អង់គ្លេស៖ មហាសេដ្ឋីដែលមានប្រាក់ខ្ទង់ពាន់លានដុល្លារពីររូបនៅអង់គ្លេសដែលជាបងប្អូនបង្កើតនឹងគ្នាគឺលោក David និងលោក Simon Reuben បានបោះទុនរាប់លានដុល្លារក្នុងការទិញអចលនទ្រព្យក្នុងកំឡុងពេលដែលសេដ្ឋកិច្ចពិភពលោកប្រឈមដោយវិបត្តិជំងឺកូវីឌ-១៩។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bloomberg នាពេលថ្មីៗនេះបានឱ្យដឹងថា វិបត្តិជំងឺរាតត្បាតសកលនេះមិនអាចរារាំងមហិច្ចតាលើការវិនិយោគអចលនទ្រព្យរបស់សេដ្ឋីបងប្អូនបង្កើតត្រកូល Reubenនេះទេ។ ដោយរាប់ចាប់ពីជំងឺកូវីដ-១៩ បានផ្ទុះឡើង មហាសេដ្ឋីពីរនាក់បងប្អូននេះបានបោះទុនវិនិយោគលើទីផ្សារលំនៅឋានក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ និងទិញដី ៩៩ហិកតាផ្សេងទៀតនៅកោះ Baleraic ប្រទេសអេស្ប៉ាញដែរ។ មហាសេដ្ឋីទាំងពីរនេះក៏បាន ទិញយកផ្សារលក់រាយក្នុងតំបន់ Manhattan ក្រុង New York ពីក្រុមហ៊ុន SL Green Realty Corp ក្នុងតម្លៃប្រមាណ ១៧០លានដុល្លារ។

លោក Simon (ឆ្វេង) និងលោក David (ស្តាំ)
លោក David និងលោក Simon Reuben កើតនៅក្នុងប្រទេសឥណ្ឌា ដែលឱពុករបស់ពួកគាត់ជាប់ខ្សែស្រឡាយជនជាតិជីហ្វ ហើយពួកគេបានផ្លាស់ទីលំនៅមករស់នៅក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេសក្នុងឆ្នាំ១៩៥០។
សារព័ត៌មាន Bloomberg បានគូសបញ្ជាក់ថាខ្លួនមិនអាចសុំការអធិប្បាយបន្ថែមពីមហាសេដ្ឋីជំនួញទាំងពីររូបនេះទាក់ទងនឹងយុទ្ធសាស្រ្ត និងការសម្លឹងមើលឃើញវិបត្តិជាឱកាសរបស់ពួកគេ។ អ្នកជំនួញវ័យចំណាស់ទាំងពីររូបនេះ ភាគច្រើនផ្តោតលើការជួញដូរមាស អចលនទ្រព្យ និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗ ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១២ពាន់លានដុល្លារអាមេរិក ហើយជាប់ជាត្រកូលមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេទី២ក្នុងប្រទេសអង់គ្លេស។
ប្រភពដដែលបានបន្តថា តម្លៃអចលនទ្រព្យដាំក្បាលចុះក្នុងអំឡុងវិបត្តិកូវីឌ-១៩នេះ បានបង្កើតជាឱកាសសម្រាប់អ្នកជំនួញដែលមានលុយច្រើនក្នុងដៃ ហើយមានទស្សនវិស័យវែងឆ្ងាយក្នុងបង្កើតផលចំណេញ និងការបង្កើនទុនវិនិយោគរបស់ពួកគេ។
លោក Josef Stadler អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន UBS Group AG ដែលជាធនាគារ និងក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុមានមូលដ្ឋាននៅប្រទេសស្វីស បាននិយាយប្រាប់ Bloombergថា៖ «អចលនទ្រព្យតែងតែដើរតួរជាប្រភេទឧបករណ៍ហិរញ្ញវត្ថុដ៏សំខាន់មួយ (asset class) សម្រាប់ការបំបែកមុខព្រួញក្នុងការវិនិយោគ។ ហេតុដូច្នេះហើយវិបត្តិកូវីឌ-១៩នេះ អ្នកវិនិយោគតែងបង្កើនមុខព្រួញក្នុងការវិនិយោគរបស់ពួកគេ។»

ទាំងនេះជាអចលនទ្រព្យមួយចំនួនមានតម្លៃរាប់លានដុល្លារក្នុងប្រទេសអង់គ្លេស គ្រប់គ្រងដោយសេដ្ឋីទាំងពីររូបនេះ
ក្រៅពីអចលនទ្រព្យដែល លោកDavid និងលោក Simon Reuben បានបោះទុនវិនិយោគដូចមានរៀបរាប់ខាងលើ មហាសេដ្ឋីទាំងពីររូបនេះក៏មានគម្រោងសាងសង់ជាលំនៅឋាន៦៥០ផ្ទះ និងសណ្ឋាគារមួយកន្លែងក្នុងរាជធានីប្រទេសអេស្ប៉ាញ។ បន្ថែមពីនេះ អ្នកជំនួញពីនាក់បងប្អូននេះរួមជាមួយដៃគូរវិនិយោគរបស់ពួកគេផ្សេងទៀត បានទិញយកក្លឹបបាល់ទាត់ Newcastle United ដែលជាក្លឹបនៅ Premier League ក្នុងប្រទេសអង់គ្លេសផងដែរ។
លោក Alex James ប្រធានប្រឹក្សាផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុនអចលនទ្រព្យ Knight Frank បាននិយាយថា បច្ចុប្បន្នមានវិនិយោគិនដែលមានទ្រព្យសម្បត្ត្តិស្តុកស្តម្ភជាច្រើនកំពុងស្វែងរកការវិនិយោគដើម្បីបង្កើនផលចំណេញខ្ពស់ ហើយបង្កើតបានជាទុនសម្រាប់ការវិនិយោគជាបន្តបន្ទាប់ទៀត។
លោកបន្តថា៖ «តាមរយៈការទិញអចលនទ្រព្យល្អៗនៅតាមបណ្តាទីក្រុងទាំងនេះ ដោយសង្ឃឹមថាការវិនិយោគនោះនឹងកាន់តែបង្កើនទ្រព្យសម្បត្តិរបស់ពួគេឱ្យកាន់តែរីកធំធាត់។»
បើតាមសេចក្តីរាយការណ៍ Bloombergបានគូសបញ្ជាក់បន្ថែមថា អ្នកជំនួញដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភមួយចំនួនទៀត ក៏បានបង្កើនចំនួនសាច់ប្រាក់ (allocation)របស់ពួគគេក្នុងការបង្វែរយកទៅវិនិយោគលើអចលនទ្រព្យ ព្រោះជាឱកាសអាចរកទិញអចលនទ្រព្យសក្តានុពលលក់ធូរថ្លៃ ហើយចំណេញខ្ពស់ដែលអាចជួយពង្រីកវិសាលភាពផលប័ត្រវិនិយោគរបស់ពួកគេផងដែរ។
តួយ៉ាងដូចជាមហាសេដ្ឋី Amancio Ortega ស្ថាបនិកសម្លៀកបំពាក់់យីហោ Zara និងមហាសេដ្ឋី Joseph Safra ដែលជាអ្នកជំនួញក្នុងវិស័យធនាគារ ពួកគាត់ទាំងពីររូបនេះក៏ប្រើយុទ្ធសាស្រ្តបំបែកមុខព្រួញវិនិយោគដោយផ្តោតលើវិស័យអចលនទ្រព្យ ដែលពួកគេអះអាងថាជាទ្រព្យដែលបង្កើតឱ្យមានលំហូរសាច់ប្រាក់។
នៅក្នុងសៀវភៅ The Real Book of Real Estate របស់លោក Robert Kiyosaki ដែលជាអ្នកនិពន្ធសៀវភៅហិរញ្ញវត្ថុដ៏ល្បាញមួយរូបក៏បានលើកឡើដែរថា នៅពេលដែលមានឱនភាពសេដ្ឋកិច្ចវាតែងបង្កើតវិសាលភាពនិងឱកាសសម្រាប់អ្នកទ្រព្យសម្បត្តិស្តុកស្តម្ភកាន់តែមានបានថែមទៀតយ៉ាងឆាប់រហ័ស។