របាយការណ៍ស្រាវជ្រាវដោយក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិJLL បានបង្ហាញថា ទំហំនៃប្រតិបត្តិការទិញ-លក់ និងការវិនិយោគអចលនទ្រព្យនៅក្នុងបណ្តាប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងមានសន្ទុះកើនខ្លាំងឡើងវិញនៅក្នុងឆមាសទី១ឆ្នាំ២០២១។
ក្រុមហ៊ុន JLL មានទីស្នាក់កណ្តាលនៅរដ្ឋ Illinois សហរដ្ឋអាមេរិក បានចេញផ្សាយរបាយការណ៍របស់ខ្លួននាពេលថ្មីៗនេះ ហើយនៅក្នុងរបាយការណ៍នោះមានការស្ទង់មតិពីបណ្តាវិនិយោគកំពូលៗ៣៨ រូបដែលមកពីបណ្តាប្រទេសនៅក្នុងតំបន់ និងមកពីប្រទេសសកលលោកផ្សេងទៀតដែលមានមូនិធិគ្រប់គ្រង (Asset Under Management )សរុប១.៨ទ្រីលានដុល្លារ។
ម្យ៉ាងវិញទៀត ការស្ទង់មតិនេះគឺធ្វើឡើងដើម្បីបញ្ជាក់ថាតើបញ្ហាកូវីឌ-១៩ នេះប៉ះពាល់ផែនការយុទ្ធសាស្រ្ត ការសម្រេចចិត្ត និងការរៀបចំផែនការវិនិយោគក្នុងអំឡុងពេលវិបត្តិកូវីឌ-១៩ របស់ពួកគេយ៉ាងដូចម្តេចខ្លះដើម្បីត្រៀមអនុវត្តនាពេលអនាគត។
របាយការណ៍ស្ទង់មតិមានកម្រាស់១២ទំព័រនេះ បានបង្ហាញថា ៨៤ភាគរយនៃវិនិយោគិនអចលនទ្រព្យ រំពឹងថាទំហំនៃប្រតិបត្តិការទិញ-លក់អចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងកើនឡើងវិញនៅត្រឹមដើមឆ្នាំ២០២១។ សុទិដ្ឋិនិយមនេះក៍មានការរួមបន្ថែមពីសញ្ញានៃការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងប្រទេសចិនផងដែរ។
ទំហំនៃប្រតិបត្តិការទិញ-លក់អចលនទ្រព្យក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមានសរុប ៥២.៩ ពាន់លានដុល្លារនារយៈពេល៦ខែដើមឆ្នាំ២០២០ ធ្លាក់ចុះ៤៣ភាគរយ ឬស្មើនឹង៤០.៣ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។
យ៉ាងណាមិញ របាយការណ៍នេះបានគូសបញ្ជាក់ថា៖«វិនិយោគិនអន្តរជាតិជាច្រើននៅតែមើលឃើញថាតំបន់អាស៊ីប៉ាស៊ីហ្វិកនេះនៅតែទីផ្សារចម្បងសម្រាប់ការវិនិយោគអចលនទ្រព្យ។ លទ្ធផលនៃការស្ទង់មតិនេះក៏បានបង្ហាញដែរថា បណ្តាវិនិយោគិនទាំងក្នុងតំបន់ និងសកលលោកនៅតែមានជំនឿចំពោះទីផ្សារអចលនទ្រព្យថានៅតែរក្សាបានកំណើនល្អ ហើយមានវិនិយោគិនជាច្រើនកំពុងអនុវត្តផែនការសម្រាប់ស្ថានភាពបច្ចុប្បន្ន និងខ្លះទៀតកំពុងរៀបចំផែនការចាប់យកឱកាសវិនិយោគនាពេលអនាគត។»
សកម្មភាពទិញ-លក់លំនៅឋាននឹងរួមចំណែកដ៏សំខាន់ក្នុងការងើបឡើងវិញនៃកំណើនប្រតិបត្តិទិញ-លក់អលនទ្រព្យ ដែលមាន៥៨ភាគរយនៃការស្ទង់មតិនេះដោយវិនិយោគិនគ្រោងនឹងពង្រីកការវិនិយោគរបស់ពួគលើវិស័យលំនៅឋាននៅក្នុងបណ្តាទីក្រុងនានានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ការស្ទង់មតិនេះក៏បានបង្ហាញផងដែរថា ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េខាងត្បូង ចិន អូស្រា្តលី និងប្រទេសសឹង្ហបុរី នឹងឃើញមានកំណើនសកម្មភាពទិញ-លក់អលនទ្រព្យច្រើនជាងគេនៅឆ្នាំក្រោយ ព្រោះជាទិសវិនិយោគដែលគេអះអាងថាមានសុវត្ថិភាព និងមានហានិភ័យទាបសម្រាប់ការវិនិយោគ។
កំណើនវិជ្ជមាននៃទីផ្សារអចលនទ្រព្យក្នុងបណ្តាប្រទេសទាំងនេះ អាចនឹងជះឥទ្ធិពលល្អដល់ទីផ្សារអចលនទ្រព្យនៅកម្ពុជាផងដែរ ព្រោះបណ្តាប្រទេសទាំងនេះ (វៀរលែងប្រទេសអូស្រ្តាលី) សុទ្ធសឹងតែជាប្រទេសដែលមានការបោះទុនវិនិយោគច្រើនជាងគេនៅកម្ពុជា ជាពិសេសវិស័យសំណង់ និងអចលនទ្រព្យ។
យោងតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា (NBC)ក្នុងឆ្នាំ២០១៩ កម្ពុជាបានស្រូបទាញលំហូរទុនវិនិយោគផ្ទាល់ពីបរទេសមានចំនួនប្រមាណ ៣.៥ពាន់លានដុល្លារអាមេរិក។ ក្នុងនោះវិនិយោគិនចិនឈរលេខរៀងទី១(៤៣%) បន្ទាប់មកគឺកូរ៉េខាងត្បូង (១១%), ជប៉ុន និងសឹង្ហបុរី (៦%)។
ជាមួយគ្នានេះដែររបាយការណ៍ទីផ្សារអចលនទ្រព្យក្នុងរាជធានីភ្នំពេញប្រចាំត្រីមាសទី៣ របស់ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយក្នុងខែតុលានេះ ក៏បានលើកឡើងអំពីដំណើរការទីផ្សារអចលនទ្រព្យឆ្ពោះទៅរកសកម្មភាពមានកំណើនឡើងវិញផងដែរ។
បើតាម CBRE រយៈពេល៩ខែឆ្នាំ២០២០នេះ គម្រោងអភិវឌ្ឍលំនៅឋាន (landed property projects) ចំនួន១៨គម្រោង ឬស្មើនឹង ៧,៥០០ខ្នងបានបើកដំណើរការ ហើយតម្លៃទីផ្សារនៅតែរក្សាបានកំណើនវិជ្ជមាន។ ខណៈដែលចំណែកទីផ្សារក្នុងការជួលទីតាំងការិយាល័យបន្តធ្លាក់ចុះ ហើយតម្លៃទីផ្សារខុនដូនក៏ធ្លាក់ចុះផងដែរ ដោយរាប់ពី ១.០២% ដល់១.៣៩ភាគរយ តាមប្រភេទនៃលំដាប់ថ្នាក់ខុនដូ (Mid-Range, Affordable, High-End)។