បណ្តាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភជាច្រើននៅលើពិភពលោក បានបង្កើតភាពមានបានរបស់ពួកគេតាមរយៈការវិនិយោគអចលនទ្រព្យ។ បើតាមសេក្តីរាយការណ៍របស់សារព័ត៌មាន CNBCចុះផ្សាយកន្លងមក ប្រហែល៩០%នៃសេដ្ឋី(millionaires)លើពិភពលោក សុទ្ធសឹងតែបង្កើតទ្រព្យសម្បត្តិស្តុកស្តម្ភរបស់ពួកគេតាមរយៈការរួមចំណែកនៃការវិនិយោគអចលនទ្រព្យ។
ខាងក្រោមនេះជាហេតុផលចម្បងៗ ដែលលោកអ្នកគួរស្វែងយល់ពីការវិនិយោគអចលនទ្រព្យ ដែលបណ្តាញព័ត៌មានអចលនទ្រព្យ Z1News បានដកស្រង់ចេញពី សៀវភៅនិយាយអំពីការវិនិយោគក្នុងវិស័យអចលនទ្រព្យ និពន្ធដោយលោកស្រី Michele Cagan ដែលជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងប្រឹក្សាយោបល់ធុរកិច្ចសហរដ្ឋអាមេរិក។
១) ជាទ្រព្យរូបីយ៍ (It’s Real)៖ អចលនទ្រព្យ ជាទ្រព្យរូបីយ៍ ដែលយើងអាចមើលឃើញហើយប៉ះវាបាន ដែលខុសពីការវិនិយោគដ៏ទៃទៀតដូចជាការទិញភាគហ៊ុន សញ្ញាបណ្ណ ឬមូលបត្របំណុល ជាដើម។ មានន័យថា នៅពេលដែលអ្នកមានអចលនទ្រព្យជាផ្ទះ ឬដីនៅក្នុងដៃ វានៅតែជារបស់ដែលមានតម្លៃ បើទោះបី តម្លៃទីផ្សារនោះធ្លាក់ដល់បាតក៏ដោយ ដែលនេះខុសពីភាគហ៊ុន ឬសញ្ញាបណ្ណ វានឹងអស់តម្លៃនៅពេលដែលទីផ្សារដាំក្បាលចុះ។
ជាឧទាហរណ៍ ប្រសិនបើអចលនទ្រព្យជាផ្ទះហើយចំទីតាំងល្អ យើងអាចដាក់ជួល ឬកែច្នៃជាទីតាំងសម្រាប់ជួលធ្វើជាអាជីវកម្មផ្សេងៗទៅតាមតម្រូវការទីផ្សារជាក់ស្តែង។ ហើយប្រសិនបើអចលនទ្រព្យនោះជាដីដែលឋិតនៅក្នុងតំបន់ពាណិជ្ជ ឬឧស្សាហកម្ម យើងអាចដាក់ជួលសម្រាប់ធ្វើជាឃ្លាំងដើម្បីស្តុកទំនិញ។ ទាំងនេះជាជ្រុងមួយក្នុងការវិនិយោគអចលនទ្រព្យតាមរយៈការដាក់ជួល ដែលបង្កើតបានជាបំពង់លំហូរសាច់ប្រាក់ចូលហោប៉ៅលោកអ្នកជាទៀងទាត់។
២) ជួយយឹតយោងនៅពេលដែលវិនិយោគច្រើនជាងមួយប្រភេទ៖ ការធ្វើពិពិធកម្ម ឬការបំបែកមុខព្រួញវិនិយោគ (diversification) ជាផ្នែកសំខាន់មួយនៃភាពជោគជ័យក្នុងការបង្កើតភាពមានបាន។ តាមរយៈការច្របាច់បញ្ចូលគ្នានៃប្រភេទវិនិយោគផ្សេងៗគ្នាក្នុងផលបត្រតែមួយ (portfolio) នោះនឹងជួយកាត់បន្ថយនៃការខាតបង់តម្លៃផលបត្ររួមរបស់លោកអ្នកឱ្យឋិតក្នុងកម្រិតធូរស្រាល។ មានន័យថា ការបំបែកមុខព្រួញវិនិយោគនេះអាចជួយយឹតយោងគ្នាទៅវិញទៅមក នៅពេលដែលទីផ្សារឡើងចុះ។ ឧទាហរណ៍ នៅពេលដែលតម្លៃទីផ្សារមួយធ្លាក់ចុះ ប៉ុន្តែតម្លៃទីផ្សារផ្សេងទៀតនៅតែរក្សាកំណើនខ្ពស់ ដែលនេះហើយជាយុទ្ធសាស្រ្តរបស់វិនិយោគិនវិនិយោគអចលនទ្រព្យតែងអនុវត្តដើម្បីជួយទប់លំនឹងផលបត្ររួមរបស់ពួកគេឱ្យរឹងមាំ។

នេះជារូបតំណាងដែលបង្ហាញពីផលបត្រវិនិយោគ។ រូបភាព៖ Google
៣) ការពារអតិផរណា៖ បើត្រលប់ទៅឆ្នាំ១៩៨០ តម្លៃជួលបន្ទប់ស្នាក់នៅទូទាំងសហរដ្ឋអាមេរិក តម្លៃជួលកាលណោះជាមធ្យម២៤៣ ដុល្លារក្នងមួយខែ ហើយ១០ឆ្នាំក្រោយមកតម្លៃជួលនោះហក់ឡើងដល់ ៤៤៧ដុល្លារ ដែលកើនឡើងជិតពីរដង។ តម្លៃជួលនេះកើនឡើងជាបន្តបន្ទាប់រហូតដល់៩៤២ដុល្លារក្នុងមួយខែក្នុងឆ្នាំ២០១៥។ នេះហើយគឺជាអតិផរណា ដែលមនុស្សចំណាយលុយកាន់តែច្រើនឡើងៗលើរបស់ដដែលៗ។ វាជារឿងមិនល្អទេសម្រាប់អ្នកជួល តែវាកាន់តែបង្កើនតម្លៃដល់ម្ចាស់ទ្រព្យ។ ការវិនិយោគអចលនទ្រព្យអាចជួយការពារពីផលប៉ះពាល់នៃការបម្រែប្រួលអតិផរណា ឧបមាថាប្រសិនបើលោកអ្នកទិញអចលនទ្រព្យដោយលុយសុទ្ធ ឬខ្ចីបុលពីធនាគារតាមរយៈការបង់ត្រលប់ថេរ នោះវាមិនជះឥទ្ធិពលអ្វីទេនៅពេលអតិផរណាមានការកើនឡើង។ តែផ្ទុយទៅវិញ លោកអ្នកនៅតែអាចតម្លើងថ្លៃឈ្មួល នៅពេលដែលអតិផរណាកើនឡើង ហើយចំណូលដែលបានមកពីការតម្លើងថ្លៃជួលដែលស្របតាមបរិបទបម្រែបម្រួលសេដ្ឋកិច្ចនេះ ក៏រួមចំណែកដល់លោកអ្នកក្នុងការការពារអំណាចនៃការទិញផងដែរ (purchasing power)។
៤) ទទួលប្រាក់ចំណេញថេរ៖ ការវិនិយោគអចលនទ្រព្យអាចផ្តល់ជាមធ្យោបាយមួយចំនួនដើម្បីបង្កើតបានជាប្រាក់ចំណូលជាប្រចាំខែ ឬប្រាក់ចំណេញទទួលបានពីការដាក់លក់នៅពេលដែលអចលនទ្រព្យឡើងថ្លៃ។
៥) មាគ៌ាឆ្ពោះទៅរកភាពមានបាន៖ អចលនទ្រព្យគឺជាអ្នកបង្កើតទ្រព្យសម្បត្តិដ៏មានប្រសិទ្ធភាពមួយព្រោះវាបានផ្តល់នូវវិធីវិនិយោគដែលមានស្ថេរភាព និងជាប្រភពប្រាក់ចំណូលដ៏រឹងមាំ ព្រោះវាបានបង្កើតបានលំហូរសាច់ប្រាក់ថេរ (តាមរយៈការជួលឬក៏ការឡើងថ្លៃនៃទ្រព្យសម្បត្តិនោះ) ក៏ដូចជាឳកាសដើម្បីប្រែក្លាយដើមទុនតិចតួចអោយទៅជាទ្រព្យសម្បត្តិច្រើនផងដែរ។ ការវិនិយោគអចលនទ្រព្យជួយអ្នករកប្រាក់ចំណូលបានច្រើនជាងបើប្រៀបធៀបទៅនិងការវិនិយោគផ្សេងទៀត ហើយវាក៏ធ្វើអោយប្រាក់កើនទ្វេរដង ដែលធ្វើឱ្យមានប្រាក់កាន់តែច្រើនដើម្បីយកទៅវិនិយោគលើចំណែកទីផ្សារអចលទ្រព្យផ្សេងៗទៀត៕