ចិនតុង និងដីមួយចំនួននៅខាងច្បារអំពៅជាដើមឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ដោយឡែកការរីកលើជម្រៅគឺសំដៅលើសំណង់ផ្ទៃក្រឡានៃកម្ពស់អគារ ដែលកំពុងរីកស្គុះស្គាយក្នុងរាជធានីភ្នំពេញ។

រាជធានីភ្នំពេញ ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងជាបេះដូងសេដ្ឋកិច្ចរបស់កម្ពុជា ដែលបច្ចុប្បន្នរាជធានីមួយនេះបានប្រែមុខមាត់យ៉ាងឆាប់រហ័ស ខណៈដែលកំណើនប្រជានជនក្នុងរាជធានីភ្នំពេញត្រូវបានមន្រ្តីរដ្ឋាភិបាលធ្លាប់បានគូសបញ្ជាក់ថាបានកើនដល់ជាង២លាននាក់។

យោងតាមមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុរិយោដី រាជធានីភ្នំពេញ បានបង្ហាញថា  បច្ចុប្បន្នរាជធានីភ្នំពេញមានអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅ មានចំនួន ១ ២៩២អគារ  និងមានបុរីលំនៅឋានចំនួន២៤៤ទីតាំង។

ប្រភពដដែលបានគូសបញ្ជាក់ថា រយៈពេល៥ខែ ឆ្នាំ២០២០នេះ រាជធានីភ្នំពេញទទួលបានការវិនិយោគលើវិស័យសំណង់ មានចំនួន៥៨៣គម្រោង ដែលក្នុងនោះមានផ្ទៃក្រឡាសំណង់សរុបជាង ២លាន៨សែនម៉ែត្រក្រឡា ដែលមានទុនវិនិយោគជាង ១.៣ពាន់លានដុល្លារ។

ភាពរីកចម្រើនរបស់រាជធានីភ្នំពេញ បានជំរុញឱ្យរដ្ឋាភិបាលបន្តដល់ការគិតគួរក្នុងការពង្រីកផ្ទៃដីទីក្រុងបន្តបន្ទាប់ដើម្បី​ឆ្លើយនឹងកំណើនសេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាជន។

យោងតាមលិខិតចុះថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២០ សម្តេចហ៊ុន សែន ស្នើទៅសម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តី សុំឱ្យចេញព្រះរាជក្រឹត្យកែ​សម្រួលព្រំប្រទល់រវាង​រាជធានី​ភ្នំពេញ​និង​រដ្ឋបាល​ខេត្តកណ្តាល ដោយ​កាត់​ភូមិ​៥ នៃ​សង្កាត់​៤ ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល ឲ្យ​ស្ថិតក្រោម​ការគ្រប់គ្រង​តែមួយ​របស់​រដ្ឋបាល​ស​ង្កា​ត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ភូមិ​ទាំង​៥​នោះ គឺ ភូមិ​ស្ទឹង​ជ្រៅ​និង​ភូមិ​ព្រែ​កតា​ពៅ នៃ​សង្កាត់​ដើម​មៀន ភូមិ​ព្រែក​អញ្ចាញ​នៃ​សង្កាត់​ឫស្សី ភូមិ​ព្រែ​កឡុង​នៃ​សង្កាត់​តា​ក្តុល និង ភូមិប​ត្តា​ជី​នៃ​សង្កាត់​ព្រែក​ហូរ​។  ភូមិទាំង៥នេះ មាន​ទំហំ​ជិត​៣០៣​ហិកតា ដែលមាន​លំនៅឋាន​១៣៤​ខ្នង និង​មាន​ប្រជាជន​១៧៧​គ្រួសារ ស្មើនឹង​៧៥៣​នាក់​។

បើតាមលិខិតដដែលនោះបានគូសបញ្ជាក់ថា ការស្នើសុំកាត់ភូមិទាំង៥ មកឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ការអនុវត្ត​គម្រោង​ប្លង់​មេ​សម្រាប់​អភិវឌ្ឍ​ទីក្រុង​របប​បឹងទំពុន​និង​បឹង​ជើងឯក ក៏ដូចជា​ជួយ​សម្រួល​ដល់​ការគ្រប់គ្រង​រដ្ឋបាល កិច្ចការ​អភិវឌ្ឍ ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់ ការផ្តល់​សេវាសាធារណៈ និង ការងារ​សង្គម​ផ្សេងៗ​។

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង