ធ្លាប់តែពេញនិយមសម្រាប់វិនិយោគិនបរទេស តែឥឡូវទីតាំងដីធ្លីស្ថិតក្នុងតំបន់កោះភូកេតប្រទេសថៃ បានក្លាយជាទីផ្សាររបស់អ្នកទិញក្នុងស្រុក បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ នេះបើតាមសារព័ត៌មានថៃ The Nation ចេញផ្សាយកាលពីសប្តាហ៍មុន។
លោក Prakaipeth Meechoosarn អ្នកជំនាញទីផ្សារអចលនទ្រព្យ្ររបស់ក្រុមហ៊ុន CBRE ប្រចាំតំបន់ភូកេត បាននិយាយថា នាពេលថ្មីៗនេះការទិញដីពីវិនិយោគិនក្នុងស្រុក និងជាលក្ខណៈបុគ្គល មានកំណើនជាងឆ្នាំមុនៗ ព្រោះដីដាក់លក់ស្ថិតនៅទីតាំងល្អៗ ហើយតម្លៃអាចទទួលយកបាន។
លោកបន្តថា៖«ពីមុនទីផ្សារអចលនទ្រព្យនៅភូកេតនេះគឺមានការទាក់ទាញច្រើនពីវិនិយោគិនបរទេស ដោយសារតែជាតំបន់លំហែកាយ និងរីស៊តឈានមុខគេក្នុងប្រទេសថៃ។ ប៉ុន្តែដោយសារតែបញ្ហារឹតបន្តឹងក្នុងការធ្វើដំណើរចំពោះវិនិយោគិនបរទេស ហេតុដូច្នេះហើយឥឡូវនេះវិនិយោគិនក្នុងស្រុកជាច្រើនកំពុងសម្លឹងមើលតំបន់ភូកេតនេះជាតំបន់វិនិយោគដ៏មានសក្តានុពល ជាពិសេសប្រសិនបើតម្លៃដីនេះមានតម្លៃសមរម្យ ហើយចំទីតាំងល្អ។»
ចាប់ពីថ្ងទី១ ខែតុលា ឆ្នាំ២០២០ រដ្ឋាភិបាលថៃបានដាក់ដំណើរការនូវប្រភេទទិដ្ឋាការទេសចរពិសេសមួយ (Special Tourist Visa) ធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរអ្នកមាន ហើយស្នាក់នៅយូរថ្ងៃ ដើម្បីជំរុញ វិស័យទេសចរណ៍ឱ្យឆាប់ងើបឡើងវិញ។ ទោះបែបនេះក្តី មិនទាន់មានវិនិយោគិនបរទេសណារួសរាន់ទិញដីក្នុងតំបន់ភូកេតនោះឡើងវិញទេនាពេលបច្ចុប្បន្ន។
ទិន្ន័យពីក្រុមហ៊ុនCBRE ប្រចាំតំបន់ភូកេត បានបង្ហាញថាចំនួនអ្នកសួរនាំទិញដីធ្លីពីសំណាក់វិនិយោគិនក្នុងស្រុកនារយៈពេល៩ខែកន្លងទៅនេះកើនឡើង៥០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ភាគច្រើននៃចំនួននេះជាក្រុមហ៊ុនអភិវឌ្ឍនក្នុងស្រុកដែលស្វែងរកទីតាំងដីសម្រាប់ការអភិវឌ្ឍន៍ថ្មីៗ ឬសាងសង់ជាផ្ទះសម្រាកលំហែកាយ។
លោក Prakaipeth បាននិយាយថា៖«ទីតាំងដីដែលស័ក្កសមសម្រាប់តម្រូវការអភិវឌ្ឍន៍ ដូចជាទីតាំងដីនៅតំបន់ឆ្នេរ និងតំបន់ដែលអាចមើលឃើញពីទេសភាពសមុទ្រ មិនទាន់មានការផ្គត់ច្រើននៅឡើយទេ។ តែឥឡូវទីតាំងដីជាច្រើនបានដាក់លក់ ដោយសារតែស្ថានភាពបច្ចុប្បន្ន ជាទីផ្សាររបស់អ្នកទិញ ហើយម្យ៉ាងម្ចាស់ទ្រព្យហ្នឹងបើចិត្តទូលាយជាងមុនចំពោះការចរចារតម្លៃ»។