កំណើនសេដ្ឋកិច្ចចិនបានស្ទុះងើបខ្លាំងឡើងវិញក្នុងក្នុងរង្វង់ 4.9% នារយៈពេលបីខែចុងក្រោយនេះ ដោយរាប់ចាប់ពីខែកក្កដា រហូតមកដល់ខែកញ្ញាពោលគឺត្រីមាសទី៣ ដែលកើនឡើងខ្ពស់ជាងត្រីមាសទី២ ជិតពីរដង។ នេះបើតាមទិន្នន័យរបស់រដ្ឋាភិបាលចិន។
កំណើនសេដ្ឋកិច្ចចិនដែលងើបឡើងវិញនេះ បង្ហាញពីសញ្ញាវិជ្ជមានដល់កម្ពុជាដែលពឹងផ្អែកខ្លាំងលើវិស័យពាណិជ្ជកម្មជាមួយប្រទេសចិន ជាពិសេសការវិនិយោគផ្ទាល់ពីវិនិយោគិនចិនក្នុងវិស័យសំណង់និងអចលនទ្រព្យ។
សារព័ត៌មានក្នុងស្រុករបស់ប្រទេសចិនបានដកស្រង់ទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលចេញផ្សាយកាលពីសប្តាហ៍មុន បានឱ្យដឹងថា ដោយសារផលប៉ះពាល់នៃបញ្ហាជំងឺកូវីដ-១៩ សេដ្ឋកិច្ចចិននៅក្នុងត្រីមាសទី១ ឆ្នំា២០២០ បានដាំក្បាលចុះក្នុងរង្វង់ -6.8% ប៉ុន្តែបានស្ទុះងើបឡើងវិញនៅត្រីមាសទី២ដោយរក្សាបានកំណើន 3.2% ហើយបន្តហក់ឡើងខ្ពស់រហូតដល់4.9%ក្នុងត្រីមាសទី៣។
លោក Wang Dan ប្រធានផ្នែកសេដ្ឋកិច្ចនៃធនាគារ Hang Seng Bank China បាននិយាយថា៖ «ការវិនិយោគលើហេដ្ឋារចនាសម័្ពន្ធ និងសកម្មភាពវិនិយោគអចលនទ្រព្យ រួមទាំងសកម្មភាពនៃការនាំចេញ បានជំរុញឱ្យសេ្ឋកិច្ចចិនមានកំណើនខ្លាំងក្នុងត្រីមាសទី៣។»
ក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ចចិនរំពឹងថា ល្បឿននៃកំណើនសេដ្ឋកិច្ចនឹងបន្តកើនឡើងរហូតដល់5.7% ក្នុងត្រីមាសទី៤ ហើយកំណើនសេដ្ឋកិច្ចចិនពេញមួយឆ្នាំ២០២០នេះ ត្រូវបានព្យាករណ៍ថានឹងអាចរក្សាបានក្នុងកំណើន2.1%។
ក្រុមអ្នកជំនាញបានគូសបញ្ជាក់ថា៖«កំណើនវិជ្ជមាននេះគឺដោយសារកាងើបឡើងវិញនូវវិស័យសេវាកម្ម សកម្មភាពល្អប្រសើក្នុងវិស័យលក់រាយ និងការរីកលូតលាស់ក្នុងការវិនិយោគទ្រព្យសកម្មថេរ (ឬហៅថា fixed-asset investment ដែលរួមបញ្ចូលទាំងការវិនិយោគលើអចលនទ្រព្យ)។»
ចិនគឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ចម្បងមួយរបស់កម្ពុជា ដែលក្នុងន័យនេះហើយធនាគារកណ្តាលនៅកម្ពុជាបានបង្ហាញសុទិដ្ឋិនិយមអំពីសកម្មភាពវិនិយោគលើវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា ថានឹងមានកំណើនល្អឡើងវិញ បន្ទាប់ពីបរិយាសកាសសេដ្ឋកិច្ចចិនចាប់ផ្តើមបង្ហាញភាពវិជ្ជមាន។

ពិធីចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មស៊េរី (FTA) រវាងកម្ពុជា និងចិនកាលពីថ្ងៃទី១២ ខែតុលាឆ្នាំ២០២០
របាយការណ៍ឆមាសទី១របស់ធនាគារកណ្តាលកម្ពុជាបានគូសបញ្ជាក់ថា៖ «ភាពធូរស្រាលនៃជំងឺកូវីដ-១៩នៅប្រទេសចិនចាប់តាំងពីខែមីនាមក លំហូរវិនិយោគផ្ទាល់បរទេសពីចិនមកកម្ពុជា អាចមានកំណើនងើបមកវិញ ជាពិសេសអាចរួមចំណែកជំរុញសកម្មភាពក្នុងវិស័យសំណង់និងអចលនទ្រព្យ និងទេសចរណ៍។»
គូសបញ្ជាក់ថា កម្ពុជា និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មស៊េរី (FTA) កាលពីដើមខែតុលាកន្លងទៅនេះ ហើយជាអ្វីដែលគេអះអាងថានឹងជួយពន្លឿនកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការនាំចេញ និងទាក់ទាញលំហូរវិនិយោគជាច្រើនបន្ថែមទៀត។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ភាគីនៃប្រទេសទាំងពីរគ្រោងសម្រេចទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនដល់១០ពាន់លានដុល្លារត្រឹមឆ្នាំ២០២៣។