វៀតណាម៖ មហាសេដ្ឋីរបស់ប្រទេសវៀតណាមប្រមាណជាង ១ម៉ឺន២ពាន់នាក់ ហើយក្នុងចំណោមនោះមានរហូតដល់ ៩០% បានបង្កើតភាពមានបាន និងទ្រព្យសម្បត្តិស្តុកស្តម្ភរបស់ពួកគេតាមរយៈការវិនិយោគលើវិស័យអចលនទ្រព្យ។ នេះបើតាមសេក្តីរាយការណ៍នានារបស់សារព័ត៌មានក្នុងស្រុកវៀតណាម។
ប្រភពព័ត៌មានក្នុងស្រុកវៀតណាម ដែលដកស្រង់ការស្រាវជ្រាវរបស់ក្រុមអ្នកជំនាញអចលនទ្រព្យដែលចូលរួមក្នុងវេទិការស្តីពី ទីផ្សារអចលនទ្រព្យក្នុងប្រទេសវៀតណាមឆ្នាំ២០២០-២០២១ និងត្រៀមខ្លួនសម្រាប់ការវិវត្តថ្មីៗ បានគូសបញ្ជាក់បន្ថែមថា ៩៩.១% នៃសេដ្ឋី១០០នាក់ ដែលមានទ្រព្យសម្បតិ្តច្រើនជាងគេចាប់ពី៣០ លានដុល្លារអាមេរិកឡើងទៅ បានវិនិយោគលើអចលនទ្រព្យទាំងដោយផ្ទាល់ និងប្រយោល។
ក្រុមអ្នកជំនាញបាននិយាយថា៖ «ខណៈដែលវិបត្តិកូវីដ-១៩ នៅតែបន្តបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចទាំងមូលក្តី មហាសេដ្ឋីនៅក្នុងប្រទេសវៀតណាមជាច្រើននៅតែបោះទុនវិនិយោគជាហូរហែរក្នុងទីផ្សារអចលនទ្រព្យ។»
លោក Nguyen Van Dinh អនុប្រធាសមាគមអចលនទ្រព្យប្រទេសវៀតណាម បាននិយាយថា លំហូរវិនិយោគផ្ទាល់ពីបរទេសបានជំរុញកំណើនវិនិយោគជាច្រើនក្នុងប្រទេសនេះ។ ក៏ប៉ុន្តែរយៈពេល២០ ឆ្នាំចុងក្រោយនេះ លោកថាភាពរីកចម្រើនក្នុងវិស័យអចលនទ្រព្យបានមកពីការរួមចំណែកដ៏ធំធេងពីសំណាក់វិនិយោគិនក្នុងស្រុក។
លោក Dinh បានបន្ថែមថា៖ «នេះសបញ្ជាក់ឱ្យឃើញថា ការវិនិយោគលើវិស័យអចលនទ្រព្យដោយវិនិយោគិនក្នុងស្រុកកំពុងមានកំណើនខ្លាំងមែនទែន ហើយស្ថិតនៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះរដ្ឋាភិបាលគួរតែបង្កើតឱ្យមានគោលនយោបាយសមស្របណាមួយ ដើម្បីទាក់ទាញធនធានវិនិយោគិនក្នុងស្រុកបន្ថែមទៀតវិនិយោគក្នុងវិស័យអចលនទ្រព្យ។»
ក្រុមអ្នកជំនាញអចលនទ្រព្យផ្សេងៗទៀតនៅវៀតណាម ក៏បានអះអាងដែរថា បើទោះបីទីផ្សារអលនទ្រព្យទទួលរងផលប៉ះពាល់ដោយសារបញ្ហាកូវីដ-១៩ តែទីផ្សារវិស័យនេះបានស្ទុះងើបឡើងវិញលឿនជាងគេ បើធៀបនឹងវិស័យផ្សេងៗ។
ពួកគេបានបន្តថា៖ «ប្រសិនបើមានលុយក្នុងដៃ គួរតែវិនិយោគអចលនទ្រព្យបើទោះបីឋិតក្នុងអំឡុងពេលកូវីដ-១៩ក៏ដោយ ពីព្រោះការវិនិយោគអចលនទ្រព្យ ជាការវិនិយោគដែលអាចទទួលបានប្រាក់ចំណេញខ្ពស់ ហើយសុវត្ថិភាពទៀត។ ជាច្រើនឆ្នាំមកនេះ មិនមានវិបត្តិណាដែលទាញទំលាក់តម្លៃអចលនទ្រព្យអោយដាំក្បាលចុះនោះទេ តែផ្ទុយទៅវិញ តម្លៃទីផ្សារអចលនទ្រព្យនៅតែបន្តកើនឡើងជាមធ្យមចន្លោះពី ៥ ទៅ ៧ ភាគរយក្នុងមួយឆ្នាំ។»
របាយការណ៍ទ្រព្យសម្បត្តិ២០១៩ (Wealth Report 2019) របស់ក្រុមហ៊ុន Knight Frank ដែលមានមូលដ្ឋាននៅក្រុងឡុងដ៍ចក្រភពអង់គ្លេស បានបង្ហាញថា សេដ្ឋីនៅវៀតណាមមានចំនួន ១២,៣២៧ នាក់ ក្នុងឆ្នាំ២០១៨ ហើយព្យាករណ៍ថា ចំនួននេះនឹងកើនដល់ ១៥,៧៧៦ ត្រឹមឆ្នាំ២០២៣។
បើតាមសន្ទស្សន៍កំពូលមហាសេដ្ឋីប្រចាំឆ្នាំ២០២០ (billionaire) របស់គេហទំព័រ Forbes បានបង្ហាញថា លោក Pham Nhat Vuong ជាកំពូលមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភច្រើនជាងគេនៅវៀតណាមរហូតដល់ ៥.៦ពាន់លានដុល្លារអាមេរិក។ លោក Vuong ជាម្ចាស់គ្រប់គ្រងក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងវិស័យចម្រុះផ្សេងៗទៀតនៅក្នុងប្រទេសវៀតណាម៕

លោក Pham Nhat Vuong